ជាតិ
កម្ពុជា និង WFP ​ចុះ​កិច្ចព្រមព្រៀងលើទឹក​ប្រាក់​ជាង​៦៣​លាន​ដុល្លារ​ ដើម្បី​​លើក​កម្ពស់​​សន្តិសុខស្បៀង​
31, Jan 2024 , 8:59 pm        
រូបភាព
ភ្នំពេញ៖  កម្ពុជា និងអង្គការស្បៀងអាហារពិភពលោក បានចុះហត្ថលេខារួមគ្នាលើកិច្ច ព្រម​ព្រៀង​ដែលមានទឹកប្រាក់ ៦៣.៣៧៨.៥០០ ដុល្លារ​ ដើម្បីអនុវត្តផែនការយុទ្ធសាស្ត្រ​សម្រាប់ប្រទេសកម្ពុជា (CSP) ឆ្នាំ២០២៤-២០២៨។ ពិធីនេះប្រព្រឹត្តទៅ រវាង​លោកស្រី យិនទៀង ពុទ្ធិរស្មី រដ្ឋលេខាធិការក្រសួង ការបរទេសកម្ពុជា និងលោកស្រី ឃែរ ខូណាន់ (Claire Conan) តំណាង​អង្គការ WFP ប្រចាំកម្ពុជា នាថ្ងៃទី៣០ ខែមករា។
 
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស​កម្ពុជា ផែនការយុទ្ធសាស្ត្រ​សម្រាប់ ប្រទេសកម្ពុជា(CSP) ឆ្នាំ២០២៤-២០២៨​ ដែលនឹងអនុវត្តរួមគ្នាដោយ​រាជរដ្ឋា​ភិបាលកម្ពុជា និងកម្មវិធីស្បៀង​អាហារពិភពលោកនេះ នឹងចូលរួមចំណែក​​ដល់ការ​លើ​កកម្ពស់​របប​អាហារ និងសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។ តាមរយៈកិច្ចព្រម​ព្រៀងនេះ កម្ពុជានឹងទទួលបានការគាំទ្រជាជំនួយបច្ចេកទេស ​ការ​ប្រឹក្សាគោល​នយោបាយ កិច្ច​គាំពារសង្គម ប្រព័ន្ធចំណីអាហារ និងការគ្រប់គ្រងគ្រោះមហន្តរាយជាដើម ដែល​គម្រោង​ទាំងនេះ គឺស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងផែនការយុទ្ធ​សាស្ត្រអភិវឌ្ឍន៍ ជាតិកម្ពុជា។
 
ក្នុងរយៈពេលជាង៤០ឆ្នាំ​មកនេះ អង្គការកម្មវិធីស្បៀងអាហារពិភពលោក បានគាំទ្រ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់របបអាហារ និងសន្តិសុខស្បៀង និងឱ្យសម្រេច បាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ និងការអភិវឌ្ឍ សេដ្ឋកិច្ចសង្គម។ ក្រសួងការបរទេស​កម្ពុជា បន្ថែមក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនដូច្នេះ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com