ជាតិ
សេដ្ឋកិច្ច
រដ្ឋាភិបាលកំណត់យកថ្ងៃទី២៧មិថុនា ជាទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម 02, Feb 2024 , 10:39 am
ដំណើរការកែច្នៃគ្រាប់ស្វាយចន្ទី របស់សិប្បកម្មកែច្នៃជ័យសំបូរ ។ រូបភាព៖ ឈុំ ចន្ថា
× ប្រមុខរដ្ឋាភិបាលសម្តេច ហ៊ុន ម៉ាណែត សម្រេចកំណត់យកថ្ងៃទី២៧ ខែមិថុនា ជារៀងរាល់ឆ្នាំ ជាទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម ដើម្បីលើកកម្ពស់ និងផ្តល់តម្លៃដល់វិស័យសហគ្រាសនៅកម្ពុជា។ នេះបើយោងតាមអនុក្រឹត្យដែលសម្តេចបានសម្រេច នៅថ្ងៃទី២៩មករា ឆ្នាំ២០២៤ ដោយបានបញ្ជាក់ថា ទិវានេះ នឹងជួយបង្កើតការងារ ជាពិសេសជំរុញការផ្គត់ផ្គង់ខ្សែច្រវ៉ាក់ផលិតកម្ម និងពង្រីកទីផ្សារក្នុងស្រុក និងអន្តរជាតិ។
ទិវាជាតិសហគ្រាសធុនមីក្រូតូច និងមធ្យមប្រចាំឆ្នាំនេះ នឹងត្រូវរៀបចំដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ និងនវានុវត្តន៍ ដែលមានកិច្ចសហការជាមួយក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ សហគ្រាសសាធារណៈ សហគ្រាសឯកជន សមាគម សហគមន៍ គ្រឹះស្ថានសិក្សា និងភាគីពាក់ព័ន្ធនានា។
អនុក្រឹត្យរបស់សម្តេច ហ៊ុន ម៉ាណែត បានបញ្ជាក់ថា៖ « ភាគីពាក់ព័ន្ធទាំងអស់ត្រូវចូលរួមបំផុសស្មារតីគាំទ្រទិវាជាតិនេះ និងសហការរៀបចំការតាំងបង្ហាញនូវផលិតផលជាស្នាដៃរបស់ផលិតករ សេវាករ អាជីវករ និងសិប្បករក្នុងស្រុក»។
របាយការណ៍ពីក្រសួងឧស្សាហកម្ម វិទ្យសាស្ត្រ និងនវានុវត្តន៍បានបង្ហាញថា គិតត្រឹមខែមករា ឆ្នាំ២០២៤ មានសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម ចំនួន ៤៤ ៥១៤ មូលដ្ឋាន បានចុះបញ្ជី ដោយក្នុងនោះ មានសហគ្រិន ជាស្រ្តី ៨ ០១១ មូលដ្ឋាន។ ដោយឡែក កម្លាំងពលកម្មសរុបនៅក្នុងវិស័យនេះ គឺមាន ៤៦១ ៦១៤ នាក់ ក្នុងនោះ ស្រ្តី ១៣៤ ៧៤៩ នាក់)៕
Tag:
ទិវាជាតិសហគ្រាសធុនមីក្រ តូច និងមធ្យម
© រក្សាសិទ្ធិដោយ thmeythmey.com