ជាតិ
ហូល ផាមួង អ្នកខេត្តតាកែវអាយុពី៤០ទៅ៦០ឆ្នាំ តាំងក្នុងសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី
11, Feb 2024 , 9:59 am        
រូបភាព
ទេសចរចូលទស្សនាសាលពិព័រណ៍សំលៀកបំពាក់ហូល ផាមួង ក្នុងសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីនៅដើមខែកុម្ភៈ ឆ្នាំ២០២៤។
ទេសចរចូលទស្សនាសាលពិព័រណ៍សំលៀកបំពាក់ហូល ផាមួង ក្នុងសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីនៅដើមខែកុម្ភៈ ឆ្នាំ២០២៤។
សៀមរាប៖ ហូល ផាមួង និងអាវប៉ាក់ របស់អ្នកស្រុកព្រៃកប្បាស ខេត្តតាកែវ ដែលមានអាយុចន្លោះពី៤០ ទៅ៦០ឆ្នាំ នឹងតាំងបង្ហាញក្នុងពិព័រណ៍មិនអចិន្រ្តៃយ៍ក្នុងសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី។ ពិព័រណ៍នេះមានរយៈពេល៦ខែ ចាប់ផ្តើមពីថ្ងៃទី៩ ខែកុម្ភៈ តទៅ ដែលជាឱកាសដ៏ល្អ​សម្រាប់សាធារណជនទស្សនា សិក្សាស្វែងយល់ ដើម្បីជាចំណេះដឹង និងដឹងពីក្បាច់គោមដ៏ប្រណិត​របស់អ្នកពលរដ្ឋអ្នកស្រុកព្រៃកប្បាស ខេត្តតាកែវ។
 
ព័ត៌មានលម្អិត សូមស្ដាប់បទសម្ភាសរវាងអ្នកសារព័ត៌មានថ្មីៗ ជាមួយលោក សែន គឹមស៊ុន នាយករងស្ដីទីនៃសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី នៃអាជ្ញាធរជាតិអប្សរាដូចតទៅ៖ 



 
អ៊ីសា រ៉ហានី៖ ថ្ងៃនេះខ្ញុំបានមកដល់សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី គម្រោងទីនេះនឹងមានការរៀបចំ ពិព័រណ៍មិនអចិន្រ្តៃយ៍សម្រាប់ហូល ផាមួងខ្មែរមួយចំនួនដែលយើងបានពីប្រជាជននៅខេត្តតាកែវ ដែលគាត់បានបរិច្ចាគមកខាងសារមន្ទីរ។ លោក សែន គឹមស៊ុន អាចជួយជម្រាបបានទេថា តើការតាំងពិព័រណ៍មិនអចិន្រ្តៃយ៍នេះយើងរៀបចំ​យ៉ាងដូចម្ដេចខ្លះ?
 
សែន គឹមស៊ុន៖ បាទសូមអរគុណ សម្រាប់ការរៀបចំពិព័រណ៍ក្នុងសារមន្ទីរនេះ បន្ទាប់ពីក្រុមការងារ​ទៅទទួលសមុច្ច័យមួយចំនួននៅខេត្តតាកែវ ដែលក្រុមការងារទៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣។ បន្ទាប់ពីយើងទទួលបាន ខាងសារមន្ទីររៀបចំការងារអភិរក្សវាសិន មុននឹងរៀបចំដាក់តាំង មានការចុះបញ្ជី ការថែទាំ ការសម្អាត ការជួសជុល ព្រោះសមុច្ច័យចំនួន៥១ដែលយើងទទួលពីខាងស្រុក ព្រៃកប្បាស ខេត្តតាកែវ សមុច្ច័យខ្លះជាសំពត់ហូល វាមានរហែក ខ្លះវាប្រលាក់ អ៊ីចឹងជាគោលការណ៍រួម ក្នុងការថែរក្សា អភិរក្សសមុច្ច័យនៅសារមន្ទីរ យើងត្រូវការសម្អាតវាជាមុនសិន ចុះបញ្ជី បន្ទាប់មកបានយើងរៀបចំពិព័រណ៍ដាក់តាំងនៅក្នុងសារមន្ទីរ។ បន្ទាប់ពីយើងជួសជុល សម្អាតរួចហើយ យើងសុំគោលការណ៍ខាងអគ្គនាយក ដើម្បី​ស្នើសុំរៀបចំដាក់តាំងពិព័រណ៍។ ហើយការជ្រើសរើស​សមុច្ច័យមួយចំនួនក្នុងចំណោមសមុច្ច័យឬសំលៀកបំពាក់ទាំង៥១ហ្នឹង យើងជ្រើសរើស២១សិន ដើម្បីដាក់តាំងក្នុងដំណាក់កាលទី១។ នៅក្នុងហ្នឹងវាមានប្រភេទសមុច្ច័យជាច្រើន ដែលមានក្បាច់ មានពណ៌ ដូចជាគោមផ្កាច័ន គោមបាត់ដំបង។ បើនិយាយពីគោមបាត់ដំបងនេះ វាមានអាយុកាល៥២ឆ្នាំ។ មានន័យថា អ្នកស្រី លី ណៃស្រ៊ីម ឥឡូវគាត់មានអាយុដូច៧៥ឆ្នាំហើយ។ អ៊ីចឹងរបស់នេះ គាត់ថែរក្សាតាំងពីសម័យ ប៉ុល ពត។ នៅសម័យនោះ គាត់យកសំពត់មួយក្បិន​នេះ​ទៅដាក់នៅក្នុងស្រោមខ្នើយ ពីព្រោះខ្លាចប៉ុល ពត យករបស់គាត់។ វាជារបស់ដែលគាត់ស្រឡាញ់បំផុត មានន័យថានៅពេលគាត់ត្រឡប់មកវិញ គាត់សល់តែសំពត់ហូលនេះមួយទេ។ បន្ទាប់មក គាត់ក៏សម្រេចបរិច្ចាគ​មកសារមន្ទីរ ដើម្បីដាក់តាំងឱ្យសាធារណជន ក៏ដូចជាក្មេងៗជំនាន់ក្រោយ​បានមើល។ 

បន្ទាប់ពីសំពត់អាយុ៥២ឆ្នាំ យើងមានក្រណាត់មួយទៀតដែលយើងហៅថា គោមសម្បុកឃ្មុំ។ គោមនេះក៏មានអាយុកាលគួរសមដែរ គឺ៥០ឆ្នាំដែរ។ គោមនេះពីមុនដោយសារការស្រឡាញ់ គាត់អត់បាន យកទៅកាត់ជាសំលៀកបំពាក់អ្វីទេ គាត់យកទៅកាត់ផ្នែកណាមួយដាក់ក្នុងកញ្ចក់តាំង។ ក្រណាត់នេះ គាត់បានពីម្ដាយផ្ទេរទៅឱ្យកូន។ មានន័យថា សមុច្ច័យទាំងអស់នេះ ខ្លះជារបស់ដែលគាត់ត្បាញហើយ​ប្រើប្រាស់ខ្លួនឯង ខ្លះជាអំណោយដែលម្តាយត្បាញហើយជូនទៅកូន។ ហើយសមុច្ច័យខ្លះ​ដែលយើងទទួលបាន មានតែជាសំពត់ មានជាអាវអ៊ីចឹងទៅ តែពេលយើងយកមកតាំងពិព័រណ៍​យើងបញ្ចូលគ្នាជាឈុត​ដើម្បីដាក់តាំងវាស្អាត ហើយសមជាសំលៀកបំពាក់ប្រពៃណីរបស់ខ្មែរ។ សំលៀកបំពាក់ទាំងអស់ហ្នឹង ភាគច្រើននាពេលបច្ចុប្បន្ននះ គេប្រើសម្រាប់ចូលរួមកម្មវិធីបុណ្យផ្សេងៗ ដូចជាបុណ្យប្រពៃណី អាពាហ៍ពិពាហ៍ជាដើម។ 
 
អ៊ីសា រ៉ហានី៖ មានន័យថា សម័យបច្ចុប្បន្ននេះក៏មានការត្បាញប្រភេទហូលដូច្នេះដែរ ឬក៏មានការវិវត្តន៍បែបណា​ដែរលោក គឹមស៊ុន?
 
សែន គឹមស៊ុន៖ ចំពោះអ្នកស្រុកព្រៃកប្បាស ខេត្តតាកែវ គាត់នៅតែបន្ត ហើយសំលៀកបំពាក់​ទាំងអស់ហ្នឹង គឺគាត់បន្តតាំងពីជីដូនជីតាមក មានន័យថាជាចំណេះដឹងប្រពៃណីមួយ​ដែលបន្តពីឪពុកម្ដាយមកកូន បន្តមកចៅ។ល។ ហើយគាត់កំពុងបន្តត្បាញ និងមានជាសហគមន៍ នៅក្នុងផ្ទះរបស់គាត់មានកីដើម្បីបន្តត្បាញទៀត។
 
លោក សែន គឹមស៊ុន នាយករងស្តីទីសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី។
 
អ៊ីសា រ៉ហានី៖ ជាដំណាក់កាលទី១ ខាងសារមន្ទីរបានជ្រើសរើសប្រភេទសំពត់ហូលមកតាំង​សរុប២១ហូលនេះ តើយើងនឹងចាប់ផ្តើមបើកឱ្យភ្ញៀវចូលទស្សនាពីថ្ងៃណាទៅ?
សែន គឹមស៊ុន៖ ទាក់ទងនឹងពិព័រណ៍ឥឡូវយើងនឹងបើកដល់សាធារណជននៅថ្ងៃទី៩ ខែកុម្ភៈ រហូតដល់រយៈពេល៦ខែ។ 
 
អ៊ីសា រ៉ហានី៖ មានន័យថា សាធារណជនដែលចង់សិក្សាក៏ដូចជាចង់ឃើញប្រភេទហូល ផាមួង​អ្នកស្រុកព្រៃកប្បាស ដែលមានអាយុកាល៥០ឆ្នាំអី គាត់អាចមកសារមន្ទីរយើងបាន?
 
សែន គឹមស៊ុន៖ បាទជាការពិត អ្វីដែលគោលបំណងពីខាងអ្នកដែលបានបរិច្ចាគ ហើយនិងសារមន្ទីរ ដាក់តាំងសំលៀកបំពាក់ សំពត់ហូល អាវហូល ផាមួង ក្នុងដំណាក់កាលនេះ គឺដើម្បីឱ្យសាធារណជន ក៏ដូចជាអ្នកជំនាន់ក្រោយ បានឃើញពីស្នាដៃរបស់អ្នកខេត្តតាកែវ ជាស្នាដៃដែលគាត់​តពីជីដូនជីតាគាត់មក ហើយខ្លះអាយុ៨០ ខ្លះ៩០ឆ្នាំនៅតែបន្តត្បាញទៀត។ អ៊ីចឹងវាជាទឹកដៃ ជាស្នាដៃដែលគាត់ចង់បង្ហាញឱ្យក្មេងៗគាត់បានដឹង តើក្បាច់គោមប្រភេទអី ហើយទឹកដៃយ៉ាងណា សិល្បៈក្នុងការរចនានៅលើវាយនភណ្ឌ លើសំលៀកបំពាក់ លើសំពត់វាមានលក្ខណៈយ៉ាងណា អ៊ីចឹងគាត់អាចអញ្ជើញមកទស្សនា ក៏ដូចជាសិក្សាស្វែងយល់អំពីប្រភេទហូល ផាមួង ដែលជាសំលៀកបំពាក់​ប្រពៃណីរបស់ប្រទេសយើង។ 

អ៊ីសា រ៉ហានី៖ អាចថាសំពត់មួយៗដែលយើងយកមកបង្ហាញនេះមានក្បាច់ផ្សេងៗគ្នាឬយ៉ាងណា?
 
សែន គឹមស៊ុន៖ ជាការពិត សំពត់មួយៗវាមានក្បាច់របស់វា។ ដូចតួយ៉ាង នេះជាប្រភេទគោមកូនអណ្ដើក សត្វនៅក្នុងនោះតូចជាកូនអណ្ដើត មានកូនហ៊ីង ខាងនេះគឺបាត់ដំបង់ វាមានគោមថ្នក់ វាមានគោមផ្ការាំង គោមទទឹម។ល។ មានន័យថា សំលៀកបំពាក់ឬសំពត់ គឺក្បាច់ខុសគ្នាទាំងអស់។ 
 

 
 អ៊ីសា រ៉ហានី៖ យើងធ្លាប់មានការសិក្សាដឹងទេថា ក្បាច់រចនាតាមហូល ផាមួងខ្មែរយើង​មានប៉ុន្មានក្បាច់ដែរ?
 
សែន គឹមស៊ុន៖ ខ្ញុំអត់ទាន់ហ៊ានឆ្លើយថាមានចំនួនប៉ុន្មានទេ ប៉ុន្តែតាមរយៈការមើលឯកសារ ក៏ដូចជាការស្រាវជ្រាវកន្លងមក បច្ចុប្បន្ននេះគេអាចរកឃើញខ្ទង់១ពាន់ទៅ២ពាន់ក្បាច់ ដែលបន្សល់ពីបុព្វបុរសយើងមក។ ហើយបច្ចុប្បន្ននេះក៏មានការច្នៃម៉ូដផ្សេងៗទៀត ដើម្បីឱ្យការរចនានៅលើសំពត់វាកាន់តែប្លែក និងត្រូវតាមសម័យកាល។ល។ ប៉ុន្តែជារួមអ្វីដែលខ្ញុំនិយាយ មិនទាន់មានឯកសារណាបញ្ជាក់ច្បាស់លាស់ទេ។ ប៉ុន្តែក្បាច់ដែលខ្ញុំច្បាស់ គឺប្រភេទក្បាច់ផ្កាច័ន។ ក្បាច់នេះមានន័យថាវាមានសាច់រឿងវាទាក់ទងនឹងព្រះថោង នាងនាគដែរ។ ក្បាច់នេះភាគច្រើននៅតាម ប្រាសាទ ពិសេសនៅប្រាសាទអង្គរវត្ត វាមានឆ្លាក់នៅលើផ្ទាំងថ្ម។ ហើយក្បាច់នេះក៏មានប្រើប្រាស់​នៅលើសំពត់ហូលដែរ។ 

អ៊ីសា រ៉ហានី៖ អាចថាក្បាច់ណាមួយដែលពលរដ្ឋយើងនិយមយកមកត្បាញជាហូល ផាមួង?
 
សែន គឹមស៊ុន៖ សំលៀកបំពាក់ប្រពៃណីរបស់យើងវាមានលក្ខណៈសម្បូរបែប ហើយការប្រើប្រាស់​ក៏ទៅតាមសម័យកាលនីមួយៗដែរ។ ជាពិសេសបច្ចុប្បន្ននេះយើងឃើញមានច្រើន​មែនទែន​ទាក់ទង​នឹងក្បាច់គោមផ្សេងៗដែលគេត្បាញនៅលើសំពត់ ឬក៏នៅលើអាវ។ ប៉ុន្តែអ្វីដែលខ្ញុំចង់បញ្ជាក់ ទីមួយគឺទាក់ទងនឹងក្បាច់ផ្កាច័នហ្នឹង ដោយសារក្បាច់នេះបើតាមតឹងតាងមួយចំនួនលើ ផ្ទាក់ចម្លាក់​តាមប្រាសាទ ពិសេសនៅអង្គរវត្តគឺភាគច្រើនប្រើក្បាច់ប្រភេទផ្កាច័នហ្នឹងច្រើន ប៉ុន្តែឥឡូវវារៀងច្រើន ខ្ញុំអត់អាចនិយាយបាន។


 
 អ៊ីសា រ៉ហានី៖ ដូចលោកបានជម្រាបពីខាងដើមអ៊ីចឹង សំពត់ហូល ផាមួងខ្លះវាមានអាយុកាល​ចូល៦០ឆ្នាំហើយ ប្រជាពលរដ្ឋដែលគាត់ព្រមបរិច្ចាគមកសារមន្ទីរ គាត់ច្បាស់ជាមានការទុកចិត្ត​ថាសារមន្ទីរនឹងមើលថែរក្សា អភិរក្ស ហូល ផាមួង ដែលគាត់ខំរក្សាទុកតាំងពីសម័យ ប៉ុល ពត​មកឱ្យវានៅល្អតទៅមុខទៀត។​ តើសារមន្ទីរមានការរៀបចំទុកដាក់យ៉ាងដូចម្ដេច ដើម្បីថែរក្សាហូល ផាមួងទាំងអស់នេះ?
 
សែន គឹមស៊ុន៖ ជាសំណួរល្អមែនទែន ហើយអ្នកដែលគាត់បរិច្ចាគក៏គាត់ចង់បានដែរ។ របស់គាត់ស្រឡាញ់ មានតម្លៃ ហើយដល់ដំណាក់កាលមួយគាត់បរិច្ចាគមកសារមន្ទីរ ចង់ឱ្យសារមន្ទីរបន្ត​ការថែរក្សាជំនួសគាត់ ព្រោះឥឡូវគាត់មានអាយុ៧០ ខ្លះ៨០ឆ្នាំ អ៊ីចឹងគាត់មិនអាចទុក​របស់នោះ​បន្តទៀតទេ។ នៅក្នុងសារមន្ទីរយើងមានក្រុមការងារទាក់ទងនឹងការអភិរក្សវាយនភណ្ឌ។ ការងារនេះយើងមានដំណាក់កាល ទីមួយគឺការអភិរក្ស។ របស់ដែលយើងទទួលបានពីសប្បុរសជន ឬពីណាមក គិតពីការអភិរក្ស ធ្វើការសម្អាត ជួសជុលបែបការងារអភិរក្ស ដើម្បីបន្តឱ្យសំលៀកបំពាក់​ទាំងអស់នោះ អាចបន្តអាយុបានយូរទៅមុខទៀត។ ហើយការដាក់តាំងយើងក៏គិតពីការងារអភិរក្សដែរ។ យើងចង់និយាយថា ដាក់តាំងវាត្រូវមានគោលការណ៍មួយធ្វើយ៉ាងណាឱ្យសមុច្ច័យទាំងនោះ​កុំឱ្យប៉ះរបស់អ្វីមួយដែលវាងាយកកិត វាអាចដាច់។ ទីពីរក្នុងសាលពិព័រណ៍មួយៗយើងការពារកុំឱ្យ​មានសត្វចូល ទាំងកណ្ដៀរ ស្រមោច ពីព្រោះកាលណាមានសត្វវាឡើងមកស៊ីសំពត់ ស៊ីសមុច្ច័យរបស់យើង វាធ្វើឱ្យខូច។ អ៊ីចឹងការងារដែលសំខាន់ គឺសម្អាតវា​ ហើយដាក់នៅកន្លែងណាមួយ ក៏ត្រូវមានបែបបទក្នុងការថែរក្សាវា។ នៅពេលដាក់ក្នុងសាលពិព័រណ៍ យើងមានរបស់ការពារដាក់ថ្នាំកុំឱ្យ សត្វវាចូលសាលពិព័រណ៍បាន។ តួយ៉ាងនៅពេលដែលភ្ញៀវចូលទស្សនា យើងមិនអនុញ្ញាតឱ្យគាត់កាន់ជា ភេសជ្ជៈ ជាអាហារចូលក្នុងសារមន្ទីរ ហើយការឈរក៏យើងមានគម្លាតដែរ គាត់មិនអាចប៉ះទេ ហើយគាត់ក៏មិនអាចឈរជិត កៀកនឹងសមុច្ច័យយើងដាក់តាំងដែរ ពីព្រោះកាលណាប៉ះវាធ្វើឱ្យដៃ​របស់យើងអាចមានប្រតិកម្មជាមួយ អាចផុយ ដោយសារដៃយើងមានជាតិអាស៊ីត ជាតិប្រៃ។ 
 
សូម្បីយើងនិយាយ​ ប្រសិនទឹកមាត់យើងខ្ចាយទៅប៉ះធ្វើឱ្យសមុច្ច័យងាយខូចដែរ។ វាសុទ្ធសឹង​ជាគោលការណ៍ក្នុងការបង្ការអភិរក្ស មានន័យថាយើងការពារកុំឱ្យវាមានបញ្ហាទៅលើរបស់យើង។ ហើយការពិព័រណ៍ក៏យើងគិតពីរយៈពេលដែរ យើងមិនអាចពិព័រណ៍រហូតទៅទេ។ វាមានដំណាក់កាល អាចយូរបំផុតត្រឹម៦ខែ ត្រូវធ្វើការដូរវា។ ការធ្វើនេះដើម្បីការពារកុំឱ្យស្លោកពណ៌ ដោយប្រការណាមួយ ដូចជាអំពូលភ្លើង ដូចជាប៉ះម៉ាស៊ីនត្រជាក់ ប៉ះបរិយាកាសខាងក្រៅ វាធ្វើឱ្យសមុច្ច័យវាងាយមានបញ្ហា។


 
អ៊ីសា រ៉ហានី៖ មានន័យថា យើងមានបន្ទប់ផ្សេងដាច់ដោយឡែកមួយទៀត ដើម្បីរក្សាទុក?
 
សែន គឹមស៊ុន៖ បាទ យើងមានបន្ទប់អភិរក្ស មានន័យថា សមុច្ច័យដែលយើងអត់បានដាក់តាំង យើងមានបន្ទប់ មានទូ ដើម្បីដាក់រក្សារបស់អស់ហ្នឹង។ យើងមានឧបករណ៍សម្រាប់តាមដានសីតុណ្ហភាព នៅក្នុងបន្ទប់អភិរក្ស ក៏ដូចជាក្នុងសាលពិព័រណ៍ដែរ យើងគ្រប់គ្រងសីតុណ្ហភាពវាអត់ឱ្យវាឡើងខ្ពស់ពេក កាលណាឡើងវានឹងមានសំណើម កាលណាមានសំណើមវាធ្វើឱ្យរបស់ហ្នឹងក៏មានបញ្ហាដែរ។
 
អ៊ីសា រ៉ហានី៖ នេះជាឱកាសដ៏កម្រដែលសារមន្ទីររៀបចំពិព័រណ៍ ក្នុងនាមអ្នកគ្រប់គ្រងសារមន្ទីរផ្ទាល់ លោក គឹមស៊ុន ចង់ឱ្យសាធារណជនមកចូលរួមទស្សនាកម្រិតណា ដើម្បីកុំឱ្យឱកាសនេះរំលងផុត?
 
សែន គឹមស៊ុន៖ សម្រាប់ខ្ញុំ គិតថាសាធារណជន ក៏ដូចជាយុវជន អ្នកវ័យចំណាស់អាចមកទស្សនាឱ្យបាន ច្រើនកុះករដើម្បីជាផ្នែកមួយក្នុងការសិក្សាស្វែងយល់ ដឹងថាតើសំលៀកបំពាក់លក្ខណៈថាបុព្វបុរស អ្នកដែលគេត្បាញនោះទម្រាំត្បាញចេញជាសំពត់មួយក្បិន ត្បាញចេញជាផលិតផលសម្រេចមួយ​ដើម្បីយកស្លៀកហ្នឹង តើប្រើប្រាស់ពេលវេលាយ៉ាងម៉េច ហើយមានក្បាច់អី ប្រើប្រាស់វត្ថុធាតុដើមអ្វីខ្លះ​ដើម្បីចេញជាសំពត់បែបហ្នឹង។ ខ្ញុំអាចធ្វើការអំពាវនាវដល់សាធារណជន ចូលមកមើល ដើម្បីជាផ្នែកមួយ​លើកតម្លៃវិស័យវាយនភណ្ឌ ជាពិសេសហូល ជាហូលប្រពៃណីមានតាំងពីយូរលង់​មកហើយរហូត​ដល់បច្ចុប្បន្ននេះ​​ក៏មានការពេញនិយម មានការប្រើប្រាស់ពីគ្រប់ស្រទាប់វណ្ណៈ និងប្រទេសផ្សេងៗទៀតក៏មានការប្រើប្រាស់ និងស្រឡាញ់ពេញចិត្តប្រភេទសំពត់ហូលនេះដែរ៕

Tag:
 ហូល
  ផាមួង
  វាយនភណ្ឌ
© រក្សាសិទ្ធិដោយ thmeythmey.com