ជាតិ
ព័ត៍មានសុខភាព
សុខភាព
អត្ថបទពាណិជ្ជកម្ម
មុនពេលតមអាហារដើម្បីសម្រកទម្ងន់ តើអ្នកត្រូវដឹងអ្វីខ្លះ?
09, Feb 2024 , 2:59 pm        
រូបភាព
បច្ចុប្បន្ន ការតមអាហារដូចជាតមពេលព្រឹក ឬពេលល្ងាច ដើម្បីសម្រកទម្ងន់ គឺពិតជា​ពេញនិយមខ្លាំង ដោយហេតុថាប្រជាជនយើងសព្វថ្ងៃ ភាគច្រើនឱ្យតម្លៃទៅលើសុខភាព និងរូបរាងកាយជាខ្លាំង។ ប៉ុន្តែ វាមានកត្តាជាច្រើនដែលយើងត្រូវតែយកមកពិចារណា ដោយមិនគួររំលងនោះទេ មុនពេលដែលយើងសម្រេចចិត្ត តមអាហារ។
 


កត្តាសំខាន់ៗទាំងនោះគឺ៖

១. ការតមអាហារក្នុងរយៈពេលណាមួយដើម្បីសម្រកទម្ងន់ មិនមែនមានន័យថា ដល់ពេលវេលាដែលអ្នកអាចបរិភោគវិញ អ្នកអាចទទួលទានលើសកំណត់នោះទេ។ ក្រៅពីវាធ្វើឱ្យអ្នកមិនអាចស្រកទម្ងន់បាន វាថែមទាំងអាចធ្វើឱ្យអ្នកប្រឈមនឹងបញ្ហាសុខភាពផ្សេងៗទៀតផង។ 
 
២. ប្រភេទការងារ៖ ប្រសិនបើការងាររបស់អ្នកជាការងារដែលត្រូវប្រើកម្លាំងធ្ងន់ ឬតម្រូវឱ្យអ្នកធ្វើការពីព្រឹកដល់យប់ អ្នកប្រាកដជាត្រូវការថាមពល និងកាឡូរីខ្ពស់ ដែលធ្វើឱ្យការតមអាហារ ក្លាយជាចំណុចមួយដែលត្រូវប្រុងប្រយ័ត្ន។
 
៣. កាលវិភាគ និងគោលដៅច្បាស់លាស់៖ អ្នកគួរតែរៀបចំនូវកាលវិភាគច្បាស់លាស់ អំពីរយៈពេលដែលត្រូវតម របបអាហារដែលត្រូវញ៉ាំ ចំនួនកាឡូរីដែលត្រូវការប្រចាំថ្ងៃ និងត្រូវមានគោលដៅជាក់លាក់មួយ ដើម្បីកំណត់ពីដំណើរការនៃការសម្រកទម្ងន់របស់អ្នក។ 
 
៤. បុគ្គលដែលមិនគួរតមអាហារមាន៖
  • អ្នកដែលមានអាយុក្រោម ១៨ឆ្នាំ
  • អ្នកដែលធ្លាប់មានប្រវត្តិជំងឺមិនប្រក្រតីក្នុងការញ៉ាំ (Eating Disorder)
  • ស្រ្តីមានផ្ទៃពោះ និងបំបៅដោះកូន
  • អ្នកលេងកីឡាច្រើន និងអត្តពលិក
  • អ្នកដែលមានជំងឺទឹកនោមផ្អែម ឬបញ្ហាជំងឺផ្សេងៗ។
៥. ការតមអាហាររយៈពេលយូរ អាចនឹងធ្វើឱ្យរាងកាយខ្វះខាតនូវសារធាតុចិញ្ចឹមដូចជាវីតាមីន និងជាតិរ៉ែដែលចាំបាច់សម្រាប់អ្នក។ ដូច្នេះអ្នកគួរបរិភោគអាហារដែលផ្ដល់នូវសុខភាពល្អ និងមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ដូចជា បន្លែ ផ្លែឈើ គ្រាប់ធញ្ញជាតិ ផលិតផលទឹកដោះគោដែលមានជាតិខ្លាញ់ទាប និងជាតិប្រូតេអ៊ីនខ្ពស់ក្រៅពីពេលតំណម។ 
 
៦. ដឹងពីផលរំខាននៃការតមអាហារ៖ បញ្ហាផ្សេងៗដូចជាឈឺក្រពះ ចង្អោរ ទល់លាមក រំខានដំណេក អស់កម្លាំង ឈឺក្បាល ថយចុះការផ្ចង់អារម្មណ៍សុទ្ធតែជាកត្តាដែលអ្នកត្រូវពិចារណាមុនពេល​អនុវត្តន៍ការតមអាហារ។ 
 
៧. អ្នកមិនត្រូវ​តមអាហារឱ្យហួសហេតុពេកនោះទេ៖ ជាឧទាហរណ៍ អ្នកមិនទទួលទានទឹកសោះអំឡុងពេលតមអាហារ។ ការមិនទទួលទានទឹកបែបនេះ អាចផ្ដល់ជាហានិភ័យចំពោះអ្នក ដោយសារការបាត់បង់ជាតិទឹកធ្ងន់ធ្ងរ។ មួយវិញទៀត បញ្ហាកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ អាចនឹងកើតមានចំពោះអ្នកដែលទទួលទានអាហារតិចជាង ១២០០កាឡូរីក្នុងមួយថ្ងៃ ជារៀងរាល់ថ្ងៃរយៈពេលយូរ។
 
ប្រភព៖ 


សម្របសម្រួលដោយ៖ ឱសថការី ឈាង សីហាក់ និង ឱសថការី លីណ្ណា ជិញជិញ

© រក្សាសិទ្ធិដោយ thmeythmey.com