អន្តរជាតិ
អូស្ត្រាលី​រៀបចំច្បាប់ឱ្យបុគ្គលិក​មិន​ឆ្លើយតប​ថៅកែនៅ​ក្រៅ​ម៉ោង​ធ្វើការ
08, Feb 2024 , 10:02 am        
រូបភាព
នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក អាន់តូនី អាល់បានី។ រូបភាព AFP
នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក អាន់តូនី អាល់បានី។ រូបភាព AFP
អូស្ត្រាលី កំពុងរៀបចំច្បាប់ដែលផ្តល់ឱ្យអ្នកធ្វើការ ទទួលបានសិទ្ធិមិនអើពើពីការហៅទូរស័ព្ទ និងសារ ដែលមិនសមហេតុផលពីថៅកែ ឬអ្នកគ្រប់គ្រងរបស់ពួកគេ នៅខាងក្រៅម៉ោងធ្វើការ ដោយគ្មានការផាកពិន័យលើបុគ្គលិក។ សម្រាប់និយោជកវិញ ​ពួកគេអាចប្រឈមនឹងការផាកពិន័យ សម្រាប់ការបំពានច្បាប់ថ្មីនេះ។
 
សិទ្ធិក្នុងការផ្តាច់បណ្ដាញទំនាក់ទំនង ជាផ្នែកមួយនៃការកែប្រែច្បាប់ទំនាក់ទំនងឧស្សាហកម្ម ដែលស្នើឡើងដោយរដ្ឋាភិបាលសហព័ន្ធ ដើម្បីការពារសិទ្ធិបុគ្គលិក និងជួយស្ដារតុល្យភាពជីវិត និងការងារ។ 
 
រដ្ឋមន្ត្រីក្រសួងការងារអូស្ត្រាលី លោក Tony Burke មកពីបក្សពលករដែលកំពុងកាន់អំណាច បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃទី៧ ខែកុម្ភៈ ថា សមាជិកព្រឹទ្ធសភាភាគច្រើន បានប្រកាសគាំទ្រ​សេចក្តីស្នើច្បាប់នេះ។ លោក Burke កត់សម្គាល់​ដែរថា ការផ្តល់នេះ បញ្ឈប់និយោជិតពីការធ្វើការថែមម៉ោង ដោយគ្មានប្រាក់ឈ្នួល តាមរយៈសិទ្ធិក្នុងការផ្តាច់ទំនាក់ទំនងមិនសមហេតុផលក្រៅម៉ោងធ្វើការ។
 
ជុំវិញរឿងនេះនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អាន់តូនី អាល់បានី បានបញ្ជាក់ពីការមិនសមស្រប ក្នុងការតម្រូវឱ្យឆ្លើយតបក្រៅម៉ោងធ្វើការផងដែរ។ «អ្វី​ដែល​យើង​និយាយ​យ៉ាង​សាមញ្ញ​នោះ ​គឺ​អ្នក​ណា​ដែល​មិន​ត្រូវ​បាន​ប្រាក់​ឈ្នួល២៤ម៉ោង ​ក្នុង​មួយ​ថ្ងៃ​ មិន​គួរ​ត្រូវ​បាន​ពិន័យ ​ប្រសិន​បើ​ពួក​គេ ​មិន​បើកប្រព័ន្ធអនឡាញ ​និងអាចទាក់ទងបាន២៤ ម៉ោង​ក្នុង​មួយ​ថ្ងៃ» ។ លោក អាល់បានី ប្រាប់អ្នកសារព័ត៌មានបែបនេះ នៅក្នុងថ្ងៃដដែល។
 
សេចក្តីស្នើច្បាប់នេះ​ ក៏រួមបញ្ចូលបទប្បញ្ញត្តិផ្សេងទៀត ដូចជាផ្លូវកាន់តែច្បាស់ពីការងារបណ្តោះ​អាសន្ន ទៅការងារអចិន្ត្រៃយ៍ និងស្តង់ដារអប្បបរមាសម្រាប់កម្មករបណ្តោះអាសន្ន និងអ្នកបើកបរឡានដឹកទំនិញ។ សេចក្តីស្នើច្បាប់នេះ នឹងដាក់ទៅសភានៅសប្តាហ៍នេះ។ 
 
យ៉ាងណាមិញ អ្នកនយោបាយ ក្រុមនិយោជក និងអ្នកដឹកនាំក្រុមហ៊ុនមួយចំនួន បានព្រមានថា សិទ្ធិក្នុងការផ្តាច់សេវាទំនាក់ទំនងក្រៅម៉ោងធ្វើការ ជាការហួសកម្រិត ហើយនឹងធ្វើឱ្យ ប៉ះពាល់ដល់ការផ្លាស់ប្តូរ ឆ្ពោះទៅរកការងារដែលអាចបត់បែនបាន និងការប្រកួតប្រជែង។
 
ឯក្រុមឆ្វេងនិយម នៃបក្សបៃតងដែលគាំទ្រច្បាប់នេះ និងជាបក្សដំបូងដែលស្នើច្បាប់កាលពីឆ្នាំមុន បាននិយាយថា វាជាការឈ្នះដ៏ធំមួយ សម្រាប់គណបក្ស។ មេដឹកនាំបៃតង លោក Adam Bandt បានបង្ហោះសារលើបណ្ដាញសង្គម X ថា ប្រជាជនអូស្ត្រាលី ធ្វើការជាមធ្យមក្នុងមួយឆ្នាំ ប្រាំមួយសប្តាហ៍ដោយគ្មានប្រាក់បន្ថែមម៉ោង ដែលស្មើនឹងជាង ៦០,១៣ ពាន់​លានដុល្លារ នៅក្នុងប្រាក់ឈ្នួល ដែលមិនបានផ្ដល់ជូនអ្នកធ្វើការនៅទូទាំងប្រទេស។
 
មិនត្រឹមតែអូស្រ្តាលីឡើយ បារាំង អេស្ប៉ាញ និងប្រទេសផ្សេងទៀតនៅសហភាពអឺរ៉ុប ក៏បានដាក់ចេញរួចហើយ ច្បាប់ដែលអនុញ្ញាតឱ្យនិយោជិតមានសិទ្ធិបិទឧបករណ៍ទំនាក់ទំនង ដូចជា​ទូរស័ព្ទ ឬ​កំព្យូទ័រជាដើម នៅក្រៅម៉ោងធ្វើការ៕

Tag:
 អូស្រ្តាលី
© រក្សាសិទ្ធិដោយ thmeythmey.com