កីឡាអន្តរជាតិ
អន្តរជាតិ
អុីតាលី បារាំង ចាប់ចូលពូលរួមគ្នានៅក្នុងពានរង្វាន់ Nations League
10, Feb 2024 , 4:59 pm        
រូបភាព
អ៊ីតាលីម្ចាស់ពានរង្វាន់ Euro 2020 និងបារាំង ក្រុមលេខ ២ នៅព្រឹត្តិការណ៍ World Cup 2022 ត្រូវបានចាប់ចូលពូលទី២ (Group 2) ជាមួយគ្នានៃលំដាប់ ​League A របស់ពានរង្វាន់ UEFA Nations League បន្ទាប់ពីការចាប់ឆ្នោតបានធ្វើឡើងក្នុងទីក្រុងប៉ារីស នាថ្ងៃទី៨ ខែកុម្ភៈ។


អ៊ីតាលី បារាំង ត្រូវបានចាប់ចូលពូលទី២​ ក្នុងលំដាប់ League A ហើយដែលរួមមានវត្តមានក្រុមបែលហ្ស៊ីក និងអ៊ីស្រាអែល។
 
ចំណែកក្រុមអាល្លឺម៉ង់ ម្ចាស់ផ្ទះព្រឹត្តិការណ៍ Euro 2024 ជាមួយហុងគ្រី ដែលបានចាប់ពូលជាមួយគ្នាត្រៀមការប្រកួតពានរង្វាន់ទ្វីបអឺរ៉ុប នាពេលខាងមុខ ត្រូវបានជាប់ចូលពូលទី៣ នៃ League A រួមគ្នាម្តងទៀតក្នុងពានរង្វាន់ UEFA Nations League ហើយរួមមានក្រុមហូឡង់ និងបូស្នី។

ម្ចាស់ពាន Nations League អេស្ប៉ាញ ត្រូវបានចាប់ចូលពូលទី៤ ដោយរួមមានក្រុមដាណឺម៉ាក, ស្វ៊ីស និងស៊ែប៊ី។
  

 
ជាលើកដំបូងសម្រាប់ឆ្នាំ ២០២៤-២៥ UEFA Nations League នឹងមានការប្រកួតវគ្គ ៨ក្រុម លើកដំបូង ដោយក្រុមបញ្ចប់ចំណាត់ថ្នាក់កំពូលតារាងលេខ ១ និងលេខ២ តាមពូល នីមួយៗនៃ League A ត្រូវឡើងទៅកាន់ការប្រកួតជម្រុះ។
 
ក្រុមជើងខ្លាំងអង់គ្លេស នឹងបង្ហាញខ្លួនលើកដំបូងនៅក្នុង League B នៃពានរង្វាន់ UEFA Nations League ហើយចាប់ចូលពូលទី២ ដែលរួមមានក្រុមអៀរឡង់, ហ្វាំងឡង់ និងក្រិក។
ដោយឡែករុស្ស៊ី នៅតែបន្តត្រូវដកចេញពីការប្រកួត ព្រោះតែបញ្ហាសង្គ្រាមដែលកំពុងបន្តជាមួយនឹងប្រទេសអ៊ុយក្រែន។
 
ការប្រកួតពានរង្វាន់ Nations League លើកនេះនឹងត្រូវផ្សារភ្ជាប់ជាមួយនឹងការប្រកួតជម្រុះពានរង្វាន់ World Cup 2026 តំបន់អឺរ៉ុបផងដែរ។ ក្រុមដែលមានចំណាត់ថ្នាក់ល្អចំនួន ៤ នៅក្នុងពូល Nations League ហើយពេលប្រកួតជម្រុះ World Cup 2026 មិនបានបញ្ចប់ចំណាត់ថ្នាក់ក្រុមទាំង ២ កំពូលតារាង ក្រុមទាំង ៤ នោះនឹងមានសិទ្ធិចូលទៅប្រកួតវគ្គ Playoff ដណ្តើមកៅអី World Cup បន្តទៀត៕
 
ខាងក្រោមនេះជាការចាប់ឆ្នោតពានរង្វាន់ Nations League សម្រាប់រដូវកាល ២០២៤-២៥ ៖
 
League A

ពូល A1: ក្រូអាស៊ី, ព័រទុយហ្កាល, ប៉ូឡូញ, ស្កុតឡែន
ពូល A2: អ៊ីតាលី, បែលហ្ស៊ីក, បារាំង, អ៊ីស្រាអែល
ពូល A3: ហូឡង់, ហុងគ្រី, អាល្លឺម៉ង់, បូស្នី
ពូល A4: អេស្ប៉ាញ, ដាណឺម៉ាក, ស្វីស, ស៊ែប៊ី
 
League B

ពូល B1: សាធារណៈរដ្ឋឆែក, អ៊ុយក្រែន, អាល់បានី, ហ្សក់ហ្ស៊ី
ពូល B2: អង់គ្លេស, ហ្វាំឡង់, អៀរឡង់, ក្រិក
ពូល B3: អូទ្រីស, ន័រវែស, ស្លូវេនី, កាហ្សាកស្ថាន់
ពូល B4: វែលស៍, អ៊ីស្លង់, ម៉ុងតេណេហ្គ្រោ, តួកគី
 
League C

ពូល C1: ស៊ុយអែត, អាស៊ែបៃហ្សង់, ស្លូវ៉ាគី, អេស្តូនី
ពូល C2: រូម៉ានី, កូសូវូ, ហ្ស៊ីប, លីទុយអានី/ហ្ស៊ីប្រាល់តា
ពូល C3: លុចសំបួ, បុលហ្គារី, អៀរឡង់ខាងជើង, បេឡារុស
ពូល C4: អាមេនី, កោះហ្វារូ, ម៉ាសេដ្វានខាងជើង, ឡេតូនី
 
League D

ពូល D1: លីទុយអានី/ហ្ស៊ីប្រាល់តា , សាំងម៉ារុំាង, លិចតិនស្តាញ
ពូល D2: ម៉ុលដាវី, ម៉ាល់តា, អង់ដូរ៉ា
(ក្រុមលីទុយអានី និងហ្សីប្រាល់តា ត្រូវលេងវគ្គ Play-off ដើម្បីដណ្តើមកៅលេងនៅ League C ហើយក្រុមដែលចាញ់នឹងធ្លាក់ទៅ League D)
ថ្ងៃនៃការប្រកួតជុំទី១ ទី២ ខែសីហា ថ្ងៃទី៥ ដល់ទី១០ ឆ្នាំ ២០២៤
ថ្ងៃនៃការប្រកួតជុំទី៣ ទី៤ ខែតុលា ថ្ងៃទី១០ ដល់ទី១៥ ឆ្នាំ ២០២៤
ថ្ងៃនៃការប្រកួតជុំទី៥ ទី៦ ខែវិច្ឆិកា ថ្ងៃទី១៤ ដល់ទី១៩ ឆ្នាំ ២០២៤
វគ្គ ៨ក្រុម ខែមីនា ថ្ងៃទី២០ ដល់ទី២៤ ឆ្នាំ ២០២៥
វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខែមិថុនា ថ្ងៃទី៤ ដល់ទី៥ ឆ្នាំ ២០២៥
វគ្គផ្តាច់ព្រ័ត្រ និងលេខ ៣ ខែមិថុនា ថ្ងៃទី៨ ឆ្នាំ ២០២៥៕
 

Tag:
 UEFA Nations League
© រក្សាសិទ្ធិដោយ thmeythmey.com