ជាតិ
បទយកការណ៍ / បទសម្ភាសន៍
វីដេអូ
កញ្ញា មីង តាវ ពី​កម្មការិនី​រោងចក្រ ក្លាយជា​អ្នក​បកប្រែ​ភាសាចិន
10, Feb 2024 , 7:59 am        
រូបភាព
ភ្នំពេញ៖ កញ្ញា មីង តាវ គឺជា​កម្មការិនី​រោង​ចក្រ​​មួយ​កន្លែង​នៅ​រាជធានីភ្នំពេញ។ កញ្ញា មីង តាយ បាន​វិវឌ្ឍន៍​ខ្លួន​ពី​កម្មការិនីទៅ​ជា​អ្នក​បកប្រែភាសាចិនក្នុង​រោងចក្រ ដែល​អាច​រក​ចំណូល​បាន​ច្រើន​ជាង​មុន។ បើតាម​កញ្ញា មីង តាវ ភាសា​ចិន ពិតជា​មាន​សារៈសំខាន់​ ដែល​អាច​ជួយ​បង្កើន​ចំណូល និង​មាន​កិត្តិយសជាង​ពេលធ្វើកម្មករធម្មតា។

ឈប់​រៀន​ត្រឹម​​អនុ​វិទ្យាល័យដោយសារ​ជីវភាព​គ្រួសារ​​ កញ្ញា មីង តាវ បាន​មក​ធ្វើ​ការ​រោងចក្រ​នៅ​រាជធានីភ្នំពេញ។ មក​ធ្វើការ​ក្នុង​រោងចក្រមុន​ដំបូង កញ្ញា មីង តាវ ត្រឹម​ជា​កម្មករ​ប៉ុណ្ណោះ។​ ប៉ុន្តែ​ហេតុតែ​ស្រឡាញ់​ការសិក្សា​ និង​ចង់​អភិវឌ្ឍន៍​ខ្លួន​ ក្នុង​អំឡុង​ពេល​ធ្វើការ​​នៅ​រោងចក្រ​នោះ កញ្ញា មីង តាវ បាន​ឆ្លៀត​ពេល​ទៅ​រៀន​ភាសាចិន នៅ​ព្រះ​វិហារ​ចិនមួយកន្លែង។ 
 
«ដោយសារ​ខ្ញុំ​ស្រឡាញ់​ការ​សិក្សា​ពេក ខ្ញុំ​គិត​ថា​ជ្រើសរើស​ភាសាណាមួយ​សម្រាប់​រៀន​ ដើម្បី​ប្រើ​ប្រាស់​បាន​។ ពេល​ធ្វើការនៅ​រោងចក្រ ខ្ញុំមាន​ទំនាក់​ទំនងជាមួយចិនយូរៗទៅ ខ្ញុំ​ក៏​ចេះ​ចិនខ្លះៗ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។ ខ្ញុំ​គិត​ថា ខ្ញុំចេះខ្លះ​ហើយ តែ​មិនទាន់​គ្រប់​គ្រាន់​ ដូច្នេះ​បានជា​ខ្ញុំ​ទៅ​រៀន​ចិន​បន្ថែម​»។ នេះជាការ​លើក​ឡើង​របស់​កញ្ញា មីង តាវ អ្នក​បក​ប្រែ​ភាសាចិន។ 
 
សូម​អញ្ជើញ​ទស្សនា​បទ​​សម្ភាស​រវាង​អ្នកស្រី ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មាន ជាមួយ​កញ្ញា មីង តាវ អ្នក​បកប្រែភាសាចិនដូចតទៅ៖


ក្រោយ​តស៊ូ​រៀន​ភាសាចិន នៅតាម​ព្រះ​វិហារ​ ដោយ​ឥត​គិត​ថ្លៃ និង​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ជនជាតិ​ចិន នៅក្នុង​រោងចក្រ បាន​ធ្វើ​ឱ្យ​កញ្ញា មីង តាវ មាន​សមត្ថភាព​អាច​បកប្រែ​ភាសាចិនបាន​។ 
 
កញ្ញា មីង តាវ ដែលជា​អ្នក​បកប្រែភាសាចិន ១១ឆ្នាំរូបនេះ បានប្រាប់​សារព័ត៌មាន​ថ្មីៗ ដូច្នេះថា៖«យើង​ជា​មនុស្ស​ម្នាក់​ដែល​មាន​ការ​សិក្សា​ទាប​ ឥឡូវ​យើង​អាច​រៀន​ភាសា​ចិន និង​អាច​​ចេះ​និយាយចិន​ គឺជា​មោទកភាព​មួយសម្រាប់ខ្ញុំ»។ 
 
តាម​រយៈ​ការ​ខិត​ខំ​ប្រឹង​ប្រែង និង​សង្វាត​ក្នុងការ​សិក្សា​ភាសាចិន បាន​នាំ​មក​នូវ​ផល​វិជ្ជមាន​សម្រាប់​កញ្ញា មីង តាវ។ បើតាម​កញ្ញា មីង តាវ ការ​ចេះ​ភាសាចិននេះ បាន​ជួយ​កែប្រែ​ជីវភាព​រស់​នៅ​ និង​បង្កើន​ចំណូលផងដែរ។ ​លើសពីនេះ ក្នុង​តួនាទី​ជា​អ្នក​បក​ប្រែ កញ្ញា មីង​ តាវ ក៏​ជួយ​ដោះ​ស្រាយ​បញ្ហា​ដែល​កម្មករ​បាន​ជួប​ប្រទះផងដែរ។ 
 
តើ​ភាសាចិន មាន​តម្លៃ​យ៉ាងណា? កញ្ញា មីង តាវ ឆ្លើយ​ប្រាប់​អ្នក​សារព័ត៌មាន​ថ្មីៗដូច្នេះ៖«វាមាន​តម្លៃ ព្រោះ​ភាសាចិន អាច​ទាក់​ទាញ​ចំណូល​ខ្ពស់​ អាច​ធ្វើ​ឱ្យ​ខ្ញុំ​មាន​កិត្តិយស​ជា​ង​កាលពី​ធ្វើការ​កម្មករ​ធម្មតា​។ ជាពិសេស​អាច​ជួយកម្មករ​ ពេលមាន​បញ្ហាជា​មួយ​ចិន​ជាដើម»។ 
 
ទោះ​ភាសាចិន មាន​ផលលំបាក តែកញ្ញា មីង តាវ មិនបោះបង់​ការ​ប្រឹងប្រែង​នោះទេ​។ អ្នក​បកប្រែរូបនេះ យល់ថា​ផលលំបាកទាំងនោះ មិន​មែន​ជា​ឧបសគ្គសម្រាប់​កញ្ញាឡើយ ព្រោះ​ភាសានេះ បាន​ជួយ​បំពេញ​បន្ថែមចំណុចខ្វះ​ខាត​របស់​កញ្ញា​។ កញ្ញា មីង តាវ ក៏បាន​លើក​ទឹកចិត្តដល់​អ្នក​ជុំវិញខ្លួន​​ឱ្យ​ខិតខំ​រៀន​ភាសា​ចិន សម្រាប់​ប្រើ​ប្រាស់​ក្នុង​ជីវភាព​ប្រចាំថ្ងៃ និង​ជា​ដើម​ទុន​សម្រាប់​មនុស្សម្នាក់ៗ៕
 

Tag:
 ​កម្មការិនី
  រោងចក្រ
  ភាសាចិន​
© រក្សាសិទ្ធិដោយ thmeythmey.com