អន្តរជាតិ
មនុស្ស៩៩នាក់ស្លាប់ដោយសារភ្លើងឆេះព្រៃនៅស៊ីលី
05, Feb 2024 , 8:47 am        
រូបភាព
រូបថតពីលំហអាកាសអំពី​ទិដ្ឋភាពរថយន្តដ៏ច្រើន ដែលរងការខូចខាត​ដោយសារអគ្គិភ័យនៅ Vina del Mar។ រូបថត Javier Torres
រូបថតពីលំហអាកាសអំពី​ទិដ្ឋភាពរថយន្តដ៏ច្រើន ដែលរងការខូចខាត​ដោយសារអគ្គិភ័យនៅ Vina del Mar។ រូបថត Javier Torres
មនុស្សយ៉ាងហោចណាស់៩៩នាក់ ត្រូវបានរាយការណ៍ថា ស្លាប់ក្នុងគ្រោះមហន្តរាយភ្លើងឆេះព្រៃនៅតំបន់ Valaparaiso ប្រទេសស៊ីលី។ នេះបើតាមការផ្សាយរបស់ BBC នាព្រឹកថ្ងៃទី៥ ខែកុម្ភៈ។

លោកប្រធានាធិបតី Gabriel Boric បានប្រកាសដាក់រដ្ឋក្នុងគ្រោះអាសន្ន និងសន្យាចាត់វិធានការគ្រប់បែបយ៉ាងដើម្បីទប់ទល់ស្ថានការណ៍ ដែលចាត់ទុកថា ជាគ្រោះមហន្តរាយបង្កឱ្យមានមនុស្សបាត់បង់ជីវិតច្រើនក្នុងប្រវត្តិសាស្ត្ររបស់ស៊ីលី។

រដ្ឋមន្ត្រីមហាផ្ទៃស៊ីលី លោកស្រី Carolina Toha បានព្យាករអំពីចំនួនជនរងគ្រោះ ដែលអាចបន្តកើនឡើងបន្ថែមទៀត ខណៈក្រុមសង្គ្រោះកំពុងដុតដៃដុតជើង ជួយពលរដ្ឋឱ្យជម្លៀសចេញពីតំបន់ហានិភ័យ។

ក្រសួងលំនៅដ្ឋានស៊ីលី បានអះអាងថា ផ្ទះចន្លោះពី៣០០០ ទៅ៦០០០ រងគ្រោះដោយសារគ្រោះអគ្គិភ័យ ដោយកាលពីថ្ងៃសៅរ៍ បំរាមគោចរ ត្រូវបានដាក់ចេញ នៅតំបន់ Vina del Mar, Limache, Quilpue និង Villa Alemana។

ស្ថិតនៅចម្ងាយ១១៦គីឡូម៉ែត្រ ពីរដ្ឋធានី Santiago ក្រុងមាត់សមុទ្រ Valparaiso ជាតំបន់ទេសចរណ៍ដ៏ទាក់ទាញនារដូវក្តៅ៕




© រក្សាសិទ្ធិដោយ thmeythmey.com