ជាតិ
សង្គមជាតិ
ជនភៀសខ្លួននយោបាយខ្មែរនៅថៃ ត្រូវចាប់ខ្លួន មុនទស្សនកិច្ចរបស់សម្ដេច ហ៊ុន ម៉ាណែត
05, Feb 2024 , 5:29 pm        
រូបភាព
ជនភៀសខ្លួនដែលអាជ្ញាធរថៃចាប់។ រូបពី ហ្វេសប៊ុកលោក Phil Robertson
ជនភៀសខ្លួនដែលអាជ្ញាធរថៃចាប់។ រូបពី ហ្វេសប៊ុកលោក Phil Robertson
ភ្នំពេញ៖ លោក គង់ រ៉ៃយ៉ា និងលោក ផន ផាន់ណា អតីតសមាជិកបក្សភ្លើងទៀន និង លោក លឹម សុខា អនុប្រធានគណៈកម្មការជនភៀសខ្លួនខ្មែរ ប្រចាំបាងកក នៃអង្គការ UNHCR ដែលបានជនភៀសខ្លួនទៅរស់នៅប្រទេសថៃ ត្រូវបានអាជ្ញាធរថៃចាប់ខ្លួន ជាមួយនឹងក្រុមគ្រួសាររបស់ពួកគេ។ ការចាប់ខ្លួនជនភៀសខ្លួននយោបាយទាំងនេះ ធ្វើឡើងស្របពេលសម្តេច ហ៊ុន ម៉ាណែត ត្រៀមបំពេញទស្សនកិច្ចផ្លូវការនៅថៃ នៅថ្ងៃពុធ ទី៧ កុម្ភៈនេះ។
 
ពាក់ព័ន្ធនឹងករណីនេះ លោក Phil Robertson នាយករងប្រចាំតំបន់អាស៊ី នៃអង្គការឃ្លាំ មើលសិទ្ធិមនុស្ស បានសរសេរនៅគណនីហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី៣កុម្ភៈ ថា អាជ្ញាធរថៃ គួរ ដោះលែងជនភៀសខ្លួនទាំងនេះ ដើម្បីបញ្ឈប់ការបង្ក្រាបសកម្មជន សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។  
 
«ការប្រមូលជនភៀសខ្លួនទទួលស្គាល់ដោយអង្គការសហប្រជាជាតិ ដើម្បីផ្គាប់ចិត្ត នាយក រដ្ឋមន្ត្រីកម្ពុជា (សម្តេច) ហ៊ុន ម៉ាណែត នៅមុនទស្សកិច្ចរបស់លោកទៅក្រុងបាងកក មិន មែនជាមធ្យោបាយមួយ ដែលល្អបំផុតសម្រាប់ប្រទេសថៃ ក្នុងការបញ្ចុះបញ្ចូលសហគមន៍ អន្តរជាតិ ថាខ្លួនសមនឹងទទួលបានកៅអីនៅក្រុមប្រឹក្សាសិទ្ធិ មនុស្សអង្គការសហប្រជាជាតិ នោះទេ»។ លោក Phil Robertson សរសេរដូច្នេះ ហើយបន្ត រិះគន់ថាការដឹកនាំរបស់ សម្ដេច ហ៊ុន ម៉ាណែត បង្ហាញពីភាពផ្ដាច់ការដូចឱពុក។ 
 
ជុំវិញការចាប់ខ្លួនជនភៀសខ្លួននេះ លោក ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាល មិនបញ្ជាក់ថាមានពាក់ព័ន្ធនឹងកម្ពុជាឬយ៉ាងណានោះទេ លោកបានឆ្លើយតបក្នុងនាមការយល់ឃើញផ្ទាល់ខ្លួន។ លោក ប៉ែន បូណា  ថាបើការរស់នៅលើទឹកដីប្រទេសណាមួយដោយខុសច្បាប់ ឬប្រព្រឹត្តខុសច្បាប់ (គេ) នឹងមានការចាប់វិធានការតាមច្បាប់។ អ្នកនាំពាក្យរដ្ឋាភិបាល ពន្យល់បន្ថែមយ៉ាងដូច្នេះ៖ «ការព្យាយាមមួលបង្កាច់រដ្ឋាភិបាលខ្លួនឯង ដោយគ្រាន់តែចង់ ទៅរស់នៅប្រទេសទី៣! វាអត់ទៅរួចទេ ដោយសារគេយល់ពីស្ថានការណ៍ស្រុកខ្មែរ មានសុខសន្តិភាព គឺមិនអាចទៅ បោកគេបានទៀតទេ ហើយរស់នៅប្រទេសគេយូរៗទៅ ក្លាយជាអ្នករស់នៅខុសច្បាប់»។ 
 
ជុំវិញរឿងនេះដែរ លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ យល់ថាប្រទេសថៃ មិនមែនជាកន្លែងមានសុវត្ថិភាព សម្រាប់ជនភៀសខ្លួន នយោបាយជ្រកកោនទៀតទេ ខណៈពួកគេត្រូវបានចាប់ខ្លួន នៅមុនទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីកម្ពុជា។ 
 
បើតាម លោក  អំ សំអាត ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) ដែលមានអនុសរណៈជាមួយប្រទេសថៃ គួរពិនិត្យឡើងវិញ ព្រោះសកម្មជនខ្លះ UNHCR ក៏បានទទួលស្គាលដែរ។ បញ្ហានេះលោក អំ សំអាត យល់ថា ភាគីថៃ UNHCR និងកម្ពុជា គួរមានការជជែកគ្នាបន្ថែម៕ 

© រក្សាសិទ្ធិដោយ thmeythmey.com