អន្តរជាតិ
អ៊ុយក្រែន ទទួលជំនួយថ្មីពីអឺរ៉ុបទំហំ ៥៤ពាន់លានដុល្លារ មុនខួបរុស្ស៊ីឈ្លានពាន
02, Feb 2024 , 10:09 am        
រូបភាព
ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel (ស្តាំ) និងប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី។ រូបភាព Xinhua
ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel (ស្តាំ) និងប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី។ រូបភាព Xinhua
មេដឹកនាំសហភាពអឺរ៉ុប (EU) បានយល់ព្រមជាឯកច្ឆ័ន្ទ នៅថ្ងៃទី១ ខែកុម្ភៈ ដើម្បីបន្តផ្តល់ជំនួយថ្មីក្នុងទំហំ ៥៤ ពាន់លានដុល្លារដល់អ៊ុយក្រែន ក្រោយហុងគ្រីវេតូកាលពីខែធ្នូកន្លងទៅ។ ការអនុម័តនេះ ធ្វើឡើងមុនខួបរុស្ស៊ីឈ្លានពានអ៊ុយក្រែនរយៈពេល ២ឆ្នាំ។
 
ជាដំណឹងដ៏ល្អមួយ អ៊ុយក្រែន បានទទួលកញ្ចប់ជំនួយថ្មី ក្នុងទំហំជាច្រើនពាន់លានដុល្លារពីសហភាពអឺរ៉ុប ស្របពេលជំនួយសន្តិសុខ និងសេដ្ឋកិច្ចសម្រាប់ប្រទេសនៅតំបន់អឺរ៉ុបខាងកើតមួយនេះ កំពុងតែរីងស្ងួត។ 
 
«ពួកយើងមានកិច្ចព្រមព្រៀងមួយ។»។ ប្រធានក្រុមប្រឹក្សាអ៊ឺរ៉ុប លោក Charles Michel បានប្រកាសលើបណ្ដាញសង្គមX បែបនេះនៅថ្ងៃទី១ ខែកុម្ភៈ ដើម្បីបញ្ជាក់ពីការអនុម័តកញ្ចប់ជំនួយបន្ថែម ៥៤ពាន់លានដុល្លារ។ 
 
បន្ទាប់ពីការអនុម័តខាងលើ មេដឹកនាំអ៊ុយក្រែន បានបង្ហាញការពេញចិត្តជាខ្លាំង និងអរគុណអឺរ៉ុប សម្រាប់ការជួយរក្សាស្ថិរភាពហិរញ្ញវត្ថុ និងសេដ្ឋកិច្ចរបស់ប្រទេសខ្លួន ដែលមានសង្គ្រាមជិតឈានចូលឆ្នាំទីបី។ 
 
«វាពិតជាសំខាន់ណាស់ ដែលមេដឹកនាំទាំង ២៧ប្រទេសបានអនុម័ត ហើយជាថ្មីម្តងទៀតបានបង្ហាញពីការរួបរួមដ៏រឹងមាំរបស់អឺរ៉ុប»។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានបង្ហោះសំណេរមួយលើបណ្តាញសង្គម X នៅក្នុងថ្ងៃដដែលនោះ។
 
រដ្ឋាភិបាលក្រុងកៀវ ដែលពឹងផ្អែកយ៉ាងខ្លាំងលើជំនួយលោកខាងលិចដើម្បីប្រយុទ្ធទល់នឹងក្រុងមូស្គូ រំពឹងនឹងទទួលបានជំនួយដំបូងប្រមាណ ៤,៨ ពាន់លានដុល្លារ នៅខែមីនាក្នុងទំហំជំនួយ ៥៤ពាន់លានដុល្លារ។ ការទទួលបានជំនួយនេះ ធ្វើឡើងស្របពេលសភាអាម៉េរិកមិនទាន់ផ្តល់ភ្លើងបៃតងសម្រាប់កញ្ចប់ជំនួយថ្មីឡើយ។ 
 
នៅក្នុងខែធ្នូ ឆ្នាំ២០២៣ កញ្ចប់ជំនួយនេះ ក៏រងការបដិសេធពីហុងគ្រីផងដែរ។ ចុងក្រោយ ហុងគ្រី បានចូលរួមឯកភាពលើជំនួយខាងលើ ដោយសាររដ្ឋាភិបាលក្រុងប៊ុយដាប៉េស ទទួលបានការធានាថា ជំនួយនឹងត្រូវបានប្រើប្រាស់យ៉ាងត្រឹមត្រូវ និងមិនប៉ះពាល់ថវិកាពីមូលនិធិសហភាពអឺរ៉ុបឡើយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារ Reuters។ 
 
កន្លងមក សហភាពអឺរ៉ុប បានរឹតត្បិតហុងគ្រី ដែលជាសមាជិកមួយរបស់ខ្លួន មិនឱ្យទទួលបានកញ្ចប់ជំនួយពីមូលនិធិសហភាពអឺរ៉ុប ក្រោមហេតុផលបង្កឱ្យមានផលប៉ះពាល់ដល់ប្រជាធិបតេយ្យ។ ហុងគ្រី ជាប្រទេសមួយស្និទ្ធនឹងរុស្ស៊ីផង។ 
 
ត្រង់ចំណុចនេះ មន្រ្តីទូតមួយរូបបានបញ្ជាក់ថា ដើម្បីទទួលបានការឯកភាពពីហុងគ្រី សហភាពអឺរ៉ុប ត្រូវសម្រេចមិនប៉ះពាល់កញ្ចប់មូលនិធិសហភាពអឺរ៉ុបជាច្រើនពាន់លានដុល្លារ និងរង់ចាំរហូតដល់រដ្ឋាភិបាលក្រុងប៊ុយដាប៉េសគោរពបានគ្រប់លក្ខខណ្ឌ៕ 

Tag:
 អ៊ុយក្រែន
  រុស្ស៊ី
  សហភាពអឺរ៉ុប
© រក្សាសិទ្ធិដោយ thmeythmey.com