អន្តរជាតិ
អាមេនី មិនអាចពឹងផ្អែកយោធាតែលើរុស្ស៊ី ហើយចង់ងាករកអាម៉េរិក និងបារាំងវិញ
03, Feb 2024 , 2:00 pm        
រូបភាព
នាយករដ្ឋមន្ត្រីអាមេនី លោក Nikol Pashinyan (ឆ្វេង) ចាប់ដៃជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅក្នុងខែធ្នូ ឆ្នាំ២០២៣។ រូបភាព AFP
នាយករដ្ឋមន្ត្រីអាមេនី លោក Nikol Pashinyan (ឆ្វេង) ចាប់ដៃជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅក្នុងខែធ្នូ ឆ្នាំ២០២៣។ រូបភាព AFP
នាយករដ្ឋមន្ត្រីអាមេនី លោក Nikol Pashinyan នៅថ្ងៃទី២ ខែកុម្ភៈ បានលើកឡើងថា អាមេនីមិនអាចបន្តពឹងផ្អែកលើរុស្ស៊ីទាំងស្រុងបានទៀតនោះទេ ព្រោះក្រុងមូស្កូបានធ្វើឱ្យខកចិត្តម្ដងហើយម្ដងទៀត។ រុស្ស៊ី ជាដៃគូសម្រាប់ការការពារចម្បងរបស់អាមេនី។ ហេតុនេះ ទីក្រុងយ៉េរ៉េវ៉ាន់ត្រូវបង្ខំចិត្តពង្រឹងទំនាក់ទំនងជាមួយអាម៉េរិក និងបារាំងវិញ។
អាមេនីដែលជាអតីតរដ្ឋសហភាពសូវៀត និងមានព្រំប្រទល់ជាប់នឹងហ្សកហ្ស៊ី អាស៊ែបៃហ្សង់ អ៊ីរ៉ង់ និងតួកគី​ បានពឹងផ្អែកលើរុស្ស៊ីជាសម្ព័ន្ធមិត្តមហាអំណាច និងធ្វើជាម្ចាស់ផ្ទះមូលដ្ឋានយោធារុស្ស៊ីនៅក្រុង Gyumri ចម្ងាយប្រហែល ៩០ គីឡូម៉ែត្រភាគពាយព្យនៃរដ្ឋធានី យ៉េរ៉ាវ៉ាន់ និងកន្លែងសំខាន់ៗផ្សេងទៀត។
 
ប៉ុន្តែលោក Pashinyan ដែលជាអតីតអ្នកកាសែតដែលបានឡើងកាន់អំណាចក្នុងឆ្នាំ ២០១៨ បានលើកឡើងពីមូលដ្ឋានគ្រឹះនៃសម្ព័ន្ធភាពជាមួយរុស្ស៊ីថា មិនមានប្រសិទ្ធិភាព។
 
«យើងត្រូវយល់ថាតើនរណាដែលយើងពិតជាអាចរក្សាទំនាក់ទំនងបច្ចេកទេស-យោធា និងការពារជាតិជាមួយ»។ លោក Pashinyan ឆ្លើយតបទៅកាន់សំណួរអំពីកំណែទម្រង់ កងកម្លាំងប្រដាប់អាវុធទៅកាន់វិទ្យុសាធារណៈអាមេនីបែបនេះរួចបន្តថា ពីមុនបញ្ហានេះ គឺសាមញ្ញ​ ប៉ុន្តែបច្ចុប្បន្នតម្រូវការផ្នែកការពារគឺចាំបាច់។
លោកបញ្ជាក់ផងដែរថា អាមេនីគួរតែគិតអំពីអ្វីដែលទំនាក់ទំនងសន្តិសុខរបស់ខ្លួនអាច កសាង​ និងដើរជាមួយអាម៉េរិក បារាំង ឥណ្ឌា និងហ្សកហ្ស៊ីវិញ។
 
ក្រៅពីនេះលោកក៏គិតគូរពីការបន្តសមាជិកភាពរបស់អាមេនីក្នុងអង្គការសន្ធិសញ្ញាសន្តិសុខសមូហភាពដឹកនាំដោយរុស្ស៊ី (CSTO) ឬយ៉ាងណា ខណៈសម្គាល់ថា អាមេនីត្រូវការយុទ្ធសាស្ត្រសន្តិសុខជាតិថ្មី ហើយនឹងពង្រឹងកងទ័ពរបស់ខ្លួន។ ជុំវិញរឿងនេះ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីខែមុនបានបញ្ជាក់ថា ការចាកចេញពី CSTO មិនជាផល ប្រយោជន៍របស់អាមេនីនោះទេ។
 
រុស្ស៊ីបានបរាជ័យក្នុងការការពារអាមេនីនៅពេលដែលអាស៊ែបៃហ្សង់កាលពីឆ្នាំមុនបានបើក ប្រតិបត្តិការយោធាលឿនមួយដែលបានគ្រប់គ្រងឡើងវិញលើតំបន់ Nagorno-Karabakh ដែលបង្កឱ្យមានលំហូរភៀសខ្លួននៃជនជាតិអាមេនីដែលរស់នៅទីនោះ។
 
រុស្ស៊ី បានបញ្ជាក់ថា នេះជាការការបរាជ័យផ្ទាល់ខ្លួនរបស់អាមេនីក្នុងការបង្កការប្រឈមមុខដ៏ស្មុគស្មាញនៅតំបន់ Caucasus ខាងត្បូង និងបានស្តីបន្ទោសចំពោះការបរាជ័យនៃអ្នកប្រយុទ្ធនជនជាតិអាមេនីនៅតំបន់ Karabakh។​ 
 
កាលពីខែមុន លោក​ Pashinyan បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការជាមួយ តំណាង ពិសេសរបស់អគ្គលេខាធិការអង្គការណាតូសម្រាប់តំបន់ Caucasus និងអាស៊ីកណ្តាលលោក  Javier Colomina។ យ៉ាងណាមិញក្រុងមូស្កូធ្លាប់បានព្រមាន អាមេនីថា លោកខាងលិចកំពុង ព្យាយាមជំរុញឱ្យមានជម្លោះរវាងអាមេនី និងរុស្ស៊ី៕

Tag:
 (អាមេនី
  រុស្ស៊ី
  អាម៉េរិក
  បារាំង)
© រក្សាសិទ្ធិដោយ thmeythmey.com