អន្តរជាតិ
ហ្វីលីពីននៅតែធ្វើសមយុទ្ធ​រួម​ជាមួយ​អាម៉េរិក​នៅ​សមុទ្រ​ចិនខាងត្បូង ទោះចិនខឹងសម្បារ
10, Feb 2024 , 7:39 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
ដោយ: ថ្មីៗ
យោធាហ្វីលីពីន នៅថ្ងៃទី៩ ខែកុម្ភៈ បានលើកឡើងថា ហ្វីលីពីន និងអាម៉េរិកបានធ្វើសមយុទ្ធ ដែនសមុទ្ររួមគ្នានៅសមុទ្រចិនខាងត្បូង ដែលជាសមយុទ្ធចុងក្រោយបំផុត និងបានគូសបញ្ជាក់ ពីការបន្តពង្រីកទំនាក់ទំនងការពារជាតិរវាងប្រទេសទាំងពីរ។
 
ការចូលរួមផ្នែកសន្តិសុខរវាងសម្ព័ន្ធមិត្តទាំងពីរបានកើនឡើងក្នុងឆ្នាំកន្លងមក ស្របពេលដែលមានភាពតានតឹងនៅសមុទ្រចិនខាងត្បូងដែលហ្វីលីពីន និងចិនប្រឈមមុខដាក់គ្នា ជុំវិញទូក នេសាទ ការធ្វើនាវាចរណ៍ និងសមយុទ្ធយោធានៅក្បែរទឹកដីទាមទារ។
 
សមយុទ្ធយោធានេះ ជាលើកទីបីហើយ ដែលហ្វីលីពីន និងអាម៉េរិក បានធ្វើរួមគ្នានៅសមុទ្រចិនខាងត្បូងបើគិតចាប់តាំងពីខែវិច្ឆិកាឆ្នាំមុន។ សមយុទ្ធយោធាហ្វីលីពីនអាម៉េរិក បានធ្វើឱ្យទីក្រុងប៉េកាំងក្ដៅស្លឹកត្រចៀកកាន់តែខ្លាំង និងជំទាស់នឹងអ្វីដែលខ្លួនមើលឃើញ ថាជាការ ជ្រៀតជ្រែករបស់អាម៉េរិកនៅតំបន់របស់ខ្លួន។
 
«វាបង្ហាញពីការប្តេជ្ញាចិត្តរបស់យើងចំពោះឥណ្ឌូ-ប៉ាស៊ីហ្វិកដោយសេរី និងបើកចំហ ហើយ ជំរុញកិច្ចសហប្រតិបត្តិការជិតស្និទ្ធឆ្ពោះទៅរកការពង្រឹងសមត្ថភាពដែនសមុទ្ររបស់យើង»។ ប្រមុខកងកម្លាំងប្រដាប់អាវុធហ្វីលីពីន ឧត្តមសេនីយ៍ លោក Romeo Brawner បានថ្លែង នៅក្នុងសេចក្តីថ្លែងការណ៍មួយបែបនេះ នៅថ្ងៃទី៩ ខែកុម្ភៈ។
 
គួរបញ្ជាក់ថា ចិនទាមទារអធិបតេយ្យភាពស្ទើរតែសមុទ្រចិនខាងត្បូងទាំងមូលដែលជាផ្លូវ សំខាន់មួយសម្រាប់ការដឹកជញ្ជូនពាណិជ្ជកម្មជាង ៣ ពាន់ពាន់លានដុល្លារក្នុងមួយឆ្នាំរួមទាំង ផ្នែកខ្លះនៃតំបន់សេដ្ឋកិច្ចផ្តាច់មុខហ្វីលីពីន វៀតណាម ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងប្រ៊ុយណេ ផងដែរ៕
 

Tag:
 ហ្វីលីពីន
  អាម៉េរិក
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com