អន្តរជាតិ
អាមេរិកត្រៀម «វិធានការជាច្រើន» ដើម្បីរារាំងក្រុមគាំទ្រអុីរ៉ង់
02, Feb 2024 , 7:59 am        
រូបភាព
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅសេតវិមាន ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃអង្គារ ទី៣០ ខែមករា ឆ្នាំ២០២៤។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅសេតវិមាន ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃអង្គារ ទី៣០ ខែមករា ឆ្នាំ២០២៤។
ដោយ: VOA
ខណៈពេល​ដែល​សហរដ្ឋ​អាមេរិក​ត្រៀម «វិធានការ​ជាច្រើន» ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​វាយ​ប្រហារ​ដោយ​ដ្រូន​របស់​ក្រុម​សកម្ម​ប្រយុទ្ធ​ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់​ដែល​បាន​សម្លាប់​ទាហាន​អាមេរិកាំង ៣ នាក់ ក្រុម Kataib Hezbollah ដែល​ជា​ក្រុម​គាំទ្រអ៊ីរ៉ង់​ដ៏​មាន​ឥទ្ធិពល​ខ្លាំង​មួយ​នៅ​អ៊ីរ៉ាក់ បាន​ប្រកាស​ផ្អាក​រាល់​ប្រតិបត្តិការ​យោធា​ទាំងអស់​ប្រឆាំង​នឹង​កងទ័ព​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​តំបន់។


ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​ប្រាប់​អ្នក​កាសែត​កាលពី​ថ្ងៃ​អង្គារ​ថា លោក​បាន​សម្រេច​ចាត់​វិធានការ​យោធា​ដើម្បី​ឆ្លើយតប​ទៅនឹង​ការ​វាយ​ប្រហារ​លើ​មូលដ្ឋាន​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ប្រទេស​ហ្ស៊កដានី​ជិត​ព្រំដែន​អ៊ីរ៉ាក់​និង​ស៊ីរី​ដែល​បាន​សម្លាប់​ទាហាន​អាមេរិកាំង ៣ នាក់​និង​ធ្វើ​ឱ្យ​ទាហាន​ជាង ៤០ នាក់​ទៀត​រង​របួស។
 
ទាំង​លោក Biden និង​មន្ត្រី​របស់​លោក​មិន​បាន​ផ្ដល់​សេចក្ដី​លម្អិត​ណា​មួយ​អំពី​រឿង​នេះ​ទេ។ ប៉ុន្តែ​អ្នក​នាំពាក្យ​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក​លោក John Kirby បាន​ប្រាប់​អ្នក​កាសែត​នៅ​លើ​យន្តហោះ Air Force One ថា គោល​បំណង​គឺ​ដើម្បី​ធានា​ថា សហរដ្ឋ​អាមេរិក​ធ្វើ​ឱ្យ​សមត្ថភាព​របស់​ក្រុម​សកម្ម​ប្រយុទ្ធ​ទាំង​នោះ​ចុះខ្សោយ​ក្នុង​ការ​វាយ​ប្រហារ​លើ​ទាហាន​និង​ទីតាំង​យោធា​សហរដ្ឋ​អាមេរិក ហើយ​ស្រប​ពេល​នោះ​ដែរ បញ្ជូន «សញ្ញា​ដ៏​ខ្លាំងក្លា​មួយ​ទៅកាន់​អ្នក​គាំទ្រ​ក្រុម​ទាំងនោះ» នៅ​ក្នុង​កងទ័ព​អ៊ីរ៉ង់។
 
ការ​វាយ​ប្រហារ​កាលពី​ថ្ងៃ​អាទិត្យ​លើ​មូលដ្ឋាន​យោធា​សហរដ្ឋ​អាមេរិក​បាន​សម្លាប់​ទាហាន​អាមេរិកាំង​ដំបូង​បំផុត​នៅ​តំបន់​មជ្ឈិម​បូព៌ា​តាំងពី​ពេល​ដែល​សង្គ្រាម​រវាង​អ៊ីស្រាអែល​និង​ក្រុម​ហាម៉ាស់​ បាន​ផ្ទុះឡើង​នៅ​ក្នុង​តំបន់​ហ្កាហ្សា​ កាលពី​ថ្ងៃ​ទី ៧ ខែ​តុលា​ឆ្នាំ​មុន​មក។
 
ក្រុម​តស៊ូ​អ៊ិស្លាម​នៅ​អ៊ីរ៉ាក់ (Islamic Resistance in Iraq) ដែល​ជា​ក្រុម​មេ​របស់​ក្រុម​សកម្ម​ប្រយុទ្ធ​ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់​ទាំងនេះ បាន​អះអាង​ទទួល​ខុសត្រូវ​ចំពោះ​ការ​វាយ​ប្រហារ​នេះ។
ក្រសួង​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ថា ការ​វាយ​ប្រហារ​ដោយ​ដ្រូន​នេះ​មាន «ស្លាកស្នាម» ​បន្សល់ទុក​របស់​ក្រុម​កងជីវពល Kataib Hezbollah ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់​នៅ​អ៊ីរ៉ាក់ បើ​ទោះបីជា​សហរដ្ឋ​អាមេរិក​មិន​បាន​បញ្ជាក់​ចុងក្រោយ​ថា​អ្នកណា​ជា​អ្នក​ទទួល​ខុសត្រូវ​ក៏ដោយ។
 
កាលពី​ថ្ងៃ​ទី៣០ មករា ក្រុម Kataib Hezbollah បាន​បញ្ជាក់​ថា ការ​ផ្អាក​ប្រតិបត្តិការ​យោធា​របស់​ខ្លួន​ប្រឆាំង​នឹង​ទាហាន​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​តំបន់​គឺ​ធ្វើឡើង «ដើម្បី​បង្ការ​កុំ​ឱ្យ​រដ្ឋាភិបាល​អ៊ីរ៉ាក់​បាក់​មុខ»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com