ជាតិ
សាលារៀន និងមណ្ឌល​សុខភាពចំនួន​១៥ លេចធ្លោ​សម្រាប់​​​ជ័យលាភី «​​អង្គភាព​ផ្តល់​សេវាសាធារណៈគំរូ»
07, Feb 2024 , 3:59 pm        
រូបភាព
លោក ហ៊ុន ម៉ានី រដ្ឋមន្រ្តី​ក្រសួង​មុខងារសាធារណៈ។ រូបភាពពី​ក្រសួង​មុខងារសាធារណៈ
លោក ហ៊ុន ម៉ានី រដ្ឋមន្រ្តី​ក្រសួង​មុខងារសាធារណៈ។ រូបភាពពី​ក្រសួង​មុខងារសាធារណៈ
ភ្នំពេញ៖ សាលាបឋមសិក្សាចំនួន ៥ អនុវិទ្យាល័យចំនួន ៥ និងមណ្ឌលសុខភាពចំនួន ៥ ដែលជាប់ក្នុងដំណាក់កាលនៃការវាយតម្លៃជ្រើសសម្រាំងបេក្ខភាពជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈសរុបចំនួន១៥ កំពុងបង្ហាញភាពលេចធ្លោក្នុងដំណើរការវាយតម្លៃ។ បើតាមលោក ហ៊ុន ម៉ានី ការវាយតម្លៃ និងទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ ជាការជំរុញភាពជាគំរូ ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាជនកាន់តែប្រសើរ។


នៅព្រឹកថ្ងៃទី៧ ខែកុម្ភៈនេះ គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.) កំពុងដំណើរការ ការពិនិត្យ វាយតម្លៃ និងសម្រេចចុងក្រោយលើបេក្ខភាពអង្គភាពផ្តល់សេវាសាធារណៈគំរូ នៅសាលាភូមិន្ទរដ្ឋបាល។  ក្នុងដំណើរការពិនិត្យ និងវាយតម្លៃនេះ តំណាងបេក្ខភាពទាំង១៥ ដែលមកពីសាលាបឋមសិក្សា អនុវិទ្យាល័យ និងមណ្ឌលសុខភាព នឹងធ្វើបទបង្ហាញពីទិដ្ឋភាពជាក់ស្ដែង និងសមិទ្ធផលសម្រេចបានធៀបនឹងលក្ខណៈវិនិច្ឆ័យគោលទាំង៨ សម្រាប់ការវាយតម្លៃនិងទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល។
 
ដំណើរការវាយតម្លៃដំណាក់កាលសម្រេចចុងក្រោយនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧-៨ ខែកុម្ភៈ ដោយមានការចួលរួមពីលោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ រួមទាំងសមាជិក និងក្រុមការងារគណៈកម្មការវាយតម្លៃបច្ចេកទេសប្រមាណ៣០ រូប។ ក្នុងពេល ២ថ្ងៃ ក្រុមការងារ នឹងវាយតម្លៃ និងធ្វើចំណាត់ថ្នាក់លំដាប់ពីលេខ១ដល់លេខ៥ ក្នុងចំណោមបេក្ខភាពអនុវិទ្យាល័យ សាលាបឋមសិក្សា និងមណ្ឌលសុខភាព ដែលជាប់ក្នុងដំណាក់កាលនៃការវាយតម្លៃជ្រើសសម្រាំងបេក្ខភាពជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈសរុបចំនួន១៥ អង្គភាព។ 
  
រូបភាពពី​ក្រសួង​មុខងារសាធារណៈ

លោក ហ៊ុន ម៉ានី ដែលមានវត្តមានក្នុងដំណើរការវាយតម្លៃ មានប្រសាសន៍ថា ការវាយតម្លៃ និងទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ ជាការជំរុញភាពជាគំរូ ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាជនកាន់តែប្រសើរ។ រដ្ឋមន្រ្តីមុខងារសាធារណៈរូបនេះ បានសង្កត់ធ្ងន់ថា ការវាយតម្លៃត្រូវបានធ្វើឡើងយ៉ាងសុក្រិត និងមានការចូលរួមពីគ្រប់ជាន់ថ្នាក់ ចម្រុះអន្តរក្រសួង ស្ថាប័ន ចាប់តាំងពីថ្នាក់ក្រុង/ស្រុក/ខណ្ឌ រាជធានី/ខេត្ត និងថ្នាក់ជាតិ។  
 
ជាមួយគ្នានេះ លោក ហ៊ុន ម៉ានី បានកោតសរសើរ ដល់អង្គភាពបេក្ខភាពផ្តល់សេវាសាធារណៈគំរូទាំងអស់ដែលបានចូលរួមកន្លងមក។ «ទោះបីជាលទ្ធផលយ៉ាងណាក៏ដោយ អង្គភាពទាំងអស់សុទ្ធតែបានផ្តល់ភាពជាគំរូរួចជាស្រេចទៅហើយ តាមរយៈការចូលរួមប្រកួតប្រជែងនេះ»។ លោក ហ៊ុន ម៉ានី មានប្រសាសន៍បែបនេះ រួចបន្តថា អង្គភាពនីមួយៗពិតជាអាចមើលឃើញនូវវឌ្ឍនភាព និងការរីកចម្រើនជាក់ស្តែងក្នុងអង្គភាពរបស់ខ្លួនដោយផ្ទាល់ ក្នុងគោលដៅផ្តល់សេវាជូនប្រជាជនកាន់តែប្រសើរ។
  
រូបភាពពី​ក្រសួង​មុខងារសាធារណៈ

ទម្រាំមកវគ្គចុងក្រោយនេះ បេក្ខភាពទាំងអស់ ត្រូវឆ្លងកាត់លក្ខណៈវិនិច្ឆ័យ យ៉ាងល្អិតល្អន់ចំនួន៨ចំណុច ដែលពាក់ព័ន្ធជាមួយស្តង់ដាសេវាសាធារណៈ, និយាមនៃផ្តល់សេវា, ការគ្រប់គ្រងហិរញ្ញវត្ថុ, ការគ្រប់គ្រងធនធានមនុស្ស, ការរៀបចំកែលម្អបរិស្ថានអនាម័យ, ទំនាក់ទំនងជាមួយសហគមន៍, ការដោះស្រាយបញ្ហាប្រឈម និងនវានុវត្តន៍។  
 
គួររម្លឹកផងដែរថា កាលពីឆ្នាំ២០១៨ បេក្ខភាពជ័យលាភីលេខ១ ក្នុងវិស័យអប់រំ បានទៅវិទ្យាល័យពេជ្រចិន្តា ខណៈ បេក្ខភាពជ័យលាភីលេខ១ ក្នុងវិស័យសុខាភិបាល រួមមាន៖ មន្ទីរពេទ្យបង្អែកបាកាន (កម្រិត CPA1) មន្ទីរពេទ្យបង្អែកខេត្តកោះកុង (កម្រិត CPA2) និងមន្ទីរពេទ្យខេត្តកំពង់ចាម (កម្រិត CPA3)។ សម្រាប់ឆ្នាំ២០២៣ កម្មវិធីការវាយតម្លៃ និងទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ មានបេក្ខជន មណ្ឌលសុខភាពចំនួន ៤៣ ក្នុងវិស័យសុខាភិបាល និង សាលាបឋមសិក្សាចំនួន ៤៦ និងអនុវិទ្យាល័យចំនួន ៤២ ក្នុងវិស័យអប់រំ។
 
សូមបញ្ជាក់ថា ការវាយតម្លៃ និងទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ ដោយមានការទទួលស្គាល់ និងផ្តល់រង្វាន់លើកទឹកចិត្តពីរដ្ឋាភិបាល ជាគំនិតផ្តួចផ្តើមរួមគ្នារបស់ក្រសួងមុខងារសាធារណៈ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕  

រូបភាពពី​ក្រសួង​មុខងារសាធារណៈ

រូបភាពពី​ក្រសួង​មុខងារសាធារណៈ

Tag:
 ហ៊ុន ម៉ានី
  ក្រសួងមុខងារសាធារណៈ
  សាលារៀន
  មណ្ឌលសុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com