ជាតិ
សុខភាព
ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងវីរុសអុត​ស្វា​៣ករណីបន្ថែមទៀត
11, Feb 2024 , 2:27 pm        
រូបភាព
ភ្នំពេញ៖ ក្រសួងសុខាភិបាល ប្រកាស​រកឃើញអ្នកឆ្លង​ជំងឺអ៊ឹមផក(​អុត​ស្វា)​ ចំនួន៣ករណី គិតត្រឹមថ្ងៃទី៩-១០ ខែកុម្ភៈ២០២៤នេះ។ ការរកឃើញនេះ ធ្វើឱ្យអ្នកឆ្លងជំងឺ​អុត​ស្វានៅកម្ពុជា កើន​ដល់៩ករណី​។ នេះបើសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល។


ករណីឆ្លងជំងឺអ៊ឹមផកទាំងបីនេះ  នៅខណ្ឌដង្កោ ខណ្ឌទួលគោក និងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហើយបច្ចុប្បន្នអ្នកជំងឺ  កំពុងសម្រាកព្យាបាល​នៅមន្ទីរពេទ្យ។ ជំងឺអ៊ឹមផក(អុតស្វា)  មានរោគសញ្ញា កន្ទួល ពងបែកនៅលើស្បែក បាតដៃ បាតជើង និងលើមុខ ក្នុងនោះក៏មានគ្រុនក្ដៅ ឈឺខ្នង ឈឺសាច់ដុំក្នុងរយៈពេលជាច្រើនសប្ដាហ៍។ 
 
ការឆ្លងជំងឺវីរុសអុតស្វានេះ ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈការប៉ះផ្ទាល់ ឬម្តាយទៅកូនតាមរយៈទងសុក ក្នុងអំឡុងពេលឬក្រោយពេលសម្រាល និងឪពុកម្តាយមានជំងឺអ៊ឹមផក។  ជាមួយគ្នានេះ បង្ការការចម្លងនូវជំងឺនេះ អ្នកត្រូវចៀសវាងប៉ះពាល់ផ្ទាល់ ជាមួយអ្នកដែលមានចេញរោគសញ្ញាជំងឺអ៊ឹមផក ឬចៀសវាងប៉ះពាល់ជាមួយសម្លៀកបំពាក់ កម្រាលពូកខ្នើយ ឬកន្សែងពោះគោ ឬ ចាន ស្លាបព្រាឬពែង ឬផ្ទៃនៃទីតាំង និងហាមប៉ះដំណក់ទឹកចេញពីផ្លូវដង្ហើម ឬសារធាតុរាវជាដើម។ 
 
ក្រសួងសុខាភិបាល រំលឹកដល់ពលរដ្ឋសារជាថ្មីឱ្យបង្កើនការប្រុងប្រយ័ត្នផ្ទាល់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីបង្ការចម្លងជំងឺអ៊ឹមផក ជាពិសេសត្រូវអនុវត្តវិធានការបង្ការនានា។ អ្នកឆ្លងជំងឺអ៊ឹមផក ត្រូវតែដាក់ឱ្យនៅដាច់ដោយឡែក រហូតដល់ទទួលលទ្ធផលអវិជ្ជមានវីរុសអុតស្វា និងក្រមរជ្រុះអស់។ អ្នកដែលផ្តល់ការថែទាំអ្នកជំងឺអ៊ឹមផក ត្រូវតែប្រើប្រាស់វិធានការការពារខ្លួនឱ្យបានសមស្រប៕
 
 
 

Tag:
 ជំងឺអ៊ឹមផក
© រក្សាសិទ្ធិដោយ thmeythmey.com