ភ្នំពេញ៖ ភាសាចិន ជាភាសាមួយ ដែលកំពុងមានឥទ្ធិពលក្នុងបណ្ដាប្រទេសមួយចំនួន។ ភាសាចិន ក៏បានជួយកែប្រែជីវភាព របស់អ្នកស្រី យន ស្រីពេជ្រ ឱ្យមានការងារល្អ និងចំណូលសមរម្យផងដែរ។
មានវ័យ ២៦ឆ្នាំ អ្នកស្រី យន ស្រីពេជ្រ ជាគ្រូបង្រៀនថ្នាក់ទី៤នៅសាលាបឋមសិក្សាមួយកន្លែង នៅរាជធានីភ្នំពេញ និងជាគ្រូបង្រៀនភាសាចិនក្រៅម៉ោងនៅសាលាឯកជនទៀតផង។ ស្រីពេជ្រ បានរៀនភាសាចិន តាំងពីនាងរៀនថ្នាក់ទី៧មកម៉្លេះ។
ដោយសារជីវភាពគ្រួសាររបស់នាងនៅមានកម្រិត ស្រីពេជ្រ បានទៅរៀនភាសាចិន នៅព្រះវិហារមួយកន្លែង ដោយឥតគិតថ្លៃ នាទឹកដីរាជធានីភ្នំពេញ។ ការសិក្សាភាសាចិននៅព្រះវិហារនោះហើយ ដែលជាដើមទុនខ្លះៗសម្រាប់នាង បន្តថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ។ ស្រីពេជ្រ បានប្រឡងជាប់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រភាសាចិន នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
អ្នកស្រី យន ស្រីពេជ្រ អំឡុងទស្សនកិច្ចនៅប្រទេសចិន កាលពីខែមករា ឆ្នាំ២០២៤។ រូបភាពពីអ្នកគ្រូ យន ស្រីពេជ្រ.
មានចំណាប់អារម្មណ៍លើភាសា និងវប្បធម៌ចិន តាំងពីកុមារភាព បានជំរុញឱ្យស្រីពេជ្រ យកចិត្តទុកដាក់ស្វាធ្យាយភាសាមហាអំណាចសេដ្ឋកិច្ចមួយនេះ។ សម្រាប់ ស្រីពេជ្រ ការសិក្សាភាសាចិន មានផលលំបាកខ្លាំង ទាក់ទងនឹងការបញ្ចេញសំឡេង និងការសរសេរជាដើម។
គ្រូបង្រៀនភាសាចិនរយៈពេល ៧ឆ្នាំរូបនេះ ប្រាប់សារព័ត៌មានថ្មីៗដូច្នេះ៖«ចំណុចទី១ គឺសំឡេង ដោយសារតែភាសាចិន មានដល់ទៅ ៤សំឡេង ដែលធ្វើឱ្យអ្នកសិក្សាពិបាកក្នុងការបញ្ចេញសំឡេងច្បាស់ល្អ។ ចំណុចទី២ គឺការសរសេរអក្សរ ក៏ចោទជាបញ្ហាដែរ។ ដោយសារអក្សរនីមួយៗ មានគំនូសដៃច្រើន ដែលពិបាកក្នុងការចងចាំ និងសរសេរបានត្រឹមត្រូវ»។
ទិដ្ឋភាពអ្នកគ្រូ យន ស្រីពេជ្រ បង្រៀនសិស្សនៅសាលាឯកជន។ រូបភាពពីអ្នកគ្រូ យន ស្រីពេជ្រ
ពិតណាស់ភាសាចិន កំពុងជះឥទ្ធិពលជាវិជ្ជមាននៅក្នុងតំបន់ និងពិភពលោក។ ដោយសារតែឥទ្ធិពលសេដ្ឋកិច្ចចិន រីកចម្រើនខ្លាំង នា៣ទសវត្សរ៍ចុងក្រោយនេះ បានធ្វើឱ្យភាសាមហាអំណាចមួយនេះ សាយភាយខ្លាំងដែរ។ ចង់មិនចង់ អ្នកជំនួញ ធុរកិច្ច និងអ្នកធ្វើការមួយចំនួន ក៏ត្រូវក្រេបយកចំណេះដឹងភាសាចិនបន្ថែមទៀត ក្រៅពីភាសាអង់គ្លេស។
ក្នុងចំណោមមនុស្សទាំងនោះ ក៏មាន យន ស្រីពេជ្រ ដែរ។ ស្រីពេជ្រ ដែលមានបទពិសោធន៍ប្រើប្រាស់ភាសាចិន ជាង១០ឆ្នាំមកនេះ ក៏ទទួលស្គាល់ថា ភាសាចិន បានជួយផ្លាស់ប្ដូរកម្រិតជីវភាព តាមរយៈការងារផងដែរ។
អ្នកស្រី យន ស្រីពេជ្រ អំឡុងទស្សនកិច្ចនៅប្រទេសចិន កាលពីខែមករា ឆ្នាំ២០២៤។ រូបភាពពីអ្នកគ្រូ យន ស្រីពេជ្រ.
«បន្ទាប់ពីចេះភាសាចិន ភាសានេះ បានផ្ដល់នូវការងារដ៏ល្អមួយ ដែលមានប្រាក់កម្រៃសមរម្យ សម្រាប់ខ្ញុំ។ ធ្វើឱ្យខ្ញុំមានឱកាសប្រាស្រ័យទាក់ទង ជាមួយជនជាតិចិន បានស្វែងយល់ពីវប្បធម៌ និងទំនៀមទម្លាប់»។ នេះជាការលើកឡើងរបស់អ្នកស្រី យន ស្រីពេជ្រ ដែលបានបន្តថា នាងក៏បានបង្ហាញពីវប្បធម៌ទំនៀមទម្លាប់ខ្មែរ ទៅកាន់ជនជាតិចិនឱ្យបានស្គាល់ និងយល់ដឹងបន្ថែមដែរ។
នៅខែមករា ឆ្នាំ២០២៤នេះ ស្រីពេជ្រ មានឱកាសទៅប្រទេសចិនរយៈពេល ២សប្ដាហ៍ ដើម្បីចូលរួមវគ្គបណ្ដុះបណ្ដាលគ្រូបង្រៀនភាសាចិន នៅមហាវិទ្យាល័យគរុកោសល្យធានជីន។ ស្រីពេជ្រ លើកឡើងថា៖ «នេះជាលើកទី១ ដែលខ្ញុំបានធ្វើដំណើរកាន់ប្រទេសចិន។ ខ្ញុំមានអារម្មណ៍រំភើបរីករាយ ដែលបានធ្វើដំណើរទៅកាន់ទីកន្លែងធ្លាប់ប៉ងស្រមៃចង់ទៅតាំងពីកុមារភាព»។
អ្នកស្រី យន ស្រីពេជ្រ អំឡុងទស្សនកិច្ចនៅប្រទេសចិន កាលពីខែមករា ឆ្នាំ២០២៤។ រូបភាពពីអ្នកគ្រូ យន ស្រីពេជ្រ.
ក្នុងអំឡុងដំណើរបេសកកម្មនៅទីនោះ ស្រីពេជ្រ ទទួលបានចំណេះដឹង និងបទពិសោធថ្មីៗជាច្រើន រួមមាន វិធីសាស្រ្តក្នុងការបង្រៀន វិធីសាស្រ្តក្នុងការផលិតសម្ភារឧបទ្ទេស និងការបង្រៀនជាដើម។ ក្រៅពីនេះ ស្រីពេជ្រ ក៏បានទស្សនកិច្ចនៅតំបន់ប្រវត្តិសាស្រ្តជាច្រើនក្នុងប្រទេសចិនផងដែរ។
«ដោយសារតែការចាប់ផ្ដើមរៀនភាសាចិន ពីព្រះវិហារតិចតួច និងបន្តរៀននៅសាកលវិទ្យាល័យ បានធ្វើឱ្យខ្ញុំជោគជ័យ ក្លាយជាគ្រូបង្រៀនភាសាចិន និងមានចំណេះដឹងភាសាចិនមកដល់ថ្ងៃនេះ»។ ស្រីពេជ្រ បញ្ជាក់បន្ថែមបែបនេះ។
អ្នកស្រី យន ស្រីពេជ្រ អំឡុងទស្សនកិច្ចនៅប្រទេសចិន កាលពីខែមករា ឆ្នាំ២០២៤។ រូបភាពពីអ្នកគ្រូ យន ស្រីពេជ្រ.
តាមពិតទៅពេលរៀនភាសាចិនដំបូង ស្រីពេជ្រ មិនរំពឹងថា ភាសាចិន អាចមានទីផ្សារខ្លាំងដូចបច្ចុប្បន្ននោះទេ។ ស្រីពេជ្រ ចេះតែសួរខ្លួនឯងថា តើរៀនភាសាចិននេះ ជួយអ្វីខ្លះដល់នាង? រហូតមកដល់ពេលនេះ នាង ដឹងថាការរៀនភាសាចិនមិនអត់ប្រយោជន៍ទេ។
ទន្ទឹមនឹងនេះ ស្រីពេជ្រ ក៏បានប្រាប់ពីវិធីសាស្រ្តក្នុងការរៀនភាសាចិនឱ្យចេះផងដែរ។ ជាធម្មតា ស្រីពេជ្រ តែងតែព្យាយាមស្ដាប់បទចម្រៀង ឬស្ដាប់កម្មវិធីផ្សេងៗជាភាសាចិន។ លើសពីនេះ នាងក៏បានមើលភាគយន្តដែលនិយាយជាភាសាចិន។ អ្វីដែលមិនអាចខ្វះបាននោះ ស្រីពេជ្រ ជ្រើសរើសការហ្វឹកហាត់សរសេរអក្សរឱ្យបានច្រើនដង ដើម្បីចងចាំបានល្អ។
មិនតែប៉ុណ្ណោះ ដើម្បីឱ្យការប្រើប្រាស់ភាសាចិនបានល្អ ស្រីពេជ្រ តែងតែស្វែងរកឱកាស ជួបសន្ទនាជាមួយអ្នកចេះភាសាចិន ឬជនជាតិចិន។ ស្រីពេជ្រ លើកទឹកចិត្តដល់សិស្ស និស្សិត សាធារណជន ដែលមានបំណងរៀនភាសាចិន ឱ្យខិតខំប្រឹងប្រែងយកចិត្តទុកដាក់រៀនសូត្រ ដើម្បីទទួលបានឱកាសក្នុងការអភិវឌ្ឍន៍ចំណេះដឹង សម្រាប់ជួយខ្លួនឯង គ្រួសារ និងសង្គមជាតិ៕
អ្នកស្រី យន ស្រីពេជ្រ អំឡុងទស្សនកិច្ចនៅប្រទេសចិន កាលពីខែមករា ឆ្នាំ២០២៤។ រូបភាពពីអ្នកគ្រូ យន ស្រីពេជ្រ.