ជាតិ
ទីលានទុកដាក់សំរាមតម្លៃជាង ៩លានដុល្លារនៅខេត្តស្ទឹងត្រែង និងក្រចេះ នឹងត្រូវបានដាក់ឱ្យពលរដ្ឋ​ប្រើប្រាស់
11, Feb 2024 , 5:59 pm        
រូបភាព
ភ្នំពេញ៖ ទីលានទុកដាក់សំរាម ខេត្តខេត្តស្ទឹងត្រែង និងក្រចេះ ស្របតាមបទដ្ឋានបច្ចេកទេស នៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានជុំវិញបឹងទន្លេមេគង្គ ជំហានទី៤ នឹងត្រូវបានដាក់សម្ពោធដាក់ឱ្យប្រើប្រាស់ក្នុងពេលឆាប់នេះ ក្រោយបញ្ចប់ការសាងសង់កាលពីខែសីហា ឆ្នាំ២០២៣ ។ ទីលានដាក់សំរាមទាំងពីរនេះ ត្រូវបានចំណាយថវិកាសាងសង់ជាង ៩លានដុល្លារអាម៉េរិក។


ទីលានទុកដាក់សំរាមក្នុងខេត្តស្ទឹងត្រែង ត្រូវបានសាងសង់នៅលើផ្ទៃដីសរុបទំហំ ១៩,៤៦ ហិកតា ចំណាយថវិកាសាងសង់ជាង ៤លានដុល្លារអាម៉េរិក នៅចំណុចភូមិអូរត្រែល ឃុំថាឡា ស្រុកថាឡាបរិវ៉ាត់ នៃខេត្តស្ទឹងត្រែង។ ទីតាំងនោះ ត្រូវបានធ្វើ​ឡើងក្នុងរណ្ដៅទី១ មានទំហំ ១៥ ៩៩៦ម៉ែត្រការ៉េអាចផ្ទុកសំរាមបានចំនួន ១៨៥ ១៥១ម៉ែត្រគីប និងស្រះប្រតិកម្មទឹកស្អុយចេញពីសំរាមចំនួន៤ ទំហំសរុបចំនួន១២ ០០០ម៉ែត្រគីប។ ដោយឡែក ទីលានទុកដាក់សំរាមខេត្តស្ទឹងត្រែងនេះ សាងសង់កាលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២ និងបានបញ្ចប់ការសាងសង់កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣។  
  
រូបភាពពី៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

ជាមួយគ្នានេះ  ទីលានទុកដាក់សំរាមក្នុងខេត្តក្រចេះ ត្រូវបានសាងសង់នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ និងបានបញ្ចប់ការសាងសង់នៅថ្ងៃទី១៣ ខែសីហាផងដែរ។ ទីលាននេះ លើផ្ទៃដីសរុបទំហំ ​ ២៦,៨៨ ហិក ស្ថិតនៅភូមិខ្សារ ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ ចំណាយថវិកាចំនួន ៤,៩ ដុល្លារអាម៉េរិក។ ទឹកប្រាក់សម្រាប់​សង់ទីលានទុកដាក់សំរាមក្នុងខេត្តក្រចេះនេះ ជាកម្ចីឥណទានធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។
 
ការដាក់សម្ពោធទីលានទុកដាក់សំរាមទាំងពីរនេះ គឺសម្រាប់ប្រជាពលរដ្ឋឱ្យប្រើប្រាស់ ដើម្បីលើកកម្ពស់គុណភាពការរស់នៅរបស់ពលរដ្ឋក្នុងតំបន់ និងតំបន់ជុំវិញ ជាពិសេសកាត់បន្ថយបញ្ហាប្រឈមទៅលើកត្តាសុខភាព និងការបំពុលបរិស្ថាន៕ 

Tag:
 ទីលានទុកដាក់សំរាម
© រក្សាសិទ្ធិដោយ thmeythmey.com