ជាតិ
វីដេអូ
ពៅ បញ្ចពណ៌៖ វិន័យល្អនៅសាលាភូមិន្ទរដ្ឋបាល ធ្វើឱ្យសិស្សក្លាយជាមន្រ្តីពេញលក្ខណៈ និងមានសមត្ថភាព
04, Feb 2024 , 9:20 am        
រូបភាព
ភ្នំពេញ៖ វិន័យនាំមកនូវ​សេចក្ដី​ថ្លៃថ្នូរ! សាលា​ភូមិន្ទ​រដ្ឋបាល ដែល​ជា​ទី​បណ្ដុះ​អនាគត​មន្រ្តី​រាជការ​នៅ​កម្ពុជា បាន​ដាក់​កម្រិត​វិន័យ​ដល់​សិស្ស ដើម្បី​គោរព​តាមទាំងនៅ​ក្នុង​ថ្នាក់ និង​ក្នុង​សាលា។ កញ្ញា ពៅ បញ្ច​ពណ៌ សិស្ស​មន្រ្តី​ជាន់​ខ្ពស់​ជំនាន់ទី១២ បាន​លើក​ឡើងថា វិន័យល្អនៅសាលាភូមិន្ទរដ្ឋបាល បាន​ធ្វើឱ្យសិស្សក្លាយជាមន្រ្តីពេញលក្ខណៈ និងមានសមត្ថភាព។​
កញ្ញា ពៅ បញ្ចពណ៌ ជាសិស្សមន្រ្តីជាន់ខ្ពស់ជំនាន់ទី១២ ជំនាញសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅសាលាភូមិន្ទរដ្ឋបាល។ បញ្ចពណ៌ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រចំនួន ២ លើជំនាញសេដ្ឋកិច្ចអន្តរជាតិ នៅ​​វិទ្យាស្ថានភាសាបរទេស និងនៅសាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជំនាញធនាគារ និងហិរញ្ញវត្ថុ។

កញ្ញា ពៅ បញ្ចពណ៌ និងមិត្តរួមថ្នាក់។ រូបភាពពី កញ្ញា ពៅ បញ្ចពណ៌។

យុវតីវ័យ ២៦ឆ្នាំរូបនេះ មានបំណងក្លាយជាមន្រ្តីរាជការ ទើបជំរុញឱ្យនាងដាក់ពាក្យប្រឡងនៅសាលាភូមិន្ទរដ្ឋបាល។ មុនប្រឡងជាប់ជាសិស្សមន្រ្តីជាន់ខ្ពស់នៅឆ្នាំ២០២២ កញ្ញា ពៅ បញ្ចពណ៌ ក៏ធ្លាប់ធ្វើជាមន្រ្តីជាប់កិច្ចសន្យា នៅអគ្គនាយកដ្ឋានពន្ធដារ និងធ្លាប់​ជាបុគ្គលិកផ្នែកសវនករផ្ទៃក្នុង នៅធនាគារឯកជនមួយកន្លែងផងដែរ។ 
 
ជាកូនច្បងក្នុងគ្រួសារ ដែលមានបងប្អូន ៣នាក់ កញ្ញា ពៅ បញ្ចពណ៌ ​ចូលចិត្តរៀនសូត្រតាំងពីកុមារភាព។ អង្គុយលើកៅអីពណ៌ខ្មៅ នៅសួនច្បារជិតមាត់ទឹក ក្នុងសាលាភូមិន្ទរដ្ឋបាល កញ្ញា ពៅ បញ្ចពណ៌ បានរៀបរាប់ពីដំណើរដើមទង ដែលនាំនាងមកដល់សាលាបណ្ដុះអនាគតមន្រ្តីរាជការមួយនេះ។ 
 
«មូលហេតុដែលខ្ញុំសម្រេចចិត្តដាក់ពាក្យប្រឡងចូលមកសាលាភូមិន្ទរដ្ឋបាល ព្រោះការធ្វើជាមន្រ្តីរាជការ គឺជាក្ដីស្រមៃរបស់ខ្ញុំតាំងពីនៅតូច។ ណាមួយ ការប្រឡងចូលសាលាភូមិន្ទរដ្ឋបាល មានលក្ខណៈសុក្រឹត្យភាព និងតម្លាភាព ដែលអាចជាឱកាសមួយសម្រាប់ខ្ញុំ ដើម្បីក្លាយជាមន្រ្តីពេញលក្ខណៈ និងមានសមត្ថភាពសម្រាប់បម្រើប្រជាជន»។ នេះជាបញ្ជាក់របស់សិស្សមន្រ្តីជាន់ខ្ពស់ជំនាន់ទី១២ ពៅ បញ្ចពណ៌។ 
  
រូបភាពពីកញ្ញា ពៅ បញ្ចពណ៌

ក្រៅពីមានចំណេះដឹង និស្សិតត្រូវមានអាកប្បកិរិយាល្អ ទើបអាចប្រឡងជាប់នៅសាលាភូមិន្ទរដ្ឋបាលសាលាភូមិន្ទរដ្ឋបាល

ជាគ្រឹះស្ថាន​អប់រំមួយ ដែលមនុស្សជាច្រើន​ ប្រាថ្នាចង់រៀននៅទីនេះ។ មានបេក្ខជនខ្លះ ចំណាយពេល​មក​ប្រឡង​២ ទៅ៣ឆ្នាំ​ ទើបអាចប្រឡងជាប់។ បើតាម​កញ្ញា ពៅ បញ្ចពណ៌ ការ​ប្រឡង​ចូលរៀន​នៅ​ទីនេះ មាន​ការលំបាក ដែល​តម្រូវ​ឱ្យ​សិស្ស​មាន​ចំណេះដឹង​គោល រួមទាំង​អាកប្បកិរិយាល្អផងដែរ។ 
 
បញ្ចពណ៌ លើក​ឡើងថា៖«ការប្រឡងចូលនេះ មានការលំបាកខ្លាំង។ ពេល​នោះ ខ្ញុំមិនបានត្រៀមអ្វីច្រើនទេ ប៉ុន្តែ​ខ្ញុំមានទុនពីសាកលវិទ្យាល័យខ្លះៗ ទាក់ទង​នឹង​ជំនាញសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន​ជួយខ្ញុំ​ឱ្យ​ប្រឡងជាប់។ មួយទៀត ក៏​ត្រូវ​មាន​អត្តចរិតល្អ អាកប្បកិរិយា រួមទាំងការស្លៀកពាក់ផងដែរ»។​
  

រូបភាពពីកញ្ញា ពៅ បញ្ចពណ៌

ការ​ប្រឡង​ចូល​ជា​សិស្ស​មន្រ្តី​ជាន់​ខ្ពស់​នៅសាលា​នេះ មាន៣ដំណាក់កាល។ សម្រាប់​ បញ្ច​ពណ៌ ដំណាក់​កាលទី៣ គឺការសម្ភាស ពិតជាមាន​ការ​លំបាក។ បើតាម​ បញ្ចពណ៌ ដំណាក់កាលសម្ភាស ដែលជា​ដំណាក់​កាល​ចុង​ក្រោយ គឺ​គណៈកម្មការ​ចោទជា​សំណួរ​ផ្ទាល់មាត់ និង​សង្កេត​លើ​អាកប្បកិរិយា រួមទាំងការ​ស្លៀក​ពាក់ជាដើម។ 
 
មាន​សមត្ថភាព​ជា​រឿង​មួយ ប៉ុន្តែ​បើ​ឥរិយាបថមិន​សមរម្យ ក៏​មិន​អាច​ចូលរៀន​នៅ​ទីនេះ​បានដែរ។ ទោះ​ជួប​ផល​លំបាកក្នុង​ការ​ប្រឡង តែ បញ្ចពណ៌ នៅតែ​ស៊ូ​ឆ្លើយ​សំណួរ​គណៈ​កម្មការ​ ​រហូត​បាន​ជាប់​រៀន​នៅទីនេះ រយៈពេល​២ឆ្នាំផងដែរ​។​
 

វិន័យល្អ និងតឹងរឹងរបស់សាលាភូមិន្ទរដ្ឋបាល កែប្រែទម្លាប់ បញ្ចពណ៌...

ចំពោះការសិក្សានៅទីនេះ បញ្ចពណ៌ បានដាក់ពិន្ទុ ១០០លើវិន័យតែម្ដង។ «ខ្ញុំពេញចិត្តនឹងវិន័យ និងការរឹតបន្តឹងនៅសាលានេះ។ ទោះបីដំបូង ខ្ញុំមានផលលំបាកក្នុងការសម្របខ្លួនតាម ប៉ុន្តែខ្ញុំនៅតែព្យាយាម និងបានកែប្រែទម្លាប់ខ្លួនឯង»។ នេះជាការរៀបរាប់របស់ បញ្ចពណ៌ ពីការប្រតិបត្តិវិន័យ​នៅ​សាលា​មួយនេះ​។
 
វិន័យនាំមកនូវសេចក្ដី​ថ្លៃថ្នូរ! សាលាភូមិន្ទរដ្ឋបាល មានទម្លាប់គោរពទង់ជាតិ នៅម៉ោង៧នឹង១៥នាទីព្រឹក ជារៀងរាល់ថ្ងៃ។ ទម្លាប់គោរពទង់ជាតិជា​ប្រចាំ​នេះ តម្រូវឱ្យសិស្សមន្រ្តីនៅទីនោះ រួមទាំងបញ្ចពណ៌ ត្រូវមកដល់សាលាមុនម៉ោង៧ព្រឹក។ កញ្ញា បញ្ចពណ៌ បន្ថែមដូច្នេះ៖«ការ​ធ្វើ​ឱ្យ​មាន​ភាពតឹង​រឹង​​នៅ​ក្នុ​ង​សាលា​ បង្រៀន​ឱ្យ​សិស្ស​ចេះ​គោរព​ពេល​វេលា​, ឱ្យ​មាន​អាកប្បកិរិយា​សមរម្យ​ ដែល​ស័ក្តិ​សម​ជា​មន្រ្តី​ ក្រោយ​ពេល​រៀន​ចប់»។ 
  

រូបភាពពីកញ្ញា ពៅ បញ្ចពណ៌

អ្វី​ដែល​សិស្ស​មន្រ្តី​ជាន់ខ្ពស់​រូបនេះ ផ្លាស់​ប្ដូរ​ខ្លួនឯង គឺ​ទម្លាប់​មករៀន​​ទាន់ពេល​វេលា ជាពិសេស​ការ​ជួយ​ដុស​ខាត់​នូវ​អាកប្បកិរិយា​ និង​ឥរិយាបថ​របស់​នាង​ផងដែរ។ តាមរយៈ​ការ​កែប្រែទម្លាប់នេះ បញ្ចពណ៌ គាំទ្រ​លើ​ការ​រឹត​បន្តឹង​វិន័យ​ដ៏​ល្អ​មួយនេះ។ 
 
បើតាម​ បញ្ចពណ៌ វិន័យនេះ ក៏​ចូលរួម​លើក​កម្ពស់​ការសិក្សា​របស់​សិស្ស​មន្រ្តី​ជាន់ខ្ពស់​នៅទីនេះផងដែរ។ ក្រៅ​ពី​វិន័យ​ បញ្ចពណ៌​ ទទួល​ស្គាល់ថា នាងទទួល​បាន​ចំណេះ​ដឹង​ថ្មីៗ​បន្ថែម​ពី​លើ​ជំនាញ​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ដែលនាង​បាន​រៀន។ 
 

 
សាលា​ភូមិន្ទរដ្ឋបាល ទីបណ្ដុះបណ្ដាលមន្រ្តីឱ្យមានសមត្ថភាព និងពេញលក្ខណៈ 

កញ្ញា ពៅ បញ្ច​ពណ៌ រំឭក​ពី​សកម្មភាព​នៃ​ការ​ប្រឡង​ចូលរៀន​នៅ​សាលា​បណ្ដុះ​អនាគត​មន្រ្តីកម្ពុជា គឺ​សាលា​ភូមិន្ទ​រដ្ឋបាល​។ ចំពោះដំណើរការប្រឡងវិញ​ បញ្ចពណ៌ ពេញចិត្តខ្លាំងតែម្ដង។

យុវតីរូបនេះ មើលឃើញថា​ការប្រឡងពីមួយដំណាក់កាលទៅមួយដំណាក់កាល មាន​ភាព​សុក្រឹត្យ។ បញ្ចពណ៌ ប្រាប់ដូច្នេះ៖«ការ​ប្រឡង​នៅទីនេះ មាន​ការចូលរួមសង្កេតការណ៍ពីអង្គភាពប្រឆាំងអំពើពុករលួយ ដែល​ធ្វើ​ឱ្យ​ខ្ញុំ​មានភាពកក់ក្ដៅក្នុងការប្រឡង ហើយធានាបាននូវតម្លាភាព។ បើ​ការកែវិញ ក៏បង្ហាញជាសាធារណៈដែរ»។ 
  

រូបភាពពីកញ្ញា ពៅ បញ្ចពណ៌

ដំណើរការ​ប្រឡង និង​ការ​បណ្ដុះ​បណ្ដាល​សិស្ស​មន្រ្តី​ក្រមការ សិស្ស​មន្រ្តី​ជាន់ខ្ពស់ បាន​បង្ហាញ​ឱ្យ​កញ្ញា ពៅ បញ្ចពណ៌ ឃើញ​ពី​ភាព​ហ្មត់ចត់​របស់​ថ្នាក់ដឹកនាំ និង​គោលការណ៍​របស់​សាលា​ភូមិន្ទ​រដ្ឋបាល។ «សិស្ស​មន្រ្តី​ដែល​បាន​​បណ្ដុះ​បណ្ដាល​នៅ​ទីនេះហើយ​ ចេញ​ទៅ​វិញ គឺ​គាត់​នឹង​ទទួល​បាន​ចំណេះដឹង​មួយដ៏​ពិត​ប្រាកដ។ ព្រោះ​សាលា​នេះ ​បាន​អញ្ជើញ​លោកគ្រូអ្នកគ្រូ​ដែលជា​ឥស្សរជនខ្ពស់ៗមក​បង្រៀន»។ នេះ​ជា​ការ​រៀបរាប់​របស់​សិស្ស​មន្រ្តី​ជាន់ខ្ពស់​ ពៅ បញ្ចពណ៌។
 
 

ក្រៅ​ពី​បណ្ដុះ​បណ្ដាល​នៅ​ក្នុង​សាលា សិស្ស​ក្រម​ការ និង​សិស្ស​មន្រ្តី​ជាន់ខ្ពស់ ត្រូវ​ចុះកម្មសិក្សា​នៅតាម​ក្រសួង​ស្ថាប័ន ​តាម​បណ្ដា​ខេត្ត​នានា​ផងដែរ​។ ការ​សិក្សានៅ​ទីនេះ មាន​រយៈពេល២៤ខែ ដោយ​១៨ខែ ​ផ្ដោត​លើ​ទ្រឹស្ដី និង​៦ខែ ផ្ដោត​លើ​ការ​ចុះ​កម្មសិក្សា។ 
 
បញ្ច​ពណ៌ បាន​ចែក​រំលែក​សកម្ម​ភាព​ចុះ​កម្មសិក្សារបស់​នាង​នៅ​ខេត្ត​ត្បូង​ឃ្មុំ មក​កាន់អ្នកសារព័ត៌មាន​ថ្មីៗផងដែរ។ កម្មសិក្សា​រយៈពេល​៦ខែ ដែល​បញ្ចពណ៌ ចុះទៅខេត្ត​ត្បូង​ឃ្មុំ បាន​បង្រៀន​នាង​ពី​របៀប​ធ្វើលិខិត​រដ្ឋបាល​នានា​ រួមទាំង​ការ​ធ្វើ​របាយការណ៍ជាដើម។ ការ​ចុះ​កម្មសិក្សា​ជា​ទុន​ដ៏​សំខាន់​មួយសម្រាប់​ បញ្ចពណ៌ ក្នុងការ​ងារ​ជា​មន្រ្តីរាជការ​នា​ថ្ងៃខាង​មុខ៕ ​

Tag:
 សាលាភូមិន្ទរដ្ឋបាល
  អប់រំ
  ស្រ្តី
  ពៅ បញ្ចពណ៌
© រក្សាសិទ្ធិដោយ thmeythmey.com