ជាតិ
ម៉ុងសាយ-នាគ ត្រូវតែធ្វើពិធី «បើកភ្នែកបើកពន្លឺ» ដើម្បីនាំលាភសំណាងមុនពេលចេញសម្តែង 07, Feb 2024 , 7:59 am
× លោក ហេង ដេវីត ប្រធានក្រុមម៉ុងសាយ វ័ង ជីង ស៊ីង ក្នុងក្រុងតាខ្មៅ បាននិយាយថា សត្វតោ ឬ ម៉ុងសាយ និងសត្វនាគ ត្រូវតែរៀបចំធ្វើពិធី «បើកភ្នែកបើកពន្លឺឆ្នាំថ្មី» មុនចេញទៅសម្តែងនៅតាមផ្ទះ ឬតាមក្រុមហ៊ុន ដើម្បីនាំ និងទទួលលាភសំណាងឆ្នាំថ្មី។
ខណៈពិធីបុណ្យចូលឆ្នាំប្រពៃណីចិន និងវៀតណាម ជិតមកដល់ សមាគមក្រុមម៉ុងសាយខ្មែរ-ចិន និងក្រុមម៉ុងសាយនានា កំពុងត្រៀមលក្ខណៈយ៉ាងស្វាហាប់ ដើម្បីសម្តែងនាំលាភ នាំជ័យឆ្នាំថ្មីដល់ភ្ញៀវ ។ ការសម្តែងម៉ុងសាយ-សត្វនាគ ត្រូវបានប្រជាជនសែស្រឡាយចិន ចាត់ទុកថា ជាការដេញនូវឧបទ្រពចង្រៃ ដែលមានក្នុងឆ្នាំចាស់ ឱ្យស្រឡះចេញពីបរិវេណផ្ទះ ហាង ឬ ក្រុមហ៊ុន ដោយនាំមកនូវសេចក្តីសុខ សំណាង និងនាំលាភជ័យ ក្នុងឱកាសចូលឆ្នាំថ្មី ទៅតាមជំនឿ។
មុនចេញសម្តែង ក្រុមម៉ុងសាយនីមួយៗ តែងតែរៀបចំពិធីទៅតាមក្បួនខ្នាតពីបុរាណ ដោយត្រូវ «បើកភ្នែក» ម៉ុងសាយ សត្វតោ ឬសត្វនាគ ប្រៀបដូចជាការដាស់ឱ្យវិញ្ញាណសត្វទាំងនោះ ដើម្បីយកទៅសម្តែងនាំលាភជ័យឆ្នាំថ្មី ឱ្យមានប្រសិទ្ធិភាព។
លោក ហេង ដេវីត ប្រធានក្រុមម៉ុងសាយ វ័ង ជីង ស៊ីង
ប្រធានក្រុមម៉ុងសាយ វ័ង ជីង ស៊ីង ក្រុងតាខ្មៅ ប្រាប់មកកាន់អ្នកសារព័ត៌មានថ្មីៗ ដូច្នេះ៖ «ប្រារព្ធពិធីបើកភ្នែកម៉ុងសាយឆ្នាំថ្មី ដើម្បីនាំលាភសំណាងដល់ភ្ញៀវ ដែលកម្មវិធីនេះគឺជាការតំណាងឱ្យឆ្នាំថ្មី។ ជារៀងរាល់ឆ្នាំ យើងតែងតែបានប្រារព្ធពិធីបើកភ្នែកម៉ុងសាយអ៊ីតែម្តង ទើបយើងអាចចេញសម្តែងជូនដល់ភ្ញៀវ និងដើម្បីទទួលឆ្នាំថ្មីប្រពៃណីចិន »។
កម្មវិធីបើកភ្នែកម៉ុងសាយ ជាត្រណមពីបុរាណសំខាន់បំផុតមួយ តម្រូវឱ្យរៀបចំឱ្យបានមុនពេលចេញសម្តែង ។ ការសម្តែងម៉ុងសាយ-នាគ ទាមទារឱ្យមានសមាជិកច្រើននៅក្នុងក្រុម ដោយមានមនុស្សចាប់ពី ២០ ទៅ ២៥នាក់ ដើម្បីអាចប្រមូលផ្តុំគ្នាសម្តែងបាន ដោយសមាជិកនីមួយៗ ត្រូវបែងចែកតួនាទីរៀងៗខ្លួន ដូចជា៖ អ្នកវាយស្គរ, អ្នកវាយឆាប(បួក), អ្នកគោះឡោ, អ្នកកាន់ក្បាលម៉ុងសាយ, អ្នកសម្តែងម៉ុងសាយឡើងបង្គោលដែក, អ្នកសម្តែងម៉ុងសាយឡើងបង្គោលដែកខ្ពស់ប្រវែង ៥ម៉ែត្រ (តំណាងដើមឬស្សី) និងអ្នកកាន់នាគ ជាដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com