អន្តរជាតិ
និស្សិតសកលវិទ្យាល័យថៃ ត្រូវធ្វើតេស្តភាសាអង់គ្លេស ទើបអាចបញ្ចប់ការសិក្សា 29, Jan 2024 , 9:09 am
× និស្សិតសកលវិទ្យាល័យនៅថៃ ត្រូវតែងឆ្លងកាត់ការធ្វើតេស្តសមត្ថភាពភាសាអង់គ្លេសសិន មុនពេលពួកគេបញ្ចប់ការសិក្សានៅកម្រិតឧត្តមសិក្សា។ ការធ្វើតេស្តនេះ ជាការចង្អុលផ្ទាល់ដោយនាយករដ្ឋមន្រ្តី សេដ្ឋា ថាវីស៊ីន ដើម្បីជំរុញចំណេះដឹងផ្នែកភាសា ស្របពេលសិក្សាដែលចេញនៅចុងឆ្នាំមុនបង្ហាញថា សិស្សថៃមានចំណាត់ថ្នាក់ទាប។
អ្នកនាំពាក្យរដ្ឋាភិបាលថៃ Chai Wacharonke និយាយថា និស្សិតសកលវិទ្យាល័យទាំងអស់ ត្រូវធ្វើតេស្តសមត្ថភាពភាសាអង់គ្លេសតាមប្រព័ន្ធ Common European Framework of Reference for Languages (CEFR)។ សាលានីមួយៗ ជាអ្នកកំណត់វិញ្ញាសាខ្លួនឯង តែការវាយតម្លៃត្រូវអនុវត្តតាម CEFR ដែលមានចំណាត់ថ្នាក់ទាបបំផុត A1 និងខ្ពស់បំផុត C2 ។
មុនទទួលសញ្ញាប័ត្រ និស្សិតថ្នាក់ជំនាញ ត្រូវទទួលបានកម្រិតភាសាអង់គ្លេស B1 សម្រាប់ថ្នាក់បរិញ្ញាប័ត្រត្រូវមាន B2 ហើយថ្នាក់ក្រោយឧត្តមសិក្សាត្រូវមាន C1 ។ នេះបើតាមការផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍នៅថ្ងៃទី២៦ ខែមករា។ ជាមួយគ្នានេះ បណ្ដាសកលវិទ្យាល័យ ក៏ត្រូវផ្ដល់ឱកាសសម្រាប់និស្សិតទទួលបានការបណ្ដុះបណ្ដាលភាសាអង់គ្លេសឱ្យបានល្អផងដែរ។
លោក សេដ្ឋា ថាវីស៊ីន បានណែនាំឱ្យធ្វើតេស្តនេះកាលពីខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីជំរុញសមត្ថភាពភាសាអង់គ្លេសក្នុងចំណោមនិស្សិតថៃ។ ការណែនាំធ្វើឡើងក្រោយរបាយការណ៍របស់អង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍ (OECD) ចាត់ថ្នាក់កម្រិតភាសារបស់សិស្សទាប់បំផុតនៅរយៈពេល២០ឆ្នាំចុងក្រោយនេះ។ ថៃស្ថិតក្នុងចំណោមប្រទេសខ្សោយការអាន ជាមួយនឹងកូស្តារីកា ហ្វាំងឡង់ អ៊ីស្លង់ ហូឡង់ ស្លូវ៉ាគី និងស៊ុយអែត។
«នាយករដ្ឋមន្ត្រីចង់ឃើញការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព សមស្របទៅនឹងទីផ្សារការងារ ជាមួយនឹងស្តង់ដារសមត្ថភាពភាសាដែលទទួលស្គាល់ជាសាកល។» អ្នកនាំពាក្យរដ្ឋាភិបាលថៃបញ្ជាក់បែបនេះ មុនបន្តថា ការចេះស្ទាត់ភាសាអង់គ្លេស មានប្រយោជន៍សម្រាប់វិស័យទេសចរណ៍ ពាណិជ្ជកម្ម ការវិនិយោគ និងការស្រាវជ្រាវ។
បើតាមលោក Chai បណ្ដាសកលវិទ្យាល័យ ក៏ត្រូវផ្ដល់ឱកាសសម្រាប់និស្សិតទទួលបានការបណ្ដុះបណ្ដាលភាសាអង់គ្លេសឱ្យបានល្អ ទាំងកម្មវិធីសិក្សា ការបង្រៀន និងសកម្មភាពជំរុញការៀនផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com