អន្តរជាតិ
ព្រិលធ្លាក់ខ្លាំងនៅចិន ធ្វើឱ្យរំខានដល់ការធ្វើដំណើររបស់ប្រជាជនមុនចូលឆ្នាំចិន
07, Feb 2024 , 12:09 pm        
រូបភាព
រូបភាព Reuters
រូបភាព Reuters
ភ្លៀងធ្លាក់ទឹកកក និងព្រិលបានបង្អាក់ចរាចរណ៍នៅភាគកណ្តាល ភាគខាងកើត និងភាគខាងត្បូងចិន ខណៈដែលមនុស្សរាប់លាននាក់ធ្វើដំណើរទៅផ្ទះមុនថ្ងៃឈប់សម្រាក នៃពិធីបុណ្យចូលឆ្នាំប្រពៃណីចិន​ និងនិទាឃរដូវនៅក្នុងអាកាសធាតុត្រជាក់ខ្លាំង។
 
ខេត្តហ៊ូណានដែលស្ថិតនៅភាគខាងត្បូង និងខេត្តហ៊ូប៉ីស្ថិតនៅភាគកណ្តាល បានទទួលផល ប៉ះពាល់នៃអាកាសធាតុធ្ងន់ធ្ងរដែលកាន់តែយ៉ាប់យ៉ឺនកាលពីចុងសប្តាហ៍មុនដោយធ្វើឱ្យចរាចរណ៍ផ្លូវល្បឿនលឿនកកស្ទះ ការលុបចោលជើងរថភ្លើងរាប់រយ និងការពន្យារពេលជើងហោះ ហើរផងដែរ។ 
 
ការរំខាននេះកើតឡើងស្របពេលជាមួយនឹងការធ្វើចំណាកស្រុកដ៏ធំបំផុតនៅ លើពិភពលោក ខណៈដែលប្រជាជននៅទូទាំងប្រទេសបន្តសម្រុកទៅផ្ទះដើម្បីជួបជុំក្រុម គ្រួសាររបស់ពួកគេ សម្រាប់ថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំចិន ដែលចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី១០ ខែកុម្ភៈ។
 
ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ វីដេអូនៅលើបណ្តាញសង្គមចិនបានបង្ហាញពីរូបភាពនៃ មនុស្សជាប់គាំងនៅលើរថភ្លើង និងនៅក្នុងរថយន្តនៅលើផ្លូវល្បឿនលឿនគ្របដណ្ដប់ដោយ ព្រិលនៅក្នុងទីក្រុងជាច្រើន រួមទាំងទីក្រុងជីងចូវ  នៅខេត្តហ៊ូប៉ី ភាគខាងត្បូងផងដែរ។
 
«អាកាសធាតុនៅទីក្រុងវ៉ូហាន (នៃខេត្តហ៊ូប៉ី) នេះ អ្នកត្រូវដើរ ២ម៉ឺនជំហានជារៀងរាល់ថ្ងៃ ដើម្បីទៅធ្វើការ ហើយបន្ទាប់មកពេលអ្នកត្រលប់មកផ្ទះវិញ ភ្លើងក៏រលត់ទៅវិញដោយសារតែខ្សែភ្លើងរលំ»។ អ្នកប្រើប្រាស់បណ្ដាញសង្គម Weibo ម្នាក់បានត្អូញត្អែរបែបនេះ។ 
 
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបញ្ជាក់ផងដែរថា រថភ្លើងរាប់រយត្រូវបានពន្យារពេល ឬផ្អាក ហើយ អ្នកដំណើរជាច្រើនបានជាប់គាំងនៅស្ថានីយ៍រថភ្លើងក្នុងទីក្រុងវ៉ូហាន។ ក្រុមហ៊ុនផ្សព្វផ្សាយរដ្ឋ CCTV បានរាយការណ៍ថា ផ្លូវហោះហើរនៅអាកាសយានដ្ឋាន Tianhe ក្នុងទីក្រុងវ៉ូហាន ត្រូវ បានបិទជាបណ្តោះអាសន្ននៅថ្ងៃទី៦ ខែកុម្ភៈ។
 
មកទល់ពេលនេះ​ យ៉ាងហោចណាស់មនុស្សពីរនាក់បានស្លាប់នៅក្នុងគ្រោះថ្នាក់ដែលទាក់ទងនឹងព្រិល។ នេះបើ​តាម​របាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ។ ចំណែកកាសែត China Daily ក្រសួងគ្រប់គ្រងគ្រាអាសន្នចិន និងនាយកដ្ឋានរដ្ឋាភិបាលចំនួនពីរផ្សេងទៀតបានបញ្ជូន សម្ភារសង្គ្រោះគ្រោះមហន្តរាយចំនួន ២ម៉ឺន ទៅកាន់ខេត្តហ៊ូណាន រួមទាំងភួយក្រាស់ផងដែរ។
 
ទន្ទឹមនឹងនេះ ក្រសួងហិរញ្ញវត្ថុ និងក្រសួងដឹកជញ្ជូនចិនបានបញ្ចេញថវិកាចំនួន ១៩,៦ លានដុល្លារដើម្បីគាំទ្រខេត្ត និងក្រុងចំនួន ១១ សម្រាប់ការសម្អាតព្រិល និងទឹកកកចេញពីផ្លូវ ល្បឿនលឿន។ ក្រុមសង្កេតការណ៍ឧតុនិយមកណ្តាលរបស់ចិនបានព្យាករណ៍ថានឹងមាន ភ្លៀងធ្លាក់ព្រិល និងអាកាសធាតុត្រជាក់បន្ថែមទៀតនៅភាគខាងត្បូងសម្រាប់ពាក់កណ្ដាលសប្តាហ៍នេះ ប៉ុន្តែស្ថានភាពនឹងប្រសើរឡើងចាប់ពីថ្ងៃទី៨ ខែកុម្ភៈ៕

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com