អន្តរជាតិ
សារជូនពរឆ្នាំថ្មី តៃវ៉ាន់អរគុណការគាំទ្រពីពិភពលោក ខណៈក្រុងប៉េកាំងធ្វើសមយុទ្ធយោធា
09, Feb 2024 , 1:59 pm        
រូបភាព
ប្រធានាធិបតីតៃវ៉ាន់ផុតអាណត្តិ លោកស្រី Tsai Ing-wen។ រូបភាព AFP
ប្រធានាធិបតីតៃវ៉ាន់ផុតអាណត្តិ លោកស្រី Tsai Ing-wen។ រូបភាព AFP
ប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen នៅថ្ងៃទី៨ ខែកុម្ភៈ បានថ្លែងអំណរគុណដល់ សហគមន៍អន្តរជាតិសម្រាប់ការគាំទ្រតៃវ៉ាន់នៅក្នុងសារចូលឆ្នាំចិន មួយថ្ងៃបន្ទាប់ពីយោធា ចិនបានចេញផ្សាយបទចម្រៀងដែលជំរុញឱ្យកោះនេះរួបរួមគ្នា និងមានការបង្ហាញរូបភាពនៃ សមយុទ្ធយោធាវាយប្រហារដោយមីស៊ីលលើកោះតៃវ៉ាន់។
 
នៅក្នុងសារវីដេអូខ្លីមួយដែលត្រូវបានថតទុកមុនពេលចាប់ផ្តើមបុណ្យចូលឆ្នាំថ្មី​នៅថ្ងៃទី ១០ ខែកុម្ភៈ លោកស្រី Tsai Ing-wen ប្រធានាធិបតីផុតអាណត្តិ មានប្រសាសន៍ថា ក្នុងការប្រឈមមុខនឹងស្ថានភាពអន្តរជាតិដែល ផ្លាស់ប្តូរយ៉ាងឆាប់រហ័ស តៃវ៉ាន់បានរួបរួមគ្នាក្នុងកិច្ចខិតខំរបស់ខ្លួនដើម្បីឈរយ៉ាងរ៉ឹងមាំ។
 
«ខ្ញុំជឿជាក់ថា ដរាបណាយើងបន្តគាំទ្រគ្នា យើងអាចជម្នះការលំបាកបាន ដរាបណាយើងបន្ត រួបរួមគ្នា យើងអាចការពារប្រទេសបាន»។ លោកស្រីលើកឡើងបែបនេះ រួចបន្តក្នុងភាសាអង់គ្លេសថា ជូនចំពោះមិត្តភក្តិជុំវិញពិភពលោក លោកស្រីសូមអរគុណចំពោះការបន្តគាំទ្រតៃវ៉ាន់ ហើយក្នុងការឆ្ពោះទៅមុខ តៃវ៉ាន់នឹងបន្តធ្វើការជាមួយដៃគូប្រជាធិបតេយ្យ ដើម្បីរក្សាសន្តិភាព និងស្ថិរភាព ហើយនឹងបន្តកិច្ចសហប្រតិបត្តិការដើម្បីក្លាយជាប្រទេសមួយដើរស្របជាមួយពិភពលោក។
 
នៅថ្ងៃទី៧ ខែមករា បញ្ជាការភាគខាងកើតនៃកងទ័ពរំដោះប្រជាជនចិន ដែលមានផ្នែកទទួលខុសត្រូវលើតៃវ៉ាន់ បានដាក់ចេញវីដេអូចម្រៀងឆ្នាំថ្មីមួយដែលមានចំណងជើងថា៖ «អ្នកអាចឈ្នះបានដោយត្រឡប់ទៅផ្ទះវិញ (រួមមួយគ្នាវិញ)» ដែលលើកឡើងជាទូទៅពីកោះ តៃវ៉ាន់ក៏ដូចជាខេត្តហ្វូជៀនរបស់ចិនផងដែរ។
 
ក្នុងវីដេអូដដែលនោះក៏បង្ហាញពីនាវាចម្បាំង និងយន្តហោះចម្បាំងរបស់ចិន រួមទាំងយន្តហោះ ចម្បាំងបំបាំងខ្លួន J-20 និងរូបភាពនៃការធ្វើការតេស្កវាយប្រហារដោយមីស៊ីលលើកោះតៃវ៉ាន់។ ទន្ទឹមនឹងនេះផងដែរ វីដេអូបង្ហាញពីទិដ្ឋភាពតាមដងផ្លូវរបស់តៃវ៉ាន់ និងអគារ Taipei 101 ដែលជាអគារខ្ពស់ជាងគេលើពិភពលោក។
 
មេបញ្ជាការធ្លាប់ចេញផ្សាយវីដេអូជាលើកដំបូងក្នុងអំឡុងពេលធ្វើសមយុទ្ធសង្រ្គាមជុំវិញកោះនេះក្នុងខែមេសា ឆ្នាំ ២០២៣។
 
ក្នុងការថ្លែងខាងលើវិញ លោកស្រី Tsai មិនបានផ្តល់ការស្វាគមន៍ឆ្នាំថ្មីដល់ចិនដោយផ្ទាល់នោះទេ ជំនួសមកវិញការជូនពរដ៏ល្អបំផុតទៅកាន់ «មិត្តល្អ» ជុំវិញពិភពលោកដែលប្រារព្ធ ពិធីបុណ្យនេះដែលមានដូចជា វៀតណាម និងកូរ៉េខាងត្បូង។
 
លោកស្រី Tsai នឹងចាកចេញពីតំណែងនៅថ្ងៃទី ២០ ខែឧសភា ខណៈដែលអនុប្រធានាធិបតីតៃវ៉ាន់បច្ចុប្បន្នលោក William Lai ដែលបានឈ្នះការបោះឆ្នោតកាលពីខែមុននឹងឡើងកាន់តំណែងបន្ទាប់។ ក្រុងប៉េកាំងចាត់ទុកលោកស្រី Tsai និងលោក Lai ជាអ្នកបំបែកខ្លួន ហើយបានបដិសេធសំណើចរចារបស់ពួកគេ៕ 

© រក្សាសិទ្ធិដោយ thmeythmey.com