អន្តរជាតិ
យន្តហោះ​ឈ្លបការណ៍អាម៉េរិក​ មានវត្តមានលើកូរ៉េខាងត្បូង ចំពេលកម្តៅឧបទ្វីបកូរ៉េកើនខ្លាំង
07, Feb 2024 , 9:40 am        
រូបភាព
រូបភាព Yonhap
រូបភាព Yonhap
ប្រព័ន្ធតាមដានអាកាសចរណ៍ បានបង្ហាញថា យន្តហោះឈ្លបយកការណ៍រអាម៉េរិកបានហោះពី លើទឹកដីកូរ៉េខាងត្បូងនៅថ្ងៃទី៦ ខែកុម្ភៈ ទំនងជាបេសកកម្មតាមដានកូរ៉េខាងជើង។ វត្តមានយន្តហោះឈ្លបការណ៍នេះ ធ្វើឡើងស្របពេលកម្តៅឧបទ្វីបកូរ៉េ កំពុងកើនឡើងខ្លាំង។
 
យន្តហោះ RC-135U Combat Sent របស់កងទ័ពអាកាសអាម៉េរិក ត្រូវបាន ប្រទះឃើញហោះហើរលើសមុទ្រលឿង ខេត្តភាគខាងជើងរបស់កូរ៉េខាងត្បូងដូចជា Gyeonggi និង Gangwon និងព្រមទាំងសមុទ្រខាងកើត បន្ទាប់ពីហោះចេញពីមូលដ្ឋានអាកាស Kadena នៅខេត្តអូគីណាវ៉ា ប្រទេសជប៉ុន។ នេះបើយោងតាមតាមប្រព័ន្ធតាមដាន ជើងហោះហើរមួយចំនួន។ 
 
កងទ័ពអាកាសរបស់ក្រុងវ៉ាស៊ីនតោន បានបង្ហាញផងដែរថា យន្តហោះ RC-135U ប្រមូល និងពិនិត្យ សញ្ញារ៉ាដារបស់កងទ័ពដីគោក ជើងទឹក និងអាកាសរបស់បរទេស ដើម្បីកំណត់ទីតាំង និងព្រមទាំងកំណត់អត្តសញ្ញាណពួកគេ។ យ៉ាងណាមិញ កងទ័ពអាកាសអាម៉េរិក មិនបានបញ្ជាក់បន្ថែមពីព័ត៌មានលម្អិតដែលទទួលបានពីការស៊ើបការណ៍ខាងលើនៅឡើយ។
 
ការវត្តមានយន្តហោះនេះ បានកើតឡើងបន្ទាប់ពីការសាកល្បង​មីស៊ីលរបស់ទីក្រុងព្យុងយ៉ាងជាបន្តបន្ទាប់ រួមទាំងការអះអាងរបស់របបមួយនេះពីការធ្វើតេស្តមីស៊ីលដែល ភ្ជាប់ជាមួយថាមពលក្បាលគ្រាប់ដ៏ធំអស្ចារ្យកាលពីថ្ងៃទី២​ ខែកុម្ភៈ។ កាលពីខែមុន ដ្រូន RC-135W Rivet Joint អាម៉េរិកត្រូវបានប្រទះឃើញហោះហើរពីលើកូរ៉េខាងត្បូង បន្ទាប់ពីកូរ៉េខាងជើងបានអះអាងថា ខ្លួនធ្វើការតេស្តដ្រូននុយក្លេអ៊ែរវាយប្រហារក្រោមទឹក។
 
កាលពីខែមករា កូរ៉េខាងជើងបានធ្វើការសាកល្បងមីស៊ីលបាញ់ចេញពីនាវាថ្មីចំនួនពីរគ្រាប់។ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានចាត់ទុកថា ជាជំហានដ៏មានអត្ថន័យឆ្ពោះទៅរកគោលដៅរបស់លោកក្នុងការ កសាងកងទ័ពជើងទឹកដែលបំពាក់ដោយអាវុធនុយក្លេអ៊ែរ។ 
 
កូរ៉េខាងជើងក៏បានធ្វើតេស្តមីស៊ីលរយៈចម្ងាយឆ្ងាយផងដែរ និងអះអាងថា មានសមត្ថភាព នុយក្លេអ៊ែរ និងអាចគ្របដណ្តប់បានចម្ងាយរហូតដល់ ២ពាន់គីឡូម៉ែត្រដែលជា សក្តានុពល ដល់មូលដ្ឋានយោធាអាម៉េរិកនៅជប៉ុន។ 
 
ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ លោកគីមក៏បាន សង្កត់ធ្ងន់លើកិច្ចខិតខំក្នុងការកសាងកងទ័ពជើងទឹកដែលមានអាវុធនុយក្លេអ៊ែរ ដើម្បីទប់ទល់នឹងអ្វីដែលលោកអះអាងថាជាការគំរាមកំហែងកាន់តែខ្លាំងឡើងដែលបង្កឡើងដោយកិច្ចសហប្រតិបត្តិការយោធា អាម៉េរិក កូរ៉េខាងត្បូង និងជប៉ុន៕

Tag:
 អាម៉េរិក
  កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com