អន្តរជាតិ
យោធាមីយ៉ាន់ម៉ា អនុវត្តកាតព្វកិច្ចចូលបម្រើយោធាសម្រាប់យុវជនទាំងបុរស និងស្ដ្រី
11, Feb 2024 , 7:39 pm        
រូបភាព
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋនាថ្ងៃទី១០ខែកុម្ភៈបានរាយការណ៍ថា  របបយោធាមីយ៉ាន់ម៉ាបានប្រកាស កាតព្វកិច្ចក្នុងការចូលបម្រើផ្នែកយោធាសម្រាប់បុរស និងស្ត្រីទាំងអស់ ខណៈដែលព្យាយាម ទប់ទល់នឹងកងកម្លាំងឧទ្ទាមប្រដាប់អាវុធដែលកំពុងប្រយុទ្ធដើម្បីស្វ័យភាពកាន់តែច្រើននៅក្នុងតំបន់ផ្សេងៗនៃប្រទេស។


បុរសទាំងអស់ មានអាយុចាប់ពី ១៨ ដល់ ៣៥ ឆ្នាំ និងស្ត្រី មានអាយុ ១៨ ដល់ ២៧ឆ្នាំ ត្រូវបម្រើយោធារហូតដល់ ២ ឆ្នាំ ខណៈដែលអ្នកឯកទេសដូចជាវេជ្ជបណ្ឌិតដែលមានអាយុ ដល់ ៤៥ ឆ្នាំត្រូវបម្រើរយៈពេល ៣ ឆ្នាំ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋសម្គាល់ផងដែរថា  ការបម្រើ សេវាកម្មយោធានេះអាចត្រូវបានបន្តរហូតដល់ចំនួនសរុប ៥ ឆ្នាំនៅក្នុងស្ថានភាពអាសន្ន ដែលកំពុងបន្ត។
 
«​កាតព្វកិច្ច​ការពារ​ និង​ការពារ​ជាតិ​មាន​លើស​ពី​ទាហាន​រហូតដល់​​ប្រជាពលរដ្ឋ​ទាំងអស់​»។ អ្នកនាំពាក្យរបបយោធាលោក Zaw Min Tun បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបែបនេះរួច ប្រាប់មនុស្សគ្រប់គ្នា​ឱ្យគោរព​ច្បាប់​បម្រើ​យោធា​ន​ដោយ​មោទកភាពផងដែរ។
 
មីយ៉ាន់ម៉ាស្ថិតក្នុងស្ថានភាព​វឹកវរ​ចាប់​តាំង​ពី​យោធា​បាន​ដណ្តើម​អំណាច​ពី​រដ្ឋាភិបាល​ជាប់​ឆ្នោត​ក្នុង​រដ្ឋប្រហារ​ឆ្នាំ ២០២១។ ចាប់តាំងពីខែតុលាមក កងទ័ពយោធាមីយ៉ាន់ម៉ា Tatmadaw បានទទួលរងការបាត់បង់កងកម្លាំងខ្លួនក្នុងការប្រយុទ្ធនឹងការវាយលុកដោយសម្ព័ន្ធមិត្តនៃក្រុមបះបោរជនជាតិភាគតិចចំនួនបី ក៏ដូចជាក្រុមយុទ្ធជនគាំទ្រលទ្ធិប្រជាធិបតេយ្យ។
 
វាគឺជាបញ្ហាប្រឈមដ៏ធំបំផុតដែលយោធាបានជួបប្រទះចាប់តាំងពីការឡើងកាន់អំណាចលើកដំបូងនៅក្នុងអតីតអាណានិគមអង់គ្លេសក្នុងឆ្នាំ ១៩៦២ ។ អ្នក​វិភាគ​សម្គាល់ថា យោធា កំពុង​ស្វះស្វែងក្នុង​ការ​ជ្រើសរើស​ទាហាន ហើយ​បាន​ចាប់​ផ្តើម​បង្ខំ​ទាហានមិនប្រយុទ្ធទៅ​ជួរ ​មុខទៀតផង។
 
ច្បាប់​ដែល​តម្រូវ​ឱ្យ​មាន​ការ​ចុះ​ចូល​ក្នុងការបម្រើយោធាត្រូវ​បាន​ដាក់​ឱ្យ​ប្រើ​ក្នុង​ឆ្នាំ ២០១០ ប៉ុន្តែ​មិនទាន់​បាន​អនុវត្ត​រហូត​មក​ដល់​ពេល​នេះ​ទេ។ ច្បាប់​នេះសម្គាល់ថា អ្នក​ដែល​មិន​គោរព ​តាមសេចក្តី​ព្រាង​ច្បាប់​នេះ​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​រហូត​ដល់​៥​ឆ្នាំ៕

© រក្សាសិទ្ធិដោយ thmeythmey.com