ជាតិ
អ្នកជំនាញ ដុតកម្ទេចជើងមាន់បង្កកនាំចូលពីវៀតណាមខុសច្បាប់ ប្រមាណ១០០តោន 04, Feb 2024 , 4:00 pm
× ភ្នំពេញ៖ ជើងមាន់បង្កក ប្រមាណ១០០តោន ត្រូវបានមន្ត្រីជំនាញខេត្តស្វាយរៀង ដុតកម្ទចចោល នៅថ្ងៃទី៤កុម្ភៈនេះ។ ជើងមាន់ទាំងនេះ ត្រូវបានឈ្មួញដឹកតាមរថយន្តកុងតឺន័រចំនួន ៤គ្រឿងពីប្រទេសវៀតណាម ចូលមកកម្ពុជាដោយគ្មានច្បាប់អនុញ្ញាត តាមច្រកព្រំដែនអន្តរជាតិបាវិត និងត្រូវអាជ្ញាធរខេត្តស្វាយរៀងចាប់បាន កាលល្ងាចពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ក្នុងភូមិសាស្ត្រស្រុករមាសហែក។ ចំណែកឯអ្នកបើកបរ ត្រូវបានបញ្ជូនទៅសួរនាំ និងចាត់ការតាមនីតិវិធីច្បាប់។
សូមបញ្ជាក់ថា កម្ពុជាបានសម្រេចផ្អាកនាំចូលគ្រឿងក្នុង និងបំណែកសាច់បង្កក ជាបណ្តោះអាសន្នក្នុងរយៈពេល ៦ ខែ ដោយគិតចាប់ពីថ្ងៃទី ១២ ខែមីនា ដល់ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២៤។ តាមសេចក្ដីជូនដំណឹងរួមរវាងក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម ចុះថ្ងៃទី១២ ខែមករា ផលិតផលបង្កកដែលត្រូវផ្អាកនាំចូលនោះមាន អណ្តាតគោ អណ្តាក្របី ថ្លើមគោ ថ្លើមក្របី គ្រឿងក្នុងគោផ្សេងៗ ថ្លើមមាន់ សាច់ និងគ្រឿងក្នុងមាន់។ ចំណែកពោះវៀន ប្លោក និងក្រពះទាំងមូល ឬជាផ្នែកនៃសត្វស្រស់ ក្លាស្សេ បង្កក ប្រឡាក់អំបិល ត្រាំទឹកអំបិល សម្ងួត ឬឆ្អើររួច ក៏ត្រូវផ្អាកនាំចូលដែរ៕
Tag:
ThmeyThmey
សាច់បង្កក
ខេត្តស្វាយរៀង
© រក្សាសិទ្ធិដោយ thmeythmey.com