អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក វីដូដូ អំពាវនាវឱ្យកងកម្លាំងប្រដាប់អាវុធរក្សាអព្យាក្រឹតក្នុងការបោះឆ្នោត
09, Feb 2024 , 9:59 am        
រូបភាព
ប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ ។ រូបភាព ៖ Sekretariat Presiden
ប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ ។ រូបភាព ៖ Sekretariat Presiden
ប្រធានាធិបតីឥណ្ឌូណេស៊ីបច្ចុប្បន្ន លោក ចូកូ វីដូដូ បានសន្យាថា លោកនឹងមិនចូលរួមក្នុងការប្រមូលផ្តុំ ឬយុទ្ធនាការណាមួយរបស់បេក្ខជនមុនការបោះឆ្នោតប្រធានាធិបតី ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែកុម្ភៈឡើយ។ ទន្ទឹមនេះប្រធានាធិបតីផុតអាណត្តិ ក៏អំពាវនាវឱ្យរដ្ឋបាលស៊ីវិល កងកម្លាំងប្រដាប់អាវុធ ប៉ូលិស និងទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិឥណ្ឌូណេស៊ីរក្សាភាពអព្យាក្រឹតផងដែរ។
 
ថ្លែងនៅលើបណ្តាញ YouTube របស់ Sekretariat Presiden នៅថ្ងៃទី៧ ខែកុម្ភៈ លោកប្រធានាធិបតីផុតអាណត្តិ ចូកូ វីដូដូ បានសង្កត់ធ្ងន់ថា លោកនឹងមិនចូលរួមយុទ្ធនាការបោះឆ្នោតនោះទេ ទោះបីជាលោកមានសិទ្ធិធ្វើដូច្នេះក្រោមច្បាប់បោះឆ្នោតឥណ្ឌូណេស៊ីក៏ដោយ។ 
 
លោក វីដូដូ ក៏បានស្នើឱ្យរដ្ឋបាលស៊ីវិល កងកម្លាំងប្រដាប់អាវុធ ប៉ូលិស និងទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិឥណ្ឌូណេស៊ីរក្សាភាពអព្យាក្រឹត ព្រមទាំងអំពាវនាវឱ្យគណៈកម្មការរៀបចំការបោះឆ្នោត និងអាជ្ញាធរត្រួតពិនិត្យការបោះឆ្នោតធ្វើការប្រកបដោយវិជ្ជាជីវៈក្នុងការបោះឆ្នោតឆ្នាំ២០២៤នេះ។
 
ការថ្លែងរបស់ប្រធានាធិបតីឥណ្ឌូណេស៊ីបច្ចុប្បន្នរូបនេះ ត្រូវធ្វើឡើងក្នុងបរិបទដែលកូនប្រុសច្បងរបស់លោកគឺ Gibran Rakabuming Raka ចូលរួមប្រជែងតំណែងអនុប្រធានាធិបតី ខណៈលោក Prabowo Subianto ដែលជារដ្ឋមន្ត្រីក្រសួងការពារជាតិបច្ចុប្បន្នប្រជែងតំណែងប្រធានាធិបតី។ ផ្អែកលើលទ្ធផលនៃការស្ទង់មតិថ្មីៗនេះ ដៃគូសហការនេះទទួលបានសម្លេងគាំទ្រច្រើនជាងគេបំផុត។ ពីមុនធ្លាប់មានពាក្យចចាមអារ៉ាមថាលោក ចូកូ វីដូដូ អាចចូលរួមក្នុងយុទ្ធនាការឱ្យក្រុមលោក​ Prabowo - Gibran ។
 
នៅក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៤នេះ បេក្ខជនប្រធានាធិបតីចំនួន ៣រូប នឹងចូលរួមដែលមានលោក Prabowo Subianto ជារដ្ឋមន្រ្តីការពារជាតិ និងជាអតីតកូនប្រសាររបស់លោក Suharto, លោក Ganjar Pranowo អតីតអភិបាលខេត្តជ្វាកណ្តាល និងលោក Anies Baswedan អតីតអភិបាលក្រុងហ្សាការតា។ 
 
កាលពីថ្ងៃទី៤ ខែកុម្ភៈ ការជជែកដេញដោលចុងក្រោយរវាងបេក្ខជនប្រធានាធិបតីទាំងបីបានធ្វើឡើងមុនការបោះឆ្នោត។ ចុងសប្តាហ៍នេះ បេក្ខជន Prabowo និង Gibran គ្រោងនឹងរៀបចំការប្រមូលផ្តុំអ្នកបោះឆ្នោតដ៏ធំនៅក្នុងរដ្ឋធានីហ្សាការតា រំពឹងមានការចូលរួមពីអ្នកគាំទ្ររាប់រយពាន់នាក់។
 
ចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៣ ខែកុម្ភៈ ការឃោសនាបោះឆ្នោតនៅឥណ្ឌូណេស៊ីនឹងមានសភាពស្ងប់ស្ងាត់ ហើយបេក្ខជននឹងមិនត្រូវបានអនុញ្ញាតឱ្យធ្វើយុទ្ធនាការមុនពេលការបោះឆ្នោតប្រធានាធិបតីនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែកុម្ភៈទេ។ តាមរដ្ឋធម្មនុញ្ញឥណ្ឌូណេស៊ី ប្រធានាធិបតី ចូកូ វីដូដូ អាចកាន់បានត្រឹម ២អាណត្តិ ដោយមួយអាណត្តិមានរយៈពេល ៥ឆ្នាំ៕ 

Tag:
 ឥណ្ឌូណេស៊ី
  បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com