អន្តរជាតិ
កសិករក្រិកប្ដេជ្ញាបង្កើនការតវ៉ាទាមទារសំណងដែលរដ្ឋាភិបាលបានសន្យា
10, Feb 2024 , 10:09 pm        
រូបភាព
កសិករធ្វើបាតុកម្មដោយចាក់ចោលគ្រាប់កៅឡាក់ នៅក្នុងពិព័រណ៍កសិកម្ម Agrotica នៅទីក្រុង Thessaloniki ប្រទេសក្រិក កាលពីថ្ងៃទី ៣ ខែកុម្ភៈ
កសិករធ្វើបាតុកម្មដោយចាក់ចោលគ្រាប់កៅឡាក់ នៅក្នុងពិព័រណ៍កសិកម្ម Agrotica នៅទីក្រុង Thessaloniki ប្រទេសក្រិក កាលពីថ្ងៃទី ៣ ខែកុម្ភៈ
ដោយ: VOA
កសិករ​ក្រិក​ដែល​ខឹង​សម្បា​កំពុង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ធ្វើ​តាម​អ្វី​ដែល​រដ្ឋ​បាន​សន្យារ​ក្នុង​ការ​សង​សំណង​ដល់​ពួកគេ​សម្រាប់​ការ​បាត់បង់​ប្រាក់​ចំណូល​ បន្ទាប់​ពី​មាន​គ្រោះ​បង្ក​ដោយ​ពី​អាកាសធាតុ​អាក្រក់​កាល​ពី​ឆ្នាំ​មុន។


«គ្មាន​អាហារ គ្មាន​អនាគត»​ គឺជា​ពាក្យស្លោក​ដែល​កសិករ​ខឹង​សម្បា​ប្រើ​ក្នុង​ពេល​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ការកើន​ឡើង​នៃ​អតិផរណា ការ​ប្រកួត​ប្រជែង​ពី​បរទេស និងការ​ចំណាយ​កាន់​តែ​ច្រើន​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​បម្រែ​បម្រួល​អាកាសធាតុ។
 
ពួក​គេ​បាន​ចាក់​ផ្លែ​កៅឡាក់ (chestnut) និង​ផ្លែ​ប៉ោម​យ៉ាង​ច្រើន​នៅ​លើ​ចិញ្ចើម​ផ្លូវ​នៅ​ឯ​កន្លែង​តាំង​បង្ហាញ​ផលិតផល​កសិកម្ម​មួយ។ កសិករ​រាប់ម៉ឺន​នាក់​បាន​ចេញ​បាតុកម្ម​នៅលើ​ដង​ផ្លូវ​នៅ​ទីក្រុង​ Thessaloniki ដែល​ជាទីក្រុង​ស្ថិត​នៅ​ភាគឦសាន​នៃ​ប្រទេស​ក្រិក កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ ហើយ​បាន​ច្រានចោល​ការអះអាង​របស់​មេដឹកនាំ​របស់​ពួក​គេ​ដែល​សន្យា​ពន្យារ​ការ​យក​ពន្ធ​ និង​វិធានការ​បន្ធូរ​បន្ថយ​ជាច្រើន​ទៀត ដែល​រដ្ឋាភិបាល​ទីក្រុង​អាថែន​បាន​ដាក់​ចេញ។
 
លោក​ Rizos Maroudas គឺជា​អ្នក​ដឹកនាំ​ម្នាក់​ក្នុង​ចំណោម​អ្នកដឹកនាំ​ក្រុម​បាតុករ​ជាច្រើន​ទៀត។
 
លោក​បាន​ថ្លែង​ទៅកាន់​ក្រុមបាតុករ​ថា៖ «ការ​ផ្ដល់ជូន​ទាំង​អស់​នេះ គឺ​គ្មាន​តម្លៃ​ដូច​សំរាម។ រដ្ឋាភិបាល​ប្រហែល​ជា​បាន​ប្រឹងប្រែង​ហើយ ប៉ុន្តែ​ពួក​យើង​វិញ​បាន​ប្រឹង​ប្រែង​ខ្លាំង​ជាង​នោះ​ទៅ​ទៀត»។
 
សមាគម​កសិកម្ម​នៅ​ទីក្រុង Thessaly ដែល​ជា​បេះដូង​កសិដ្ឋាន​នៃ​ប្រទេស​ក្រិក​ បាន​កំណត់​ពេល​ជួបជុំ​គ្នា​ម្ដង​ទៀត​នៅ​ថ្ងៃ​អង្គារ​នេះ​ដើម្បី​បង្កើន​ការតវ៉ា​របស់​ពួក​គេ រួមមាន​ទាំង​ការដាក់​របាំង​បិទ​មហាវិថី​សំខាន់ៗ​នៅ​ទូទាំង​ប្រទេស។ ភាគច្រើន​នៃ​ការ​ទាមទារ​របស់​កសិករ​គឺ​បន្ទរ​ឲ្យ​មាន​បាតុកម្ម​ស្រដៀងគ្នាដែល​កំពុងធ្វើឲ្យ​មាន​ផលវិបាក​ដល់​ទ្វីប​អឺរ៉ុប​នៅ​ប៉ុន្មាន​សប្ដាហ៍​ចុងក្រោយ​នេះ។
ប៉ុន្តែ​នៅ​ប្រទេស​ក្រិក កសិករ​ចង់​ឲ្យ​រដ្ឋាភិបាល​ផ្ដល់​ឲ្យ​ពួក​គេ​នូវ​អ្វី​ដែល​រដ្ឋាភិបាល​បាន​សន្យា​កាល​ពី​ប៉ុន្មាន​ខែ​មុន នោះ​គឺ​សំណង​សម្រាប់​កសិផល​និង​បសុសត្វ​រាប់​ពាន់​ក្បាល​ដែល​ត្រូវ​បាន​បំផ្លិច​បំផ្លាញ​ដោយ​ទឹក​ជំនន់​ដ៏ប្រល័យ និង​ព្យុះ​ភ្លៀង​ដែល​បាន​វាយប្រហារ​ទៅ​លើ​ដែនដី​ជា​បេះដូង​នៃ​កសិដ្ឋាន​កាល​ពី​ខែ​កញ្ញា​កន្លង​ទៅ។
 
លោក Kyriakos Mitsotakis នាយក​រដ្ឋមន្ត្រី​ក្រិក ​កាល​ពី​ពេល​ថ្មីៗ​នេះ​បាន​ប្រកាស​ដាក់​ចេញ​នូវ​វិធានការ​ជាច្រើន ដោយ​លោក​និយាយ​ថា រដ្ឋ​នឹង​ជួយ​ដោះស្រាយ​វិក័យប័ត្រ​ទឹក​នឹង​ភ្លើង​ដែល​មិន​ទាន់​បាន​បង់ ហើយ​ថា ការ​ជួយ​បង់ពន្ធ​របស់​រដ្ឋ​សម្រាប់​ប្រេង​ម៉ាស៊ូត​នឹង​ត្រូវ​បន្ថែម​ក្នុង​រយៈពេល​មួយ​ឆ្នាំ​ទៀត។
 
លោក Pavlos Marinaskis អ្នក​នាំពាក្យ​រដ្ឋាភិបាល​បាន​ថ្លែង​ដូច្នេះ​ថា៖ «នេះ​ជា​ការ​ឧបត្ថម្ភ​ទាំង​អស់​ដែល​រដ្ឋ​អាច​ប្រើ​ថវិកា​សហព័ន្ធ​ដើម្បី​ផ្ដល់​ឲ្យ​ពួក​គេ​នៅ​ក្នុង​ពេល​នេះ។ ប្រសិនបើ​យើង​អាច​ផ្ដល់​ឲ្យ​លើស​ពី​នេះ យើង​នឹង​ផ្ដល់​ឲ្យ​ពួក​គេ។ ប៉ុន្តែ យើង​មិន​ចង់​ធ្វើការ​សន្យា​ក្លែងក្លាយ​នោះ​ទេ»។
 
រដ្ឋាភិបាល​បាន​អំពាវនាវ​ឲ្យ​កសិករ​ត្រឡប់​ទៅ​កាន់​តុចរចា​វិញ​ដើម្បី​រក​ដំណោះស្រាយ​តាម​រយៈ​ការ​សម្រប​សម្រួល​ជាមួយ​នឹង​នាយក​រដ្ឋមន្ត្រី​ផ្ទាល់។
 
កសិករ​នៅ​ប្រទេស​ក្រិក​ព្រងើយ​កន្តើយ​នឹង​ជម្រើសចរចា​នេះ ដោយ​និយាយ​ថា ពួក​គេ​គ្មាន​ពេល​ទំនេរ​សម្រាប់​អ្វី​ដែល​ពួក​គេ​ហៅ​ថា «ឱកាស​ដើម្បី​ថតរូប​សម្ដែង» នោះ​ទេ៕
 
ប្រែសម្រួលដោយលោក នៀម ឆេង

© រក្សាសិទ្ធិដោយ thmeythmey.com