អន្តរជាតិ
រុស្ស៊ីព្រមានចាត់វិធានការសងសឹក ប្រសិនបើលោកខាងលិចហ៊ានរឹបអូសទ្រព្យសម្បត្តិរបស់ខ្លួន
06, Feb 2024 , 9:59 am        
រូបភាព
អ្នកនាំពាក្យវិមានក្រេមឡាំង លោក Dmitry Peskov (ក្នុងរង្វង់) និងធនាគារកណ្តាលរុស្ស៊ី។ រូបភាព Tass និងBloomberg
អ្នកនាំពាក្យវិមានក្រេមឡាំង លោក Dmitry Peskov (ក្នុងរង្វង់) និងធនាគារកណ្តាលរុស្ស៊ី។ រូបភាព Tass និងBloomberg
វិមានក្រេមឡាំង នៅថ្ងៃទី៥ ខែកុម្ភៈ បានព្រមានចាត់វិធានការសឹងសឹក ប្រសិនបើបណ្តាប្រទេសលោកខាងលិចហ៊ានរឹបអូសទ្រព្យសម្បត្តិរុស្ស៊ីមានតម្លៃប្រមាណ ៣០០ពាន់លានដុល្លារ ដើម្បីសងបំណុង និងស្ថាបនាអ៊ុយក្រែនឡើងវិញ។ ទន្ទឹមនេះ រុស្ស៊ីចាត់ទុកការរឹបអូសទ្រព្យសម្បត្តិរបស់ខ្លួនជាសកម្មភាពខុសច្បាប់ ហើយប្តេជ្ញាតតាំងផ្លូវច្បាប់រហូតដល់ទីបញ្ចប់។
 
សារព័ត៌មានThe Financial Times នៅថ្ងៃទី៣ ខែកុម្ភៈ បានចុះផ្សាយថា ក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង៧ (G7) បានរៀបចំផែនការក្នុងការប្រើប្រាស់ថវិកា និងទ្រព្យធនរបស់រុស្ស៊ី សម្រាប់ដោះបំណុលរបស់អ៊ុយក្រែន។ សារព័ត៌មាន Bloomberg ក៏បានផ្សព្វផ្សាយពីគម្រោងនេះដែរ។
 
ជុំវិញរឿងរ៉ាវរឹបអូសទ្រព្យសម្បត្តិខាងលើដើម្បីជួយអ៊ុយក្រែនឡើងវិញ អ្នកនាំពាក្យវិមានក្រេមឡាំង លោក Dmitry Peskov បានបញ្ជាក់ថា ក្រុងមូស្គូមិនទាន់ដឹងថា ការចុះផ្សាយរបស់សារព័ត៌មានខាងលើមានការពិតកម្រិតណាឡើយ ហើយរុស្ស៊ីចាំបាច់ត្រូវរង់ចាំសេចក្តីថ្លែងការណ៍ផ្លូវការរបស់បណ្តាប្រទេសលោកខាងលិច។ 
 
ទោះមិនទាន់មានការបញ្ជាក់ជាផ្លូវការក្តី លោក Peskov បានសង្កត់ធ្ងន់ថា ការប៉ុនប៉ងណាមួយដើម្បីរឹបអូសទ្រព្យសម្បត្តិរដ្ឋរុស្ស៊ីនឹងនាំឱ្យមានការប្រឈមការតតាំងផ្នែកច្បាប់រយៈពេលយូរ។ 
 
«ជាការពិតណាស់ សហព័ន្ធរុស្ស៊ីនឹងជំទាស់ការសម្រេចចិត្តបែបនេះ យើងនឹងការពារផលប្រយោជន៍ និងទ្រព្យសម្បត្តិរបស់យើងដែលរឹបអូសដោយខុសច្បាប់»។ លោក Peskov បានប្តេជ្ញាបែបនេះ រួចបន្តព្រមានថា ការយកទ្រព្យសម្បត្តិរបស់ប្រទេសណាមួយ នឹងបំផ្លាញមូលដ្ឋាន​គ្រឹះនៃប្រព័ន្ធសេដ្ឋកិច្ច រួមទាំងប្រព័ន្ធសេដ្ឋកិច្ចរបស់ប្រទេសដែលនឹងអនុវត្តការសម្រេចចិត្តទាំងនោះ។ 
 
បន្ថែមពីនេះ អ្នកនាំពាក្យវិមានក្រេមឡាំងបានបន្លុយថា ប្រសិនបើទ្រព្យសម្បត្តិរុស្ស៊ី ត្រូវបានរឹបអូស ក្រុងមូស្គូ នឹងចាត់វិធានការរឹបអូសទ្រព្យសម្បត្តិរបស់ប្រទេសលោកខាងលិចវិញជាការឆ្លើយតប។ 
 
កន្លងមក រុស្ស៊ី បានព្រមានថា ខ្លួនមានបញ្ជីទ្រព្យសម្បត្តិរបស់ប្រទេសលោកខាងលិចនៅក្នុងដៃរបស់ខ្លួនហើយ ដោយមានទំហំដ៏ច្រើន ប្រហាក់ប្រហែលនឹងទ្រព្បសម្បត្តិរុស្ស៊ីនៅក្នុងដៃប្រទេសលោកខាងលិចដែរ។ 
 
គួររំលឹកថា បន្ទាប់ពីប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជូនទាហានចូលឈ្លានពានអ៊ុយក្រែនក្នុងឆ្នាំ ២០២២ អាម៉េរិក និងសម្ព័ន្ធមិត្តបានបង្កកទ្រព្យសម្បត្តិរុស្ស៊ីប្រមាណ ៣០០ ពាន់លានដុល្លារ។ 
 
ធនាគារកណ្តាលរុស្ស៊ី មិនបានលម្អិតពីទ្រព្យសម្បត្តិរបស់ខ្លួនដែលត្រូវបានបង្កកនោះទេ ប៉ុន្តែឯកសារមួយ បានរៀបរាប់លម្អិតអំពីទ្រព្យដែលរុស្ស៊ីកាន់កាប់នៅដើមឆ្នាំ២០២២។ ឯកសារនោះ បានបង្ហាញថា ធនាគារកណ្តាលរុស្ស៊ីមានទ្រព្យសម្បត្តិចំនួន ២០៧ពាន់លានដុល្លារក្នុងប្រាក់អឺរ៉ូ, ៦៧ ពាន់លានដុល្លារជាទ្រព្យសម្បត្តិនៅអាម៉េរិក និង៣៧ពាន់លានដុល្លារជាទ្រព្យសម្បត្តិផោនអង់គ្លេស។
 
បន្ថែមពីនេះ ទ្រព្យសម្បត្តិដែលត្រូវបានបង្កកផ្សេងទៀតមាន ៣៦ពាន់លានដុល្លារនៃប្រាក់យ៉េនជប៉ុន, ១៩ ពាន់លានដុល្លារនៅកាណាដា, ៦ពាន់លានដុល្លារអូស្ត្រាលី និង ១,៨ពាន់លានដុល្លារសិង្ហបុរី។ ការកាន់កាប់ប្រាក់ហ្វ្រង់របស់ស្វីសមានចំនួនប្រហែល ១ពាន់លានដុល្លារ។
 
រុស្ស៊ីធ្លាប់បញ្ជាក់ថា ប្រសិនបើទ្រព្យសម្បត្តិរបស់ខ្លួនទាំងនោះត្រូវបានរឹបអូស នោះក្រុងមូស្កូ នឹងរឹបអូសយកទ្រព្យអាម៉េរិក អឺរ៉ុប និងទ្រព្យសម្បត្តិផ្សេងទៀតជាការឆ្លើយតប។ 
 
ប៉ុន្តែអ្នកជំនាញមួយចំនួន បានបង្ហាញក្តីបារម្ភថាការរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលបាន វិនិយោគនៅក្នុងមូលបត្របំណុលរដ្ឋាភិបាលប្រទេសលោកខាងលិចអាចបំផ្លាញឆន្ទៈរបស់ធនាគារកណ្តាលប្រទេសផ្សេងទៀត ក្នុងការរក្សាទុកទុនបម្រុងគ្នាទៅវិញទៅមក។ ចំណែកអ្នកជំនាញផ្សេងទៀត ជំរុញឱ្យប្រទេសទាំងអស់រួមគ្នា ដើម្បីរឹបអូសទ្រព្យសម្បត្តិរុស្ស៊ី ក្នុងគោលបំណងគំរាមប្រទេសផ្សេងទៀត មិនឱ្យឈ្លានពានប្រទេសដទៃ។ 
 
គួររម្លឹកថា ការរឹបអូសទ្រព្យសម្បត្តិប្រទេសផ្សេង ក៏ធ្លាប់កើតមាននៅពេលកន្លងមកផងដែរ ប៉ុន្តែស្ថិតក្នុងទំហំតូចប៉ុណ្ណោះ បើធៀបនឹងទ្រព្យសម្បត្តិរបស់រុស្ស៊ី។ នៅដើមទសវត្សរ៍ឆ្នាំ១៩៩០ អាម៉េរិកបានរឹបអូសទ្រព្យសម្បត្តិរបស់អ៊ីរ៉ាក់ ដើម្បីជួយកូវ៉ែត ក្រោយការឈ្លានពាន។ 
 
លើសពីនេះ អាម៉េរិក នៅក្នុងឆ្នាំ២០២២ កន្លងទៅ អាម៉េរិក និងរដ្ឋាភិបាលស្វ៊ីស បានផ្ទេរទ្រព្យសម្បត្តិប្រមាណ ៣,៥ពាន់លានដុល្លាររបស់ធនាគារកណ្តាលអាហ្វហ្កានីស្ថាន ទៅមូលនិធិសម្រាប់ប្រជាជនអាហ្វហ្កានីស្ថាន។ ទង្វើបែបនេះ បានរងការរិះគន់ពីរដ្ឋាភិបាលអាហ្វហ្កានីស្ថាន ដឹកនាំដោយក្រុមតាលីបង់យ៉ាងខ្លាំង៕
 

Tag:
 រុស្ស៊ី
  សហភាពអឺរ៉ុប
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com