អន្តរជាតិ
ខណៈបុណ្យចូលឆ្នាំចិន​ កោះតៃវ៉ាន់រាយការណ៍ពីបាឡុងចិន៨ហោះឆ្លងចក្រសមុទ្រតៃវ៉ាន់
10, Feb 2024 , 2:39 pm        
រូបភាព
ក្រសួងការពារជាតិរបស់កោះតៃវ៉ាន់នាថ្ងៃទី១០ ខែកុម្ភៈ បានសម្គាល់ឃើញបាឡុងចិនចំនួន ៨ ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ក្នុងរយៈពេល ២៤ ម៉ោងមុន ដែលក្នុងនោះបាឡុងចំនួន២ បាន ហោះកាត់កោះក្នុងថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំថ្មី។


កោះតៃវ៉ាន់ដែលចិនអះអាងថាជាទឹកដីរបស់ខ្លួនបានត្អូញត្អែរតាំងពីខែធ្នូមកម្ល៉េះ អំពីបាឡុង ចិនដោយសម្គាល់ថាជាការគំរាមកំហែងដល់សុវត្ថិភាពអាកាសចរណ៍ និងការ​ប៉ុនប៉ងធ្វើ សង្គ្រាមចិត្តសាស្ត្រ។
 
នៅក្នុងរបាយការណ៍ប្រចាំថ្ងៃស្តីពីសកម្មភាពយោធារបស់ចិន ក្រសួងការពារជាតិតៃវ៉ាន់បាន និយាយថា ខ្លួនបានប្រទះឃើញបាឡុងទីមួយនៅព្រឹកថ្ងៃ៩ ខែកុម្ភៈនិងចុងក្រោយនៅព្រលប់។
បើយោងតាមផែនទីដែលផ្តល់ដោយក្រសួង បាឡុងពីរបានឆ្លងកាត់ភាគខាងជើងនៃកោះ តៃវ៉ាន់ ឯបាឡុងផ្សេងទៀតបានហោះចូលទៅជិតឆ្នេរសមុទ្រមុនពេលហោះទៅបាត់។ បាឡុង មួយក្នុងនោះបានហោះពីលើសមុទ្រទៅភាគខាងជើងនៃកោះតៃវ៉ាន់។
 
ក្រសួងការពារជាតិចិន មិនបានឆ្លើយតប និងអធិប្បាយជុំវិញការលើកឡើងនេះឡើយ ខណៈ ប្រទេសចាប់ផ្តើមនៃថ្ងៃឈប់សម្រាកដែលជាពិធីបុណ្យដ៏សំខាន់បំផុតសម្រាប់ប្រជាជាតិចិន និងប្រជាជាតិដែលប្រារព្ធពិធីបុណ្យចូលឆ្នាំដូចគ្នានេះផងដែរ។
 
កាល​ពី​ខែ​មុនរដ្ឋាភិបាល​ចិន​បាន​ច្រាន​ចោល​ការ​ទទូច​ម្តង​ហើយ​ម្តង​ទៀត​របស់​តៃវ៉ាន់​អំពី​បាឡុងដោយ​អះអាង​ថា ​វាត្រូវបានប្រើ​សម្រាប់​គោល​បំណង​ឧតុនិយម និង​មិន​គួរ​ត្រូវ​បាន​​បំភាន់ ​ដោយ​ហេតុផល​នយោបាយ​ឡើយ។ ទន្ទឹមនេះ យន្តហោះចម្បាំងរបស់ចិនធ្វើប្រតិបត្តិការ ជារៀងរាល់ថ្ងៃនៅច្រកសមុទ្រតៃវ៉ាន់ ហើយជារឿយៗឆ្លងកាត់ខ្សែបន្ទាត់មធ្យមតៃវ៉ាន់ដែល ពីមុនបានបម្រើជារបាំងមិនផ្លូវការរវាងភាគីទាំងពីរទោះចិនមិនដែលទទួលស្គាល់អត្ថិភាពនៃបន្ទាត់នោះក៏ដោយ។ 
 
បន្ថែមពីនេះខណៈដែលលោកអនុប្រធានាធិបតីតៃវ៉ាន់លោក  Lai Ching-te ដែលបានឈ្នះ ឆ្នោតកាលពីខែមុនជាប្រធានាធិបតីបន្ទាប់ គឺជាបុគ្គលដែលក្រុងប៉េកាំងជំទាស់បំផុត និង ចោទ ថា ជាជនផ្ដាច់ខ្លួនដែលបង្កជាបញ្ហាសម្រាប់ការបង្រួបបង្រួមទឹកដីទាំងពីរផងដែរ។ លោក Lai ដែល​ចូល​កាន់​តំណែង​នៅ​ខែ​ឧសភា​បាន​ស្នើ​ការ​ចរចា​ជាមួយ​ចិនដែរប៉ុន្តែ​​ត្រូវ​បាន​ច្រាន​ចោលទៅវិញ។
 
គួរបញ្ជាក់ថា ភាពដែលអាចទៅរួចសម្រាប់ចិនក្នុងការប្រើប្រាស់បាឡុងក្នុងការងារចារកម្ម បានក្លាយជាបញ្ហាសកលកាលពីខែកុម្ភៈឆ្នាំមុន នៅពេលដែលអាម៉េរិកបានបាញ់ទម្លាក់នូវអ្វី ដែលខ្លួនអះអាងថាជាបាឡុងឃ្លាំមើលរបស់ចិន។ ​ចិន​ប្រកែក ហើយបង្ហាញថា ​នោះ​ជា​បាឡុង ស៊ីវិល​ដែល​បាន​រសាត់​ដោយ​ចៃដន្យ៕

© រក្សាសិទ្ធិដោយ thmeythmey.com