អន្តរជាតិ
ជំនួបនៅបាងកក៖ ប្រមុខការទូតចិន និងទីប្រឹក្សាសន្តិសុខអាម៉េរិកតតាំងសម្ដីលើបញ្ហាតៃវ៉ាន់
28, Jan 2024 , 4:49 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសចិន វ៉ាង យី ចាប់ដៃទីប្រឹក្សាសន្តិសុខជាតិអាម៉េរិក Jake Sullivan នាជំនួបនៅបាងកក។ រូបថត Xinhua
រដ្ឋមន្រ្តីការបរទេសចិន វ៉ាង យី ចាប់ដៃទីប្រឹក្សាសន្តិសុខជាតិអាម៉េរិក Jake Sullivan នាជំនួបនៅបាងកក។ រូបថត Xinhua
រដ្ឋមន្ត្រីការបរទេសចិន វ៉ាង យី និងទីប្រឹក្សាសន្តិសុខជាតិអាមេរិក Jake Sullivan បានជួបគ្នាជាថ្មីទៀតនៅរាជធានីបាងកកនៅថ្ងៃទី២៧ ខែមករា។ សេចក្ដីថ្លែងការណ៍របស់ចិន និងអាម៉េរិក សុទ្ធតែបញ្ជាក់ថា ជំនួបនេះធ្វើឡើង​ដោយស្មោះត្រង់ និងពិតជាសំខាន់ ដោយបញ្ហាតៃវ៉ាន់នៅតែរឿងក្ដៅជាងគេ។
 
ជំនួបមន្រ្តីជាន់ខ្ពស់ចិនដែលធ្លាប់ធ្វើនៅទឹកដីអឺរ៉ុប ផ្លាស់ប្ដូរទីតាំងមកអាស៊ីវិញម្ដង។ ប្រមុខការទូតចិន វ៉ាង យី ជួបជាមួយទីប្រឹក្សាសន្តិសុខប្រធានាធិបតីអាម៉េរិក Jake Sullivan នៅបាងកក ស្របពេលមន្រ្តីទាំង២ ធ្វើទស្សនកិច្ចនៅថៃដូចគ្នា។ សំណុំរឿងកោះតៃវ៉ាន់ នៅតែប្រធានបទក្ដៅក្នុងជំនួបនេះ ដោយតំណាងមហាអំណាចទាំង២ សុទ្ធតែបានបញ្ជាក់ជាថ្មីពីជំហរឥតងាករេរបស់ខ្លួនលើបញ្ហាមួយនេះ។
 
តាមពិតទៅ ទំនាក់ទំនងរវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន មិនសូវល្អូកល្អឺនឡើយ ដោយប្រទេសទាំង២ ប៉ះទង្គិចគ្នាលើបញ្ហារសើបៗចាប់ពីវិស័យបច្ចេកវិទ្យា និងពាណិជ្ជកម្មដល់សិទ្ធិមនុស្ស ក៏ដូចជាជុំវិញកោះតៃវ៉ាន់ និងការប្រកួតប្រជែងនៅក្នុងសមុទ្រចិនខាងត្បូង។ ទំនាក់ទំនង ក៏ហាក់មានស្ថិរភាពខ្លះចាប់តាំងពីប្រធានាធិបតីអាមេរិក ចូ បៃឌិន ជួបសមភាគីចិន ស៊ី ជិនភីង កាលពីខែវិច្ឆិកា។
 
បើតាមក្រសួងការបរទេសចិន លោក វ៉ាង និងលោក Sullivan បានប្រាស្រ័យទាក់ទងគ្នាជាយុទ្ធសាស្ត្រ សំខាន់ និងប្រកបដោយផ្លែផ្កា លើអ្វីដែលមេដឹកនាំឯកភាពគ្នានៅ San Francisco និងលើការដោះស្រាយបញ្ហាសំខាន់ៗ និងរសើបក្នុងទំនាក់ទំនងចិន-អាមេរិកឱ្យបានត្រឹមត្រូវ។
 
ឯសេតវិមានវិញ អះអាងថា ភាគីទាំងពីរនឹងធ្វើការជាមួយគ្នាសម្រាប់ជំនួបតាមទូរស័ព្ទរវាងមេដឹកនាំកំពូល។ សេតវិមានបានបន្ថែមថា កិច្ចប្រជុំនេះគឺជាផ្នែកមួយនៃកិច្ចខិតខំរក្សាទំនាក់ទំនងបើកចំហ និងទទួលខុសត្រូវដើម្បីគ្រប់គ្រងការប្រកួតប្រជែងក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។
 
លើបញ្ហាតៃវ៉ាន់ ក្រសួងការបរទេសចិនស្រង់សម្ដីលោក វ៉ាង និយាយចំៗថា​ រឿងតៃវ៉ាន់នេះ ជាកិច្ចការផ្ទៃក្នុងរបស់ចិន ហើយការបោះឆ្នោតនៅតៃវ៉ាន់ មិនអាចផ្លាស់ប្តូរការពិតជាមូលដ្ឋានដែលតៃវ៉ាន់ជាផ្នែកមួយនៃប្រទេសចិន។ លើសពីនេះ ហានិភ័យដ៏ធំបំផុតចំពោះសន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់ គឺជាចលនាឯករាជ្យភាពតៃវ៉ាន់។
 
ចំណែកលោក Sullivan បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការរក្សាសន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់។ នេះបើតាមសេចក្ដីប្រកាសរបស់សេតវិមាន។
 
នាជំនួប២ថ្ងៃនេះ ភាគីទាំង២ ក៏បានលើកឡើងអំពីប្រធានបទនៅមជ្ឈិមបូព៌ា បញ្ហាអ៊ុយក្រែន កូរ៉េខាងជើង សមុទ្រចិនខាងត្បូង និងបញ្ហាអន្តរជាតិផ្សេងទៀត។ មហាអំណាចទាំង២ ក៏យល់ព្រមចាប់ផ្តើមក្រុមការងាររួមមួយស្តីពីកិច្ចសហប្រតិបត្តិការប្រឆាំងគ្រឿងញៀន ក៏ដូចជាបង្កើតការសន្ទនាអន្តររដ្ឋាភិបាលស្តីពីបញ្ញាសិប្បនិម្មិតដែរ។
 
ជាមួយគ្នានេះ សេតវិមានក៏បន្ថែមទៀតថា មន្រ្តីទាំង២ បានទទួលស្គាល់ការរីកចម្រើននាពេលថ្មីៗនេះ ក្នុងការបន្តទំនាក់ទំនងរវាងយោធា និងយោធា និងបានកត់សម្គាល់ពីសារៈសំខាន់នៃការរក្សាបណ្តាញទាក់ទងនេះ។ យ៉ាងណាមិញ រដ្ឋមន្រ្តីការពារជាតិចិន និងអាម៉េរិក នៅមិនទាន់ជួបគ្នានៅឡើយទេ៕

Tag:
 ចិន
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com