ភ្នំពេញ៖ ក្រោយមានការចែកចាយលិខិតអំពាវនាវរបស់សាលាបឋមសិក្សាមួយនៅភ្នំពេញ ដែលស្នើដល់អាណាព្យាបាលសិស្សជួយឧបត្ថម្ភថវិកាតាមការស្ម័គ្រចិត្តចំនួន ១ម៉ឺនរៀល ក្នុង១ឆ្នាំ បានធ្វើឱ្យមានការវែកញែកជាច្រើន។ ជុំវិញបញ្ហានេះ ក្រសួងអប់រំ បានសេចក្ដីបំភ្លឺចំនួន ៧ចំណុច ដោយបញ្ជាក់ថា ក្រសួង បានហាមឃាត់ដាច់ខាត លើការតម្រូវឱ្យប្រមូលថវិកាពីសិស្ស មាតាបិតា អ្នកអាណាព្យាបាលខុសពីគោលការណ៍ណែនាំ។
នាពេលថ្មីៗនេះ អាណាព្យាបាលសិស្សមួយរូប បានបង្ហោះលិខិតអំពាវនាវរបស់សាលាបឋមសិក្សាមួយក្នុងរាជធានីភ្នំពេញ ទាក់ទងនឹងការជួយបង់ប្រាក់លើទឹកស្អាត អគ្គិសនី និងសេវាអនាម័យ។ អាណាព្យាបាលសិស្សរូបនោះ មិនពេញចិត្តនឹងសាលា ដែលឱ្យជួយឧបត្ថម្ភថវិកាតាមការស្ម័គ្រចិត្តចំនួន ១ម៉ឺនរៀល ក្នុង១ឆ្នាំ។
បន្ទាប់ពីមានការជជែកគ្នានៅលើបណ្ដាញសង្គម ទាក់ទងនឹងបញ្ហានេះ ក្រសួងអប់រំ បំភ្លឺថា ក្រសួងបានហាមឃាត់ដាច់ខាត លើការតម្រូវឱ្យប្រមូលថវិកាពីសិស្ស មាតាបិតា អ្នកអាណាព្យាបាលខុសពីគោលការណ៍ណែនាំ។ ប៉ុន្តែមុននឹងឈានដល់ការកៀរគរថវិកានេះ ក្រសួងតម្រូវឱ្យមានការប្រជុំ ដោយមានការឯកភាពពីគណៈកម្មការគ្រប់គ្រងសាលារៀន មាតាបិតា និងអ្នកអាណាព្យាបាលសិស្សយ៉ាងតិចសំឡេងគាំទ្រលើសពី ៨០ភាគរយ ទើបអាចចាត់ទុកជាផ្លូវការ។
រូបភាពតំណាង។ រូបភាពពីក្រសួងអប់រំ យុវជន និងកីឡា
ក្រសួង បញ្ជាក់ថា ថវិកាទាំងអស់ដែលទទួលបានស្ថិតក្រោមការគ្រប់គ្រង និងប្រើប្រាស់ប្រកបដោយតម្លាភាព តាមរយៈការសម្រេចពីគណៈកម្មការគ្រប់គ្រងសាលារៀន។ ដោយឡែក គ្រួសារសិស្សដែលពុំមានលទ្ធភាព ត្រូវបានលើកលែងពីការចូលរួមបដិភាគគ្រប់ប្រភេទ។
បើតាមក្រសួងអប់រំ នាពេលកន្លងទៅ មាតាបិតា អ្នកអាណាព្យាបាល និងសិស្សានុសិស្ស បានសំណូមពរឱ្យបំពាក់កង្ហារ ម៉ាស៊ីនត្រជាក់ បន្ទប់កុំព្យូទ័រ បន្ទប់ពិសោធន៍ ការបង្រៀនបែបឌីជីថល ការរៀបចំបរិស្ថានបៃតង និងលើកកម្ពស់អនាម័យផាសុកភាពនៅសាលារៀន។ បន្ទាប់ពីសាលារៀនធ្វើតាមសំណូមពរនេះ បានធ្វើឱ្យចំណាយលើការបង់អគ្គិសនី ទឹក និងសំរាម កើនឡើង ដែលនាំឱ្យថវិកាដំណើរការសាលារៀនមិនអាចទ្រទ្រង់រួច។
រូបភាពតំណាង។ រូបភាពពីក្រសួងអប់រំ យុវជន និងកីឡា
ការណ៍នេះ តម្រូវឱ្យគណៈកម្មការគ្រប់គ្រងសាលារៀន ស្វែងរកថវិកាបន្ថែមពីសប្បុរសជន និងការចូលរួមឧបត្ថម្ភដោយស្ម័គ្រចិត្តពីមាតាបិតា អ្នកអាណាព្យាបាល។ ក្នុងសេចក្ដីបំភ្លឺ ក្រសួងអប់រំ បានបង្ហាញពីកញ្ចប់ថវិកានៃរបស់គ្រឹះស្ថានសិក្សាសាធារណៈដែលទទួលបានពីមូលនិធិដំណើរការសាលារៀនប្រចាំឆ្នាំជាមធ្យម ១៦លានរៀល សម្រាប់ដំណើរការរដ្ឋបាលសាលារៀន និងគាំទ្រការរៀន និងបង្រៀន។
«ជាក់ស្ដែងផ្អែកតាមសំណូមពរ មាតាបិតា និងតម្រូវការខាងលើធ្វើឱ្យចំណាយទៅលើថ្លៃទឹក ភ្លើង និងសំរាមកើនឡើងពី៥ ទៅ១០ដង នៃទំហំថវិកាដែលសាលារៀនបានទទួលពីរដ្ឋសម្រាប់ចំណាយខាងលើ»។ នេះជាខ្លឹមសារក្នុងសេចក្ដីបំភ្លឺរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលចេញផ្សាយថ្ងៃទី២ ខែកុម្ភៈ។
ទន្ទឹមនឹងនេះ ក្រសួងអប់រំ កំពុងអនុវត្តនូវអធិការកិច្ចនៅតាមគ្រឹះស្ថានសិក្សា ដើម្បីពង្រឹងដល់ដំណើរការ អភិបាលកិច្ចសាលារៀន និងលើកកម្ពស់ប្រសិទ្ធភាពនៃការប្រើប្រាស់ថវិកាដំណើរការសាលា ដែលរួម មានថវិកាទទួលបានពីរដ្ឋ និងការចូលរួមពីសប្បុរសជន។
រូបភាពតំណាង។ រូបភាពពីក្រសួងអប់រំ យុវជន និងកីឡា
សូមបញ្ជាក់ថា ក្នុងឆ្នាំសិក្សាថ្មីនេះ ដើម្បីលើកកម្ពស់គុណភាពអប់រំ និងលើកកម្ពស់អភិបាលកិច្ចសាលារៀនគ្រប់កម្រិតចាប់ពីមត្តេយ្យសិក្សា ដល់មធ្យមសិក្សា ក្រសួងអប់រំ កំពុងជំរុញការអនុវត្តស្តង់ដាសាលារៀនគំរូ ចំនួន ៥ រួមមាន លទ្ធផលសិក្សារបស់សិស្ស, ការបង្រៀន និងរៀន, ការចូលរួមរបស់សហគមន៍, ដំណើរប្រតិបត្តិការ និងរដ្ឋបាលសាលារៀន និងគណនេយ្យភាពរបស់សាលារៀន។
ដើម្បីឱ្យការអនុវត្តស្តង់ដាសាលារៀនគំរូ មានដំណើរការល្អ កើតឡើងតាមរយៈការពង្រឹងការគ្រប់គ្រងសាលារៀន ដោយការបង្កើតគណៈកម្មការគ្រប់គ្រងសាលារៀន គណៈកម្មការគ្រប់គ្រងថ្នាក់រៀន ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន សហគមន៍ និងមាតាបិតា ដើម្បីដោះស្រាយបញ្ហាប្រឈមនៅក្នុងសាលារៀន និងធានាបាននូវការគ្រប់គ្រង ប្រកបដោយប្រសិទ្ធភាពផងដែរ។ នេះបើតាមសេចក្ដីបំភ្លឺដដែល៕