អន្តរជាតិ
ក្រុមហ៊ុន Meta X និង TikTok ប្រឈម​នឹង​សំណួរ​ពិបាកៗ​ទាក់​ទិន​នឹង​សុវត្ថិភាព​កុមារ​នៅក្នុង​សវនាការ​ព្រឹទ្ធសភា​អាមេរិក
01, Feb 2024 , 9:29 pm        
រូបភាព
នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​បច្ចេកវិទ្យាព័ត៌មាន​ចូលរួម​សវនាការ​របស់​ព្រឹទ្ធសភាអាមេរិក​ស្តីពី​ការ​កេងប្រវ័ញ្ច​ផ្លូវភេទ​លើ​កុមារ​តាម​អនឡាន នៅវិមាន​សភាអាមេរិក ក្នុងរដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃពុធ ទី៣១ ខែមករា ឆ្នាំ២០២៤។
នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​បច្ចេកវិទ្យាព័ត៌មាន​ចូលរួម​សវនាការ​របស់​ព្រឹទ្ធសភាអាមេរិក​ស្តីពី​ការ​កេងប្រវ័ញ្ច​ផ្លូវភេទ​លើ​កុមារ​តាម​អនឡាន នៅវិមាន​សភាអាមេរិក ក្នុងរដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃពុធ ទី៣១ ខែមករា ឆ្នាំ២០២៤។
ដោយ: VOA
នាយក​ប្រតិបត្តិ​នៃ​ក្រុម​ហ៊ុន​ប្រព័ន្ធផ្សព្វផ្សាយ​សង្គម​ដូចជា ក្រុមហ៊ុន Meta META.O, ក្រុមហ៊ុន X ក្រុមហ៊ុន TikTok ក្រុមហ៊ុន Snap SNAP.N, និង​ក្រុម​ហ៊ុន Discord ប្រឈម​នឹង​សំណួរ​ពិបាកៗ​ទាក់ទិន​នឹង​កិច្ច​ខិត​ខំប្រឹង​ប្រែង​របស់​ពួកគេ​ក្នុង​ការ​ប្រយុទ្ធប្រឆាំង​នឹងការកេង​ប្រវ័ញ្ច​ផ្លូវភេទ​លើ​កុមារ​តាមប្រព័ន្ធអ៊ីនធឺណិត ​នៅ​ក្នុង​សវនាការ​របស់​សភា​អាមេរិក​ កាលពីថ្ងៃទី៣១ មករា​។ នេះបើយោង​តាម​សារព័ត៌មាន Reuters។​


សមាជិក​ព្រឹទ្ធសភា​លោក Dick Durbin ប្រធានគណៈកម្មាធិការប្រជាធិបតេយ្យ បាន​លើក​ឡើង​ពី​ស្ថិតិរបស់​មជ្ឃមណ្ឌល​ជាតិ​សម្រាប់​កុមារ​ដែល​បាត់​ខ្លួន​និង​ត្រូវបាន​កេងប្រវញ្ច​ ដោយបាន​បង្ហាញ​ថា «ឧក្រិដ្ឋ​កម្ម​ផ្លូវភេទ» ដែល​ក្នុង​នោះ​មាន​អ្នក​កេងប្រវ័ញ្ច​ម្នាក់​បញ្ឆោត​កុមារ​ម្នាក់​ឲ្យ​ផ្ញើរ​រូប​និង​វីដេអូ បានកើន​ឡើង​ខ្លាំង​ កាលពីឆ្នាំ​ ២០២៣។​
 
លោក Durbin​ បាន​និយាយ​នៅ​ក្នុង​សវនាការ​នោះថា៖ «កំណើន​នៃ​ការ​កេងប្រវ័ញ្ច​ផ្លូវភេទ​កុមារ​ដ៏​គួរឲ្យ​បារម្ភ​នេះ​ ត្រូវបាន​ជំរុញ​ដោយ​កត្តា​មួយ គឺ​ការ​ផ្លាស់ប្តូរ​របស់​បច្ចេកវិទ្យា»។
 
នៅ​ក្នុង​បន្ទប់​សវនាការ​ ឪពុកម្តាយ​ជាច្រើននាក់បាន​ឈរ​រង់ចាំ​នាយក​ប្រតិបត្តិ​នៃបណ្តា​ក្រុម​ហ៊ុន​ទាំង​នោះ​ដើម្បី​មក​ចូល​រួម​ ដោយបាន​លើក​រូបថតរបស់​កូន​ៗ​របស់ពួកគេ។​
 
សមាជិក​សភា​ម្នាក់​ទៀត​គឺ​លោក Lindsey Graham ​បាន​និយាយ​សំដៅ​ទៅនាយកប្រតិបត្តិ​នៃក្រុម​ហ៊ុន Meta META.O គឺ​លោក Mark Zuckerberg ថា៖ «លោកZuckerberg លោក​និង​ក្រុម​ហ៊ុន​ផ្សេង​ទៀត​នៅទីនេះ ខ្ញុំដឹង​ថា​ លោក​មិន​ចង់​ឲ្យ​វា​កើត​ឡើង​ទេ ប៉ុន្តែដៃ​លោក​ប្រលាក់​ឈាម​។ ផលិតផល​របស់​លោក​កំពុង​សម្លាប់​មនុស្ស»។
 
សវនាការ​នា​ថ្ងៃពុធ​នេះ​ ​ក៏​ជា​លើក​ទី ១ ​ដែល​នាយកប្រតិបត្តិ​នៃ​ក្រុម TikTok គឺ​លោក​ Shou Zi Chew ​បានបង្ហាញ​ខ្លួន​ចំពោះ​មុខសមាជិកសភាសហរដ្ឋ​អាមេរិក តាំង​ពីខែ​មីនា​មក គ្រាដែល​ក្រុម​ហ៊ុន​ផលិត​កម្មវិធី​វីដេអូ​ខ្លី​ៗរបស់​ចិន​មួយ​នេះប្រឈម​នឹង​ការ​សួរ​សំណួរពិបាកៗ ​រួម​មាន​មតិ​យោបល់​មួយ​ចំនួន​ដែល​ថា ​កម្មវិធី​នោះ​កំពុង​បំផ្លាញ​សុខភាព​ផ្លូវចិត្ត​របស់​កុមារ៕​

© រក្សាសិទ្ធិដោយ thmeythmey.com