អន្តរជាតិ
សិង្ហបុរីអនុម័ត​ច្បាប់​ថ្មី ដែលអាចឃុំជនល្មើសមិនរាងចាល ​ដោយគ្មានដែនកំណត់
06, Feb 2024 , 11:59 am        
រូបភាព
រូបភាព Xinhua
រូបភាព Xinhua
សិង្ហបុរី នៅថ្ងៃទី៥ ខែកុម្ភៈ បានអនុម័តច្បាប់មួយ ដែលអនុញ្ញាតឱ្យឃុំខ្លួនអ្នកទោសអាចបង្កគ្រោះថ្នាក់ជាថ្មី ឬមិនរាងចាលដោយគ្មានរយៈពេលកំណត់ បើទោះអ្នកទាំងនោះបញ្ចប់ការអនុវត្តទោសក្នុងពន្ធនាគារក៏ដោយ។ យ៉ាងណាមិញ អង្គការក្រៅរដ្ឋាភិបាលចាត់ទុកច្បាប់នេះជាការបំពានសិទ្ធិមនុស្ស។
 
បើទោះត្រូវបានកាត់ទោស និងអនុវត្តទោសជាប់ពន្ធនាគារជាច្រើនឆ្នាំក៏ដោយ ជនល្មើសមួយចំនួនតូច នៅតែប្រព្រឹត្តអំពើឧក្រិដ្ឋ និងអំពើអវិជ្ជមានផ្សេងៗ។ ដើម្បីដោះស្រាយបញ្ហានេះ សភាសិង្ហបុរី បានអនុម័តច្បាប់មួយ ដើម្បីដាក់ទោសជនល្មើសមិនរាងចាល ​ដោយគ្មានដែនកំណត់។ 
 
ច្បាប់ថ្មីនឹងអនុវត្តចំពោះអ្នកដែលមានអាយុលើសពី ២១ឆ្នាំ ហើយត្រូវបានកាត់ទោសពីបទ ឧក្រិដ្ឋកម្មដូចជាមនុស្សឃាត រំលោភ និងការរួមភេទជាមួយអនីតិជន។ ការបន្តការជាប់ឃុំនៅរយៈពេលបន្ថែម ធ្វើឡើងលុះត្រាតែជនល្មើសមានហានិភ័យប្រព្រឹត្តបទឧក្រិដ្ឋជាថ្មី។ 
 
ក្នុងសុន្ទរកថាទៅកាន់សភា រដ្ឋមន្ត្រីច្បាប់ និងមហាផ្ទៃ លោក K. Shanmugam បានថ្លែងថា ជនល្មើសដែលបន្តបង្កគ្រោះថ្នាក់ដល់អ្នកដទៃ មិនគួរត្រូវបានដោះលែងឡើយ។
 
«យើងត្រូវប្រឈមមុខនឹងការគំរាមកំហែងទាំងនេះ និងការពារសង្គមរបស់យើង»។ លោក Shanmugam ប្តេជ្ញាបែបនេះនៅចំពោះមុខសមាជិកសភា ក្នុងថ្ងៃទី៥ ខែកុម្ភៈ ដោយបន្តលើកឧទាហរណ៍ពីជនល្មើសម្នាក់ ដែលបានប្រព្រឹត្តបទល្មើសដោយមិនរាងចាល។ 
 
ត្រង់ចំណុចនេះ រដ្ឋមន្រ្តីមហាផ្ទៃបានបន្តថា បុរសម្នាក់ជាប់ពន្ធនាគារពីបទចាប់រំលោភកូនស្រីចុងអាយុ៦ឆ្នាំ ហើយក្រោយពីដោះលែង បុរសរូបនោះបានចាប់រំលោភចៅស្រីអាយុ១០ឆ្នាំក្នុងឆ្នាំ២០១៥។ នៅឆ្នាំ ២០១៧ បុរសដដែល បានចាប់រំលោភប្អូនស្រីរបស់ក្មេងស្រីជនរងគ្រោះវ័យ៩ឆ្នាំទៀត។
 
ក្រោមច្បាប់ថ្មីនេះ ជំនួសឱ្យការដោះលែងដោយស្វ័យប្រវត្តិបន្ទាប់ពីបញ្ចប់ការជាប់ពន្ធនាគារ ជនល្មើស នឹងតម្រូវឱ្យ រដ្ឋមន្ត្រីមហាផ្ទៃសម្រេចថា ពួកគេលែងជាការគំរាមកំហែងដល់សាធារណជនទៀតហើយ។ 
 
រដ្ឋមន្ត្រីមហាផ្ទៃនឹងត្រូវពិគ្រោះជាមួយ ក្រុមប្រឹក្សាត្រួតពិនិត្យដែលបង្កើតឡើងដោយអ្នកជំនាញដូចជាចៅក្រមចូលនិវត្តន៍ មេធាវី អ្នកចិត្តវិទូ និងអ្នកចិត្តសាស្រ្ត ហើយជនល្មើស និងមេធាវីរបស់បុគ្គលនោះមានវត្តមានចំពោះ មុខក្រុមប្រឹក្សាភិបាល។ បុគ្គលដែលរកឃើញថាមិនត្រឹមត្រូវសម្រាប់ការដោះលែង នឹងត្រូវពិនិត្យករណីរបស់ពួកគេជា រៀងរាល់ឆ្នាំ។
 
ការអនុម័តច្បាប់ខាងលើ ត្រូវបានគាំទ្រយ៉ាងខ្លាំងរួមទាំងពីបក្សប្រឆាំងផងដែរ។ យ៉ាងណាមិញ សមាជិកសភាបក្សប្រឆាំងមួយចំនួន នៅតែអំពាវនាវឱ្យមានការប្រុងប្រយ័ត្នចំពោះការអនុវត្តច្បាប់ខាងលើ។ 
 
សមាជិកសភាមកពីបក្សប្រឆាំងលោកស្រី Sylvia Lim បានយល់ឃើញថា វាពិបាក ក្នុងការវិភាគឱ្យបានត្រឹមត្រូវអំពីអំពើហិង្សានៅពេលអនាគត ហើយវាមានហានិភ័យនៃការ ឃុំខ្លួននរណាម្នាក់លើសពីទម្ងន់ទោស ដោយផ្អែកលើការព្យាករណ៍ខុស។ 
 
ជុំវិញរឿងនេះ អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស ប្រឆាំងនឹងច្បាប់បន្តឃុំខ្លួនក្រោមហេតុផលរំលោភ សិទ្ធិក្នុងដំណើរការច្បាប់សម្រាប់ជនជាប់ទោស៕

Tag:
 សិង្ហបុរី
© រក្សាសិទ្ធិដោយ thmeythmey.com