អន្តរជាតិ
អាម៉េរិក ចក្រភពអង់គ្លេស និង EU ជំរុញការស៊ើបអង្កេតក្នុងការបោះឆ្នោតប៉ាគីស្ថាន
11, Feb 2024 , 3:09 pm        
រូបភាព
អាម៉េរិក ចក្រភពអង់គ្លេស និងសហភាពអឺរ៉ុបនាថ្ងៃទី៩ ខែកុម្ភៈបានសម្តែងការព្រួយបារម្ភ ស្រដៀងគ្នាអំពីដំណើរការបោះឆ្នោតរបស់ប៉ាគីស្ថាន បន្ទាប់ពីការបោះឆ្នោតកាលពីថ្ងៃទី៨ ខែកុម្ភៈ ហើយបានជំរុញឱ្យមានការស៊ើបអង្កេតលើភាពមិនប្រក្រតីដែលបានរាយការណ៍។
 
ការប្រជែងគ្នាដ៏សំខាន់ក្នុងការបោះឆ្នោតសភាជាតិប៉ាគីស្ថាន គឺរវាងគណបក្សរបស់អតីត នាយករដ្ឋមន្ត្រី លោក Nawaz Sharif និងបេក្ខជនគាំទ្រដោយអតីតនាយករដ្ឋមន្ត្រីដែលមាន ប្រជាប្រិយភាពលោក Imran Khan ដែលកំពុងជាប់ពន្ធធនាគារជាច្រើនឆ្នាំក្រោមបទពុករលួយ និងការបង្ហាញព័ត៌មានសម្ងាត់របស់រដ្ឋជាដើម។ ការបោះឆ្នោតត្រូវបានធ្វើឡើងសម្រាប់ ២៦៤ អាសនៈក្នុងសភាជាតិ ហើយគណបក្សនយោបាយមួយត្រូវការអាសនៈចំនួន ១៣៣ សម្រាប់សំឡេងភាគច្រើន។
 
យោងតាមគណៈកម្មាធិការរៀបចំការបោះឆ្នោតប៉ាគីស្ថាន បេក្ខជនឈរឈ្មោះឯករាជ្យបាន ឈ្នះ ៩៨ អាសនៈមកទល់ពេលនេះ ជាមួយនឹង ២២ អាសនៈនៅតែមិនទាន់អះអាង។ ភាគច្រើននៃអ្នកឈរឈ្មោះឯករាជ្យមានទំនាក់ទំនងជាមួយគណបក្សរបស់ Khan នៃបក្ស Tehreek-e-Insaf (PTI) ។
 
គណបក្ស សម្ព័ន្ធមូស្លីមប៉ាគីស្ថាន Nawaz (PMLN) ដែលបានទទួលការពេញចិត្តក្នុងការស្ទង់ មតិកន្លងមកបានឈ្នះអាសនៈច្រើនជាងគេទីពីរដោយមាន ៦៩ អាសនៈ។ គណបក្សប្រជាជន ប៉ាគីស្ថាន (PPP) មានអាសនៈច្រើនជាងគេទីបីដែលទទួលបាន ៥១ អាសនៈ។
 


ជុំវិញការបោះឆ្នោតនេះ អាម៉េរិក និងសហភាពអឺរ៉ុប (EU) បានលើកឡើងពីការចោទប្រកាន់ ការជ្រៀតជ្រែក ការចាប់ខ្លួនសកម្មជន ហើយថែមទាំងការអះអាងពីភាពមិនប្រក្រតី និងការក្លែងបន្លំដែលគួរតែត្រូវបានស៊ើបអង្កេតឱ្យបានពេញលេញ។
 
សេចក្តីថ្លែងការណ៍របស់ EU បានកត់សម្គាល់ពីកង្វះនៃកម្រិតប្រកួតប្រជែង ដោយចាត់ទុកថា អសមត្ថភាពនៃតួអង្គនយោបាយមួយចំនួនក្នុងការបោះឆ្នោត និងការ រឹតត្បិតសេរីភាពក្នុងការ ជួបប្រជុំ សេរីភាពនៃការបញ្ចេញមតិ និងការប្រើប្រាស់អ៊ីនធឺណិត។
 
ដោយឡែក សេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក David Cameron បានកត់សម្គាល់ពីការព្រួយបារម្ភយ៉ាងខ្លាំងអំពីភាពយុត្តិធម៌ និងកង្វះការរួមបញ្ចូលនៃការ បោះឆ្នោត។ ក្រសួងការបរទេសអាម៉េរិកបាននិយាយថា មានការរឹតត្បិតមិនសមរម្យលើ សេរីភាពនៃការបញ្ចេញមតិ និងការជួបប្រជុំ ខណៈពេលដែលកត់សម្គាល់ពីអំពើហិង្សា និង ការវាយប្រហារលើបុគ្គលិកប្រព័ន្ធផ្សព្វផ្សាយ។
 
សមាជិកសភាអាម៉េរិកមួយចំនួន ដូចជាតំណាងរាស្រ្តប្រជាធិបតេយ្យអាម៉េរិក Ro Khanna និង លោកស្រី Ilhan Omar ក៏ព្រួយបារម្ភផងដែរ ដោយ លោក Khanna សង្កត់ធ្ងន់ថា យោធាកំពុងជ្រៀតជ្រែកក្នុងលទ្ធផលនៃការបោះឆ្នោត។​ តំណាងសភាទាំងពីរ​ទាំងជំរុញឱ្យ ក្រសួងការបរទេសមិនទទួលស្គាល់អ្នកឈ្នះរហូតដល់ការស៊ើបអង្កេតត្រូវបានធ្វើឡើងចំពោះការចោទពីបទប្រព្រឹត្តខុសប្រក្រតី។
 
គួរបញ្ជាក់ថា កាល​ពី​ដើម​សប្តាហ៍​នេះ ការិយាល័យ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ (UN) បាន​ថ្កោលទោសអំពើ​ហិង្សា​លើ​គណបក្ស​នយោបាយ និង​បេក្ខជន។ UN បានបង្ហាញពី ការព្រួយបារម្ភលើគំរូនៃការយាយី ការចាប់ខ្លួន និងការឃុំខ្លួនរយៈពេលយូរនៃមេដឹកនាំ និងអ្នកគាំទ្រនៃគណបក្សរបស់លោក Khan ផងដែរ៕

© រក្សាសិទ្ធិដោយ thmeythmey.com