សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ចិនទិញទុរេនជាង ៥០ម៉ឺនតោនពីវៀតណាមនៅឆ្នាំ២០២៣
11, Feb 2024 , 11:39 am        
រូបភាព
កម្មកររៀបចំ​ទុរេន​សម្រាប់​នាំ​ចេញ​ទៅ​ចិន​នៅ​រោងចក្រ​មួយ​ក្នុង​ខេត្ត Dak Lak វៀតណាម ។ រូបភាព ៖ Xinhua
កម្មកររៀបចំ​ទុរេន​សម្រាប់​នាំ​ចេញ​ទៅ​ចិន​នៅ​រោងចក្រ​មួយ​ក្នុង​ខេត្ត Dak Lak វៀតណាម ។ រូបភាព ៖ Xinhua
ក្នុងឆ្នាំ ២០២៣ ចិនបានចំណាយប្រាក់ជាង ២ពាន់លានដុល្លារដើម្បីទិញទុរេនប្រមាណ ៥២៤ពាន់តោនពីវៀតណាម ដែលកើនឡើងជាង១១ដងបើធៀបនឹងឆ្នាំ ២០២២។
 
នេះ​ជា​ទិន្នន័យ​ចុង​ក្រោយ​បំផុត​ដែល​ដកស្រង់​ដោយ​សមាគម​បន្លែ និង​ផ្លែឈើ​វៀតណាម​ពី​គយ​ចិន។ កាលពីឆ្នាំមុន ទុរេនវៀតណាមត្រូវបានចិនទិញក្នុងបរិមាណច្រើនបំផុតមិនធ្លាប់មាន។ ការ​បង្កើន​ចំណែក​ទីផ្សារ​ផ្លែ​ទុរេន​វៀតណាម​​នៅក្នុងទីផ្សារចិនបានកើនពី ​៦ភាគរយ​ក្នុង​ឆ្នាំ​២០២២​ ដល់​ជិត​៣៣ភាគរយក្នុង​ឆ្នាំ​២០២៣ ។
 
សារព័ត៌មាន​ VnExpress បានដកស្រង់សម្តីលោក ដាំង ហ៊្វុកង្វៀន ប្រធានសមាគមន៍បន្លែ និងផ្លែឈើវៀតណាមថា  ២០២៣ជាឆ្នាំជោគជ័យដ៏អស្ចារ្យសម្រាប់វិស័យទុរេន។ ជាមួយនឹងទិន្នផលនាំចេញជិត ៥២៤ ០០០តោនទៅកាន់ចិន វៀតណាមកំពុងធ្វើឱ្យចំណែកទីផ្សារទុរេនរបស់ថៃ និងម៉ាឡេស៊ីធ្លាក់ចុះ។ 
 
បើតាមលោក ហ្វ៊ុកង្វៀន ទុរេនវៀតណាមមានគុណសម្បត្តិទាំងតម្លៃ និងពេលវេលាដឹកជញ្ជូនដោយចំណាយពេលត្រឹមតែ ២ថ្ងៃប៉ុណ្ណោះ បើធៀបនឹង ៧ថ្ងៃពីថៃដើម្បីទៅដល់ចិន។ យ៉ាងណាមិញ ​ថៃ​នៅតែសក្តានុពល​ក្នុងការប្រមូល​ទិន្នផលទុរេន ដោយ​ក្លាយជា​អ្នក​ផ្គត់ផ្គង់​សំខាន់​ទៅកាន់ទីផ្សារ​ចិន​ដែល​មាន​ចំណែក​ទីផ្សារ ៦៨ភាគរយ។ ប្រទេសនេះក៏កំពុងជំរុញផ្លូវរថភ្លើងល្បឿនលឿនទៅកាន់ចិនដែរ ដើម្បីកាត់បន្ថយពេលវេលាដឹកជញ្ជូន។
 
ជាមួយ​ទុរេន​ស្រស់​ពី​​ហ្វីលីពីនដែលមានរសជាតិឆ្ងាញ់កំពុងលេចធ្លោនៅឆ្នាំនេះ វៀតណាមត្រូវ​បន្ត​ប្រឈម​នឹង​គូប្រជែង​ខ្លាំងៗ​ជាច្រើន​។ ហ្វីលីពីនកំពុងផ្គត់ផ្គង់ទុរេនទៅកាន់ទីផ្សារចាប់ពីខែកុម្ភៈដល់ខែមេសា និងពីខែសីហាដល់ខែតុលាជារៀងរាល់ឆ្នាំ។ ទោះបីជាវាទើបតែឈានជើងចូលទីផ្សារចិនក៏ដោយ បរិមាណពីប្រទេសនេះបានកើនឡើងជិត ១០០ពាន់តោន។
 
ក្រៅ​ពី​គូ​ប្រជែង​ទាំង​នេះ វៀតណាមក៏អាចប្រឈមចំពោះទីផ្សារ​ចិន​ដែល​មាន​ទុរេន​ក្នុង​ស្រុក​ដែលកំពុងបង្កើនការដាំដុះនៅភាគខាងត្បូងចិន។ បន្ថែមពីនេះ ចិនក៏កំពុងសម្លឹងមើលភាពរីកចម្រើនទុរេនពីកម្ពុជា និងឥណ្ឌូណេស៊ី ប៉ុន្តែអាចនឹងចំណាយពេល ៥-១០ឆ្នាំដើម្បីទទួលបានជោគជ័យ៕ 

Tag:
 ចិន
  វៀតណាម
  ទុរេន
© រក្សាសិទ្ធិដោយ thmeythmey.com