ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
តិច​និក​សំខាន់​ៗ​ជួយ​ឲ្យ​ចៀស​ឆ្ងាយ​ពី​ជំងឺ​បេះដូង
11, Feb 2024 , 6:59 am        
រូបភាព
បេះដូង​ជា​សរីរាង្គ​មួយ​ក្នុង​រាង​កាយ មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ដំណើរការ​រាង​កាយ ប្រសិនបើ​បេះដូង ត្រូវ​គាំង​លែង​ដំណើរការ​នោះ​សរីរាង្គ​គ្រប់យ៉ាង​ក៏​ត្រូវ​លែង​ដំណើរការ​ដូច​គ្នា​។ ខណៈ​ពេល​នេះ​រឿង​ដែល​សំខាន់ យើង​ចាប់ផ្ដើម​ត្រូវធ្វើ និង​តាមដាន​នោះ​គឺ ការ​ថែរក្សា​បេះដូង​ឲ្យ​មាន​សុខភាព​ល្អ​។
 
១.​ស្គាល់​ច្បាស់​ពី​បញ្ហា​ប្រឈម

នៅ​វ័យ​ក្រោម ៤០​ឆ្នាំ​មិន​ថា​បុរស ឬ​ស្ដ្រី​នោះ​ទេ មាន​ភាគរយ​តិច​ដែល​បាន​ប្រឈម​នឹង​បញ្ហា​សុខភាព​បេះដូង ឬ​អាច​និយាយ​បាន​ថា​បេះដូង​នៅ​មាន​សុខ​ភាពរឹងមាំ ដែល​ធ្វើ​ឲ្យ​អ្នក​ក្នុង​វ័យ​នេះ​ងាយ​នឹង​ភ្លេចខ្លួន​ចំពោះ​កត្ដា​ហានិភ័យ​នៅ​ថ្ងៃ​ខាង​មុខ​។ ដោយ​ការ​មិន​ខ្វា​យ​ខ្វា​ល់​ពី​របប​អាហារ ការ​មិន​ធ្វើ​សកម្មភាព​រាង​កាយ និង ឥរិយាបថ ទម្លាប់​សំខាន់​ៗ​ប្រចាំ​ថ្ងៃ ជា​ហេតុ​បញ្ហា​ប្រឈម​អាច​នឹង​កើត​មាន​ចំពោះ​អ្នក​ទាំងនោះ​ក្នុង​ពេល ១០ ទៅ ១៥​ឆ្នាំ​ក្រោយ​អាយុ​៤០​ឆ្នាំ​។ បញ្ហា​ប្រឈម​កើត​ចេញពី​ទម្លាប់​ប្រចាំ​ថ្ងៃ​នឹង​បង្ហាញ​លទ្ធផល​នៅ​ពេល​ខាង​មុខ​។ ដូច​ជា​ការ​ជក់បារី ផឹកស្រា ញ៉ាំ​អាហារ​មិន​ខ្វល់​ពី​សុខភាព មិន​ដែល​ហាត់ប្រាណ និង​គេង​មិន​គ្រប់គ្រាន់​ជាដើម នឹង​បង្ក​បញ្ហា​នៅ​ពេល​ចាស់​ទៅ​នឹង​ប្រឈម​ជំងឺ​បេះដូង​។ ដូច្នេះ​ការ​ដឹង​ច្បាស់​ពី​បញ្ហា​ប្រឈម​ជា​មុន​អាច​ងាយស្រួល​ដល់​យើង រៀបចំ​ខ្លួន​ការពារ បញ្ជៀ​ស​ខ្លួន​ពី​បញ្ហា​មួយ​នេះ​ពេល​ចាស់​ទៅ​។
 
២.​រក្សា​ទម្ងន់

រក្សា​ទម្ងន់​បាន​ល្អ​មាន​ន័យ​ថា យើង​ក៏​អាច​រក្សា​សុខភាព​របស់​យើង​បាន​ល្អ​ផង​ដែរ​។ ជាក់​ស្ដែ​ប្រ​សិន​រាង​កាយ​កើនឡើង​ទម្ងន់ ឬ​ធាត់ ជា​សញ្ញា​បង្ហាញ​គ្រោះថ្នាក់​ដល់​សុខភាព​បេះដូង​ខាង​មុខ​។ ការ​ឡើង​ទម្ងន់​គឺ​មាន​ពាក់ព័ន្ធ​នឹង​ការ​គ្រប់គ្រង​របប​អាហារ និង​ការ​មិន​បាន​ហាត់ប្រាណ បង្ក​ការ​កើនឡើង​ជាតិ​ខ្លាញ់​ក្នុង​សរសៃឈាម ដែល​បង្ក​ផល​ប៉ះពាល់​ដល់ សម្ពាធ​ឈាម និង​បេះដូង​។ ដូច្នេះ​ការ​រក្សា​ទម្ងន់ មិន​ថា​ត្រូវ​គ្រប់គ្រង​របប​អាហារ ឬ ហាត់ប្រាណ​នោះ​ទេ ត្រូវ​តែ​អនុវត្ដ​ឲ្យ​បាន​ល្អ​ដើម្បី​សុខភាព​បេះដូង​ល្អ​នា​ពេល​ខាង​មុខ​។
 
៣. តាមដាន​លក្ខខណ្ឌ​សុខភាព

លក្ខខណ្ឌ​សុខភាព​ប្រចាំ​ថ្ងៃ​ក៏​ជា​សញ្ញា​មួយ​បង្ហាញ​ពី​មូលហេតុ និង​កត្ដា​ប្រឈម​សុខភាព​បេះដូង​នា​ពេល​ខាង​មុខ​។ ក្ន​ង​នោះ​មាន​ដូច​ជា កត្ដា​លើសឈាម ការ​កើនឡើង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម បញ្ហា​គេង​មិន​លក់ និង​បញ្ហា​ផ្សេង​ៗ​ទៀត ដែល​ស្ថិត​ក្នុង​កំណត់សម្គាល់​មាន​ប៉ះពាល់​ដល់​បេះដូង តម្រូវ​ឲ្យ​ការ​ត្រួតពិនិត្យ និង​ព្យាបាល​ឲ្យ​ទាន់​ពេលវេលា មុន​ពេល​វា​បង្ក​កាន់តែ​ធ្ងន់ធ្ងរ​។ ក្នុង​ករណី​ខ្លះ​រោគ​សញ្ញា​តិច​តូច​ដែល​យើង​គិត​ថា​មិន​អី​នោះ វា​ក៏​អាច​បង្ក​គ្រោះថ្នាក់​នៅ​ពេល​ខាង​មុខ​ពេល​ដែល​សុខភាព​របស់​យើង​ត្រូវ​ចុះ​ខ្សោយ និង​វ័យ​កាន់តែ​វិ​វត្ដ​ទៅ​មុខ​។
 
៤.​ត្រូវ​ញ៉ាំ​ថ្នាំ​ជា​ប្រចាំ

ក្នុង​ករណី​នេះ សម្រាប់​អ្នក​ដែល​មាន​ជំងឺ​ប្រចាំ​កាយ ដូច​ជា ទឹកនោមផ្អែម លើសឈាម កើនឡើង​កម្រិត​ជាតិ​ក្នុង​ឈាម ត្រូវ​តែ​ញ៉ាំ​ថ្នាំ និង​តាមដាន​សុខភាព​ឲ្យ​បាន​ទៀងទាត់​។ កាលណា​កត្ដា​ទាំងនេះ​ស្ថិត​ក្នុង​ការ​ធ្វេសប្រហែស វា​នឹង​បង្ក​កា​រវិ​វត្ដ​កាន់តែ​ធ្ងន់ធ្ងរ ប៉ះពាល់​ដល់​សុខភាព​បេះដូង​ដោយ​មិន​ចំណាយពេល​យូរ​នោះ​ឡើយ​។
 
៥.​មិន​ជក់បារី និងមិន​ផឹក​គ្រឿង​ស្រវឹង

ប្រសិនបើ​អ្នក​មិន​ជក់បារី ឬ ប្រើ​ផលិតផល​ថ្នាំជក់ និង​ផឹក គ្រឿង​ស្រវឹង ក្នុង​កម្រិត​តិចតួច​នោះ គឺជា​រឿង​ល្អ​ខ្លាំង​ណាស់​។ ប្រសិនបើ​យើង​កំពុង​តែ​ផឹកស្រា និង​ជក់បារី​ហើយ​នោះ គួរតែ​ព្យាយាម កាត់​បន្ថយ បន្ដិច​ម្ដង​ៗ​គឺជា​ការ​ល្អ ខណៈ​ដែល ប្រសិនបើ​សុខភាព​បេះដូង​នៅ​មិន​ទាន់ មានការ​ប៉ះពាល់​នៅឡើយ ព្រោះ​សារធាតុពុល ដែល​មាន ក្នុង​ផ្សែង​បារី និង​គ្រឿង​ស្រវឹង គឺជា​មូលហេតុ​គ្រោះថ្នាក់​ធំ​បំផុត​ចំពោះ​បញ្ហា​បេះដូង នៅ​ពេល​ខាង​មុខ​។
 
៦.​បង្កើត​ទម្លាប់​ហាត់ប្រាណ

ការ​បង្កើត​ទម្លាប់​ហាត់ប្រាណ​ជា​ប្រចាំ​យ៉ាង​ហោច កន្លះ​ម៉ោង ទៅ ១​ម៉ោង គឺជា​រឿង​ល្អ​សម្រាប់​សុខភាព​។ ទោះ​ហាត់ប្រាណ​ជិះ​កង់ ដើរ រត់ ហែល​ទឹក ឬ​លេង​បាល់​ក៏​ដោយ ឲ្យ​តែ​រាង​កាយ​មាន​សកម្មភាព​បែកញើស រាល់ថ្ងៃ​នោះ​គឺ​អាច​រក្សា​សុខភាព​បេះដូង​បាន​ល្អ នៅ​ពេល​ចាស់​ទៅ​។ មួយវិញទៀត ទន្ទឹម​នឹង​ការ​ហាត់ប្រាណ​គួរតែ​រក្សា​របប​អាហារ​សុខភាព​កាន់តែ​ប្រសើរ ៕

ត្រួតពិនិត្យដោយ៖ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com