ជាតិ
ព័ត៍មានសុខភាព
អត្ថបទពាណិជ្ជកម្ម
ប្រភេទនៃទឹកខ្ពុរមាត់ និងអត្ថប្រយោជន៍ទីទៃពីគ្នារបស់វា
07, Feb 2024 , 11:59 am        
រូបភាព
ការប្រើប្រាស់ទឹកខ្ពុរមាត់ គឺជាកត្តាសំខាន់មួយដែលអ្នកគួរតែអនុវត្តប្រចាំថ្ងៃ ដើម្បីធានានូវមាត់ធ្មេញដែលគ្មានបន្សល់កាកសំណល់ បន្ទាប់ពីដុសធ្មេញរួច។ ប្រសិនបើការដុសធ្មេញមិនបានស្អាតល្អ គួបផ្សំនឹងកង្វះការប្រើទឹកខ្ពុរមាត់ទៀតនោះ អាចនឹងធ្វើឱ្យធ្មេញងាយនឹងឡើងកំណកកំបោរ និងបញ្ហាមាត់ធ្មេញផ្សេងៗ។ ខាងក្រោមនេះនឹងបង្ហាញពីប្រភេទផ្សេងៗនៃទឹកខ្ពុរមាត់ និងអត្ថប្រយោជន៍របស់វា។
 


ការចាត់ប្រភេទទឹកខ្ពុរមាត់នេះ គឺបែងចែកទៅតាមគោលដៅនៃការប្រើប្រាស់របស់វាដូចជា៖
 
១. ទឹកខ្ពុរមាត់សម្លាប់មេរោគ (Antiseptic Mouthwash)៖ មានសារធាតុ ក្លរិចស៊ីឌីន (Chlorhexidine) នៅក្នុងនោះ។ សារធាតុនេះអាចជួយបង្អាក់នូវការលូតលាស់នៃបាក់តេរីនៅក្នុងមាត់។ ទឹកខ្ពុរមាត់ប្រភេទនេះស័ក្ដិសមសម្រាប់អ្នកដែលមានបញ្ហាហើម និងរលាកអញ្ចាញធ្មេញ មានការបង្ករោគនៅក្នុងមាត់ធ្មេញ និងអ្នកដែលទើបដកធ្មេញឬវះកាត់ក្នុងមាត់ធ្មេញជាដើម ព្រោះវាអាចជួយឱ្យរបួសនៅក្នុងមាត់ជាសះស្បើយលឿន និងកាត់បន្ថយបញ្ហាក្លិនមាត់ដោយសារបាក់តេរីផងដែរ។ ប៉ុន្តែទឹកខ្ពុរមាត់ប្រភេទនេះមិនគួរប្រើក្នុងរយៈពេលយូរនោះទេ ដោយសារវាអាចធ្វើឱ្យធ្មេញឡើងលឿង។
 
២. ទឹកខ្ពុរមាត់បែប Cosmetic៖ ជាប្រភេទទឹកខ្ពុរមាត់មានតួនាទីធ្វើឱ្យខ្យល់ដង្ហើមរបស់អ្នកស្រស់ស្រាយ បំបាត់នូវបញ្ហាក្លិនមាត់។ ទឹកខ្ពុរមាត់ប្រភេទនេះ គួរតែត្រូវបានប្រើប្រាស់បន្ទាប់ពីធ្វើការដុសធ្មេញរួច ដោយវាអាចជួយលាងសម្អាតនូវរាល់កម្ទេចកាកសំណល់ចំណីអាហារដែលនៅជាប់តាមចន្លោះធ្មេញ។ ប៉ុន្ដែទឹកខ្ពុរមាត់មួយបែបនេះមិនមានមុខងារក្នុងការសម្លាប់មេរោគនោះទេ។ 
 
៣. ទឹកខ្ពុរមាត់មានជាតិភ្លុយអរ៉ាយ (Fluoride Mouthwash)៖ ជាទឹកខ្ពុរមាត់ដែលដើរតួក្នុងការប្រឆាំងនឹងបញ្ហាដង្កូវស៊ីធ្មេញ និងធ្មេញពុក និងជួយពង្រឹងនូវសុខភាពធ្មេញ។ សារធាតុភ្លុយអរ៉ាយ ត្រូវបានប្រើប្រាស់សម្រាប់ជួយឱ្យកាចាធ្មេញរឹងមាំ។ ប៉ុន្តែអ្នកត្រូវពិនិត្យមើលបន្ថែម មុននឹងប្រើប្រាស់ទឹកខ្ពុរមាត់ប្រភេទនេះ ព្រោះសារធាតុភ្លុយអរ៉ាយនេះក៏មាននៅក្នុងថ្នាំដុសធ្មេញ និងទឹកដែលយើងប្រើប្រាស់ប្រចាំថ្ងៃផងដែរ។ ការប្រើប្រាស់សារធាតុភ្លុយអរ៉ាយនេះច្រើនគឺអាចប៉ះពាល់ដល់សុខភាពរបស់យើង។
 
៤. ទឹកខ្ពុរមាត់សម្រាប់បំបាត់កំណកកំបោរធ្មេញ៖ ទឹកខ្ពុរមាត់ប្រភេទនេះមាននូវសារធាតុផ្សំដែលជាថ្នាំប្រឆាំងនឹងបាក់តេរី រួមជាមួយនឹងប្រេងរុក្ខជាតិ (Essential Oils) ដូចជា Thymol, Eucalyptol និង Menthol ជាដើម។ កំណកកំបោរតែងតែកើតឡើងដោយបាក់តេរីគួបជាមួយនឹងកាកសំណល់ចំណីអាហាររយៈពេលយូរ។ ដូច្នេះ ពពួកប្រេងរុក្ខជាតិទាំងនេះ អាចជ្រាតចូលទៅបំផ្លាញនូវកំណកកំបោរទាំងនេះបាន។ ទឹកខ្ពុរមាត់ប្រភេទនេះក៏អាចជួយឱ្យមាត់មានក្លិនប្រហើរផងដែរ។ 
 
ប្រភព៖
 
 
សម្របសម្រួលដោយ៖ ឱសថការី ឈាង សីហាក់ និង​ ឱសថការី លីណ្ណា ជិញជិញ
 

© រក្សាសិទ្ធិដោយ thmeythmey.com