ជាតិ
លោក ខាត់ យុក បានកែច្នៃឡានក្រុងជាហាងកាហ្វេដ៏ទាក់ទាញនៅមណ្ឌលគិរី 03, Feb 2024 , 7:40 pm
× មណ្ឌលគិរី៖ «កាហ្វេឡានក្រុង» ជាឈ្មោះហាងកាហ្វេបំពាក់ម៉ាស៊ីនត្រជាក់ដ៏ទាក់ទាញមួយ នៅក្បែររង្វង់មូលគោព្រៃទីរួមខេត្តមណ្ឌលគិរី។ បានយកឡានក្រុង កែច្នៃទៅជាទីតាំងលក់កាហ្វេ ដោយប្រើប្រាស់ផ្នែកខាងមុខ ខាងស្តាំ ជាកន្លែងឆុងកាហ្វេ និងដាក់សម្ភារផ្សេងៗ។ នៅសល់ពីនោះ គឺរៀបចំជាតុសម្រាប់ភ្ញៀវអង្គុយបរិភោគកាហ្វេ។ ចំណែកនៅ លើដំបូលឡាន ក៏មានការរៀបចំជាតុ និងកៅអី ឱ្យភ្ញៀវអង្គុយផងដែរ។ អតិថិជន ក៏អាចអង្គុយនៅតុដែលរៀបចំនៅខាងមុខទីតាំងកាហ្វេ ធ្វើការ និងគយគន់សម្រស់ព្រៃភ្នំ ក៏ដូចជាផ្នែកខ្លះនៃក្រុងសែនមនោរម្យបានផងដែរ។
អ្នកស្រី ខាត់ ធារ៉ា អ្នកមើលការខុសត្រូវ «កាហ្វេឡានក្រុង» បានឱ្យដឹងថា កាហ្វេឡានក្រុង បើកដំណើរការរយៈពេល៣ ឆ្នាំហើយដោយមានម្ចាស់ ឈ្មោះ ខាត់ យុក។ បើតាម អ្នកស្រី ខាត់ ធារ៉ា មូលហេតុនៃការច្នៃឡានក្រុងទៅជាកន្លែងលក់កាហ្វេ គឺដើម្បីទាក់ទាញអ្នក និយមទទួលទានកាហ្វេ និងម្យ៉ាងទៀតវាងាយស្រួលចល័ត។
អ្នកស្រី ខាត់ ធារ៉ា អះអាងថា រសជាតិកាហ្វេ និងទីតាំងប្លែក គឺជាចំណុចទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ និងពលរដ្ឋ នៅក្នុងតំបន់ឱ្យមកទទួលទទួលទានមិនចេះដាច់។ កាហ្វេដែលគេសរសើរឆ្ងាញ់នោះ គឺមានប្រភពមកពីខេត្តមណ្ឌលគិរីផ្ទាល់តែម្ដង។ អ្នកស្រី ប្រាប់ដូច្នេះថា៖«ភ្ញៀវដែលមកផឹកកាហ្វេនៅទីនេះ គេនិយាយថា កាហ្វេរបស់ពួកយើង ឆ្ងាញ់។ ម្យ៉ាងទៀត គេចាប់អាម្មណ៍ការច្នៃប្រតិដ្ឋឡានក្រុងប្លែក។ ដូច្នេះ ពួកគាត់ចង់ចូលមកមើល។ មែនទែនទៅ ភ្ញៀវមកពីគ្រប់ទិសទី ទាំងអ្នកមកពីចម្ងាយក៏មាន អ្នកនៅទីរួមខេត្តក៏មាន ហើយល្ងាចបន្តិចភាគច្រើន មានភ្ញៀវបរទេសគាត់មកអង្គុយលេង»។
បច្ចុប្បន្នម្ចាស់ហាងកាហ្វេនេះ ទើបបានបើកសាខាថ្មីកាហ្វេឡានក្រុងមួយកន្លែងទៀត នៅក្នុងខេត្តស្ទឹងត្រែង។ អ្នកស្រី ខាត់ ធារ៉ា បន្ថែមដូច្នេះ៕
Tag:
កាហ្វេឡានក្រុង
ខាត់ យុក
មណ្ឌលគិរី
កាហ្វេ
© រក្សាសិទ្ធិដោយ thmeythmey.com