ជាតិ
រដូវនេះ នៅសៀមរាបសម្បូរផ្លែទឹកដោះគោ តាសក់ស្រូវ ត្នោត ស្វាយ និងពុទ្រាជាដើម​
11, Feb 2024 , 8:09 pm        
រូបភាព
ផ្លែទឹកដោះគោ
ផ្លែទឹកដោះគោ
សៀមរាប៖ បើនិយាយពីរុក្ខជាតិ ឬដើមឈើនៅកម្ពុជាមានច្រើនរាប់សឹងមិនអស់។ នៅក្នុងអត្ថបទនេះ ខ្ញុំសូមលើកយកដើមឈើហូបផ្លែចំនួន៦នៅតំបន់ខ្លះ ពិសេសនៅខេត្តសៀមរាប ដែលកំពុងចេញផ្កា ចេញផ្កែ និងដាក់លក់នៅលើទីផ្សារ។
 
១. ផ្លែទឹកដោះគោ៖ មានដុះ និងដាំជាលក្ខណៈគ្រួសារ នៅតាមដីចម្ការ ឬដីទំនេរក្នុងភូមិ។ ពលរដ្ឋនៅខេត្តសៀមរាប និយមដាំដើមទឹកដោះគោនេះដើម្បីជាម្លប់ក្បែរផ្ទះ និងយកផ្លែហូប។ ជាទូទៅ ផ្លែទឹកដោះគោតែងផ្កានៅកំឡុងខែតុលា ឬខែវិច្ឆិកា ហើយទុំនៅពាក់កណ្ដាល ឬចុងខែមករា និងសម្បូរច្រើននៅខែកុម្ភៈ។ ផ្លែទឹកដោះគោដែលគេតែងឃើញមានពីរពណ៌ គឺពណ៌ក្រម៉ៅ និងពណ៌ស ហើយរសជាតិផ្អែមល្មម។ 
 
ផ្លែទឹកដោះគោពណ៌ស្វាយ

២. ត្នោត និងទឹកត្នោត៖ ដើមត្នោតចាប់ផ្តើមចេញផ្កែនៅខែវិច្ឆិកា ហើយគេអាចឡើងគាបយកទឹកបាន បណ្ដើរៗនៅដើមរដូវនោះផងដែរ។ យ៉ាងណា ទឹកត្នោតចាប់ផ្តើមសម្បូរច្រើននៅក្នុងខែធ្នូ និងបន្តរហូតដល់ ខែឧសភា ឬមុនរដូវភ្លៀង។ ទឹកត្នោតមានឱជារសផ្អែម ឈ្ងុយឆ្ងាញ់ រីឯសាច់ក៏មានរសជាតិឆ្ងាញ់ដែរ ដែលអាចបរិភោគដោយផ្ទាល់ ឬច្នៃជាបង្អែម។​ ចំណែកទឹកត្នោត អាចរម្ងាស់ធ្វើស្ករ។
 
ទឹកត្នោត
ផ្លែត្នោត

៣. ស្វាយទុំ៖ ពលរដ្ឋខ្មែរ ពិសេសអ្នកនៅសៀមរាបស្ទើរគ្រប់ផ្ទះមានដាំដើមស្វាយ។ ស្វាយទាំងនោះមានច្រើនស្វាយកែវរមៀត ចំណែកស្វាយកែវចិន ស្វាយពុំសែន និងស្វាយនាងខាវ មិនសូវសម្បូរទេ។ ស្វាយចាប់ផ្តើមផ្កានៅខែធ្នូ និងសម្បូរច្រើនចាប់ពីខែកុម្ភៈ ដល់ខែមេសា។

ផ្លែស្វាយទុំ

៤. ពោត៖ បើនិយាយពីដំណាំពូជវិញ វាអាចមានស្ទើរគ្រប់ខែ ប៉ុន្តែរដូវនេះអំណោយផលច្រើន។ អ្នកដែលមានដីស្រែ ក្រោយពេលចូតកាត់រួចក៏ឆ្លៀតដាំពោតសម្រាប់លក់ផងដែរ។ ពោតដែលអ្នកសៀមរាបនិយមដាំ មានពោតហាយឡាយ ពោតលឿង និងពោតដំណើប។ 
 
ពោតដែលគេស្ងោរលក់នៅលើទីផ្សារ

៥. តាសក់ ឬត្រសក់ស្រូវទុំ៖ តាសក់ស្រូវទុំ មានដាំច្រើននៅលើដីចម្ការ ឬវាលស្រែ ដែលកសិករខ្លះ និយមដាំលាយជាមួយពោត ឬដាច់ដោយឡែកក៏មានដែរ។ អ្នកខ្លះនិយមយកតាសក់ស្រូវទុំ​ទៅធ្វើបង្អែម ដោយចិតចំណិតតូចៗ លាយជាមួយខ្ទិះដូង ឬទឹកដោះគោ និងថែមស្ករតាមចំណង់ចំណូលចិត្ត។ តែខ្លះទៀតក៏អាចយកទៅធ្វើជាទឹកក្រឡុកផងដែរ។
 
ផ្លែតាសក់ស្រូវទុំ

៦. ពុទ្រាព្រៃ៖ ពុទ្រាព្រៃមានដុះច្រើនសន្ធឹកនៅខេត្តសៀមរាប មិនថាក្នុងព្រៃ សូម្បីតាមដីភូមិ ក៏គេឃើញមានដុះព្រោងព្រាតដែរ។ គេតែងបេះពុទ្រាទុំឬចាស់ យកមកត្រាំ ឬលាយស្ករអំបិល ដាក់លក់នៅទីផ្សារ។ ពុទ្រាព្រៃភាគច្រើនរសជាតិជូរអែម ភាគតិចណាស់ដែលផ្អែម។ ​នេះជាអាហារសម្រន់​មួយបែប​ដែលពលរដ្ឋខ្មែរនិយមពិសា។
 
ផ្លែពុទ្រាព្រៃ ដែលទ្រាំលក់នៅលើទីផ្សារក្នុងក្រុងសៀមរាប។
 
មគ្គុទ្ទេសក៍ភាសាបារាំងលោក យូ ខេមរៈ បានប្រាប់ថា ក្នុងនាមជាអ្នកនាំភ្ញៀវមួយរូបលោកតែងនាំទេសចរ ភ្លក់អាហារ និងផ្លែឈើតាមរដូវជានិច្ច។ ផ្លែឈើទាំងនោះមាន ស្វាយ គុយ ត្នោត សាវម៉ាវ ទុរេន និងផ្លែទឹកដោះគោជាដើម។ ក្រៅពីនោះ លោកក៏ណែនាំឱ្យទេសចរបរទេសសាក កង្កែបបោក ចង្រិតលីង អាពីង និងពពួកសត្វល្អិតដទៃទៀតដែលមាននៅកម្ពុជា។ សម្រាប់លោក ខេមរៈ អាហារ និងផ្លែឈើ ជាផ្នែកមួយសំខាន់ទាក់ទាញទេសចរ ព្រោះទេសចរខ្លះចង់ស្គាល់ និងសាកអាហារតាមតំបន់ដែល​ពួកគេមកដល់៕


Tag:
 ផ្លែឈើតាមរដូវ
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com