ជាតិ
កម្ពុជា ប្ដេជ្ញាពង្រឹងភាពជាដៃគូយុទ្ធសាស្រ្តអាស៊ាន-សហភាពអឺរ៉ុប
04, Feb 2024 , 9:40 pm        
រូបភាព
រូបភាពពីក្រសួងការបរទេស
រូបភាពពីក្រសួងការបរទេស
ភ្នំពេញ៖ ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុប លើកទី២៤ លោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា បានបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-សហភាពអឺរ៉ុប។ នេះបើសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា។
នៅថ្ងៃទី១-២ ខែកុម្ភៈ លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុបលើកទី២៤ នៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក។


 រូបភាពពីក្រសួងការបរទេស

ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុបនេះ បានរំឭកឡើងវិញនូវសមិទ្ធផលសំខាន់ៗ ពីកិច្ចប្រជុំកំពូលកាលពីឆ្នាំ២០២២កន្លងទៅ។ តាមរយៈកិច្ចប្រជុំខាងលើ រដ្ឋមន្ត្រីការបរទេសអាស៊ាន និងសហភាពអឺរ៉ុប ទទួលស្គាល់ថា តំបន់ទាំងពីរបានផ្តល់នូវកាលានុវត្តភាពនៃកំណើន និងសក្តានុពល សម្រាប់កិច្ចសហប្រតិបត្តិការក្រោមសសរស្តម្ភសហគមន៍ទាំងបីរបស់អាស៊ាន។
 
ជាមួយគ្នានេះ រដ្ឋមន្ត្រីការបរទេសអាស៊ាន និងសហភាពអឺរ៉ុប ក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាកង្វល់ និងផលប្រយោជន៍រួម។ ជាក់ស្ដែងលោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីការបរទេសកម្ពុជា បានអះអាងនូវការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-សហភាពអឺរ៉ុប ដោយផ្អែកលើការគោរព ការយោគយល់គ្នា និងការផ្តល់ផលប្រយោជន៍ទៅវិញទៅមក។
 
លើសពីនេះ ក្នុងនាមកម្ពុជា នឹងបន្តធ្វើការជាមួយប្រទេសសមាជិកអាស៊ាន និងសហភាពអឺរ៉ុបទាំងអស់ ដើម្បីធានាថាការចូលរួមកម្រិតថ្នាក់ដឹកនាំជាទៀងទាត់ នឹងនាំឱ្យទំនាក់ទំនងអាស៊ាន-សហភាពអឺរ៉ុបឈាន ដល់កម្រិតខ្ពស់ថ្មីថែមទៀត។ លោក សុខ ចិន្តាសោភា ក៏បានអរគុណសហភាពអឺរ៉ុប ចំពោះការបន្តគាំទ្រដល់មជ្ឈភាពអាស៊ាន និងយន្តការដឹកនាំដោយអាស៊ាន តាមរយៈការរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍ និងការអនុវត្តវិស័យអាទិភាពទាំង៤ នៃទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ- ប៉ាស៊ីហ្វិកផងដែរ៕

Tag:
 ការបរទេស
  អាស៊ាន
  អឺរ៉ុប
© រក្សាសិទ្ធិដោយ thmeythmey.com