ជាតិ
សង្គមជាតិ
អ្នកនាំពាក្យ៖ យើងមិនឱ្យពលរដ្ឋនៅតំបន់រុនតាឯក បាត់បង់ផលប្រយោជន៍ឡើយ
02, Feb 2024 , 6:16 pm        
រូបភាព
លោក តូច ចាន់នី អគ្គនាយកនៃអគ្គនាយកដ្ឋានសេវាសង្គមកិច្ច និងជាអ្នកនាំពាក្យ។ រូបភាព៖ ហ្វេសប៊ុកក្រសួងសង្គមកិច្ច។
លោក តូច ចាន់នី អគ្គនាយកនៃអគ្គនាយកដ្ឋានសេវាសង្គមកិច្ច និងជាអ្នកនាំពាក្យ។ រូបភាព៖ ហ្វេសប៊ុកក្រសួងសង្គមកិច្ច។
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អះអាងថា រដ្ឋាភិបាលកំពុងចាត់វិធានការដោះស្រាយ ពាក់ព័ន្ធនឹងបញ្ហាថវិកាប័ណ្ណក្រីក្ររបស់ពលរដ្ឋ នៅតំបន់រុនតាឯក។ នេះបើតាមសេចក្ដីបំភ្លឺរបស់ក្រសួងសង្គមកិច្ច។
 

ក្រសួងស្រាយបំភ្លឺបែបនេះ ដើម្បីឆ្លើយតបនឹងសេចក្ដីថ្លែងការណ៍បក្សកម្លាំងជាតិ ដែលបានអំពាវនាវឱ្យរដ្ឋាភិបាល ចេញមុខដោះស្រាយលើរឿងរ៉ាវតវ៉ារបស់ពលរដ្ឋរុនតាឯក។ បក្សកម្លាំងជាតិថា ពលរដ្ឋផ្ទុះការតវ៉ាឡើង ដោយសារភាពមិនច្បាស់លាស់ នៃការអនុវត្តគោលនយោបាយជាតិរបស់រដ្ឋាភិបាល លើគោលការណ៍ផ្ដល់ប័ណ្ណក្រីក្រដល់ពលរដ្ឋ ពិសេសការកាត់បន្ថយចំនួនទឹកប្រាក់ចេញពីប័ណ្ណក្រីក្រ។ 

លោក តូច ចាន់នី អ្នកនាំពាក្យក្រសួងសង្គមកិច្ច ចាត់ទុកការលើកឡើងរបស់ បក្សកម្លាំជាតិ ជាការកេងចំណេញផ្នែកនយោបាយ។ ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗតាមទូរស័ព្ទនៅថ្ងៃទី២ កុម្ភៈ លោកពន្យល់ថា ការកាត់បន្ថយថវិកាពីប័ណ្ណក្រីក្ររបស់ពលរដ្ឋ នៅតំបន់រុនតាឯក រួមទាំងតំបន់មួយចំនួនទៀត គឺដោយសារស្ថានភាពពលរដ្ឋមានភាពប្រសើរឡើងវិញ។ លោក អះអាងថា រដ្ឋមិនឱ្យពលរដ្ឋនៅតំបន់រុនតាឯកបាត់អត្ថប្រយោជន៍ឡើយ។ 

«យើងត្រូវដឹងថា ការផ្ដល់ថវិកាតាមរយៈប័ណ្ណក្រីក្រ គឺជាការផ្ដល់ជំនួយបណ្ដោះអាសន្ន ក្នុងស្ថានភាពប្រឈមណាមួយ។ ជាក់ស្ដែង អំឡុងពេលកូវីដ-១៩ រដ្ឋាភិបាលបានអនុវត្តគោលនយោបាយនេះ ហើយបច្ចុប្បន្ន ស្ថានភាពកូវីដ-១៩ បានធូរស្រាល ពលរដ្ឋអាចចេញចូល ប្រកបមុខរបរបាន។ ដូច្នេះ កម្រិតក្រីក្ររបស់ពួកគាត់ ឬចំនួនថវិការបានថយចុះ។ យ៉ាងណា! រដ្ឋកំពុងដោះស្រាយ ហើយយើងនឹងគុណបំពេញបន្ថែមវិញ តែតំបន់រុនតាឯកទេ!»។ លោក តូច ចាន់នី ពន្យល់បែបនេះ ។

កាលពីថ្ងៃទី២៧ មករា អាជ្ញាធរខេត្តសៀមរាប ក៏បានចុះទៅជួបពិភាក្សា និងប្រមូលសំណូមពររបស់ប្រជាពលរដ្ឋ ដែលស្ម័គ្រចិត្តចាកចេញពីតំបន់រមណីយដ្ឋានអង្គរ ទៅរស់នៅក្នុងតំបន់រុនតាឯក ជុំវិញបញ្ហាសាច់ប្រាក់ឧបត្ថម្ភនេះដែរ។ ក្រោយជួបពិភាក្សាគ្នាហើយ រដ្ឋបាលខេត្តសៀមរាប សន្យាយកសំណូមពរ និងព័ត៌មានទាំងនោះ រាយការណ៍មកកាន់រដ្ឋាភិបាល៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com