RFI
សុខភាព
អន្តរជាតិ
អង្គការសុខភាពពិភពលោក ៖ ការ​ជក់​បារី​អេឡិចត្រូនិក​កើន​ឡើង​នៅទូទាំងពិភពលោក
11, Feb 2024 , 6:29 pm        
រូបភាព
ការជក់បារីធម្មតាធ្លាក់ចុះ តែការជក់បារីអេឡិចត្រូនិកមានកំណើនទូទាំងពិភពលោក។ AFP
ការជក់បារីធម្មតាធ្លាក់ចុះ តែការជក់បារីអេឡិចត្រូនិកមានកំណើនទូទាំងពិភពលោក។ AFP
ដោយ៖អៀង សុខម៉ិញ
 
បើ​តាម​ការ​សិក្សា​ថ្មី​ចុងក្រោយ ចំនួន​ក្មេង​ជំទង់​​ចង់​ភ្លក្ស ចង់​សាក​ប្រើ​គ្រឿង​ញៀន ផឹក​ស្រា និង​ជក់​បារី នៅលើ​ពិភពលោក បាន​ថយ​ចុះ​បន្តិច។ ប៉ុន្តែ​ បើ​គិត​អំពី​តួលេខ​វិញ គឺ​នៅ​តែ​ខ្ពស់​ខ្លាំង​ដដែល​។ ចំណែក​ការ​ជក់​បារី​អេឡិចត្រូនិក​វិញ​ បន្ត​កើន​ឡើង​ជា​និច្ច។


ពីមួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ចំនួន​ម​នុស្ស​ចាស់ (ធំពេញ​វ័យ) ជក់​បារី​បាន​ធ្លាក់​ចុះ​ជា​លំដាប់ តាំងពី​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​មក​នេះ​។ នៅ​ឆ្នាំ​២០២២ មាន​មនុស្ស​ប្រមាណ​ម្នាក់​ក្នុង​ចំណោម​៥​នាក់ នៅជក់​បារី ឬ​ប្រើផលិតផល​ធ្វើ​ពី​ថ្នាំ​​ជក់។ កាលពី​សតវត្សរ៍​មុន ក្នុង​ចំណោម​មនុស្ស​បី​នាក់ មាន​ម្នាក់​ជក់​ហើយ។ នេះ​បើ​តាមរបាយការណ៍​ថ្មីដែល​ជា​​លទ្ធផល​សិក្សា​លើ​ប្រេវ៉ាឡង់​ជក់​បារី​នៅ​រវាង​ពី​ឆ្នាំ​២០០០​ដល់​ឆ្នាំ​២០៣០ ​​​អង្គការសុខភាពពិភពលោកបាន​​បញ្ជាក់​ថា ការ​ជក់​បារី​មាន​និន្នាការ​ថយ​ចុះ​ក្នុង​គ្រប់​ប្រទេស​ចំនួន​១៥០​នៅលើ​ពិភពលោក។



 
​ថ្វីបើ​អត្រា​អ្នក​ជក់​បារី បាន​ធ្លាក់​ក្នុង​ប្រទេស​ជា​ច្រើន​នៅលើ​ពិភពលោក​មែន ប៉ុន្តែអត្រា​មរណៈ​បង្ក​ឡើង​ឬ​ពាក់ព័ន្ធ​នឹង​ថ្នាំជក់ ត្រូវ​បន្ត​កើន​ឡើង​នៅប៉ុន្មាន​​ឆ្នាំ​ខាង​មុខ​ទៀត។ ស្ថិតិ​របស់​អង្គការ​សុខភាពពិភពលោក​បាន​បង្ហាញ​ថា​ក្នុង​មួយ​ឆ្នាំ​ៗ បារី​ឬ​ថ្នាំជក់ បាន​សម្លាប់​ជីវិត​មនុស្ស​អស់​ជាង​៨​លាន​នាក់ ក្នុង​នោះ​ជាង​១លាន​បី​សែន​នាក់ ជា​អ្នក​ស្រូប​ផ្សែងបារី​ពី​គេ។​ គេ​ត្រូវ​ការ​ពេលវេលា​ជា​ច្រើន​ដល់​ទៅ​ប្រមាណ​៣០​ឆ្នាំ​ ក្រោយ​ការ​ចាត់​វិធានការ​ដ៏​តឹង​តែង​ប្រឆាំង​នឹង​ថ្នាំ​ជក់​ ទើប​ចាប់​ឃើញ​ចំនួន​មនុស្ស​ស្លាប់​ដោយ​បារី​ចាប់​ធ្លាក់​ចុះ។
 
ម្យ៉ាង​វិញ​ទៀត ​បើ​ទោះ​បី​ជា​ចំនួនអ្នក​ជក់​បារី​បាន​បន្ត​ធ្លាក់​ចុះ​ជា​លំដាប់​ក៏​ដោយ ក៏​អង្គការ​សុខភាព​ពិភពលោកមិន​​រំពឹង​ថា​អាច​សម្រេច​កម្មវត្ថុ​បញ្ចុះ​អត្រា​អ្នក​ជក់​បារី​ឱ្យ​បាន​៣០%​នៅ​រវាង​ពី​ឆ្នាំ​២០១០ដល់​ឆ្នាំ​២០២៥បាន​ទេ។​ មាន​តែ​​៥៦​ប្រទេស​ប៉ុណ្ណោះ មាន​ជាអាទិ៍​ប្រេស៊ីល ដែល​បាន​សម្រេច​កាត់​បន្ថយ​ការ​ប្រើ​ថ្នាំជក់​ឬ​បារី​បាន​៣៥%​ តាំងពី​ឆ្នាំ​២០១០មក។ ផ្ទុយ​ទៅវិញ ការ​ជក់​បារី​បែរ​ជាកើន​ឡើង​នៅក្នុង​​៦​ប្រទេស គឺ កុងហ្គោ អេហ្ស៊ីប ឥណ្ឌូណេស៊ី ហ្សកដានី អូម៉ង់ និង​ម៉ុលដាវី។
 
ដូច្នេះ​មិន​ត្រូវ​ភ្លេច​ខ្លួន និងមិន​ទាន់​ដល់​ពេល​ត្រូវ​ទម្លាក់​ដៃ​ឡើយ បើ​ទោះ​បី​ជា​​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជក់​បារី​នៅលើ​ពិភពលោក​មាន​លក្ខណៈ​ប្រសើរ​ជា​ទូទៅ នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ក៏​ដោយ​។ ​អង្គការ​សុខភាព​​ពិភពលោក​បាន​ឆ្លៀត​ព្រមាន​ថា ឧស្សាហកម្ម​បារី​មិនបាន​ឈរ​អោប​ដៃ​នៅ​ស្ងៀម​ឡើយ​។ នាយក​ដេប៉ាតឺម៉ង់​ទ្រទ្រង់​សុខភាព​របស់​អង្គការ​ បាន​អះអាង​បែប​ចោទ​ប្រកាន់​ដោយ​ចំៗ​ថា នៅទីណា​ដែលការ​ជក់​​បារីធម្មតា​​ធ្លាក់​ចុះ ឧស្សាហកម្ម​បារី​តែង​បើក​សមរភូមិ​ថ្មី​ បង្កើត​ផលិតផល​ថ្មី​ គ្មាន​ផ្សែង​ សម្រាប់​ទាក់​ទាញ​និង​បង្កើត​ទីផ្សារ​ថ្មី​ប្រមូល​ចំណាប់​អារម្មណ៍​ឱ្យ​បាន​ច្រើន​ជា​អតិបរិមា ក្នុង​ចំណោម​អតិថិជន​ថ្មី​ គឺ​ក្មេង​ជំទង់។ ១០%​នៃ​​ក្មេង​អាយុ​ពី​១៣ទៅ​១៥​ឆ្នាំ នៅលើ​ពិភពលោក​បាន​ជក់​បារី​ និងប្រើ​​ថ្នាំ​ជក់​ប្រភេទថ្មី​​ និង​ទម្រង់ថ្មី។ ពោល​គឺ​មាន​ក្មេង​យ៉ាង​ហោច​៣៧​លាន​នាក់ ជា​អ្នក​ជក់​បារី ក្នុង​នោះ​១២​លាន​នាក់​ប្រើ​ផលិតផល​បារី​​ថ្មី​។ សម្រាប់​អង្គការ​សុខភាពពិភពលោក តួលេខ​នេះ​ទាប​ជាង​ការ​ពិត​ជាក់​ស្តែង​ឆ្ងាយ​ណាស់ ព្រោះ​ជាង​៧០​ប្រទេស​មិន​បាន​ផ្តល់​ទិន្នន័យ​អ្វី​ទាំងអស់។
 
នៅ​ប្រទេស​បារាំង អត្រា​ក្មេង​រៀន​នៅ​វិទ្យាល័យ​​ជក់​បារី​ បាន​ធ្លាក់​ចុះ​ពី​១៧,៥%​នៅ​ឆ្នាំ​២០១៨​មក​នៅ​ត្រឹម​តែ​៦,២%​នៅ​ឆ្នាំ​២០២២។ មាន​កញ្ចប់​បារី​ក្នុង​កាតាប​ ក្នុង​កាបូប លែង​ពេញ​និយម​ហើយ។ នេះពិត​ជា​ដំណឹង​ល្អ​មែន ព្រោះ​ការ​ប្រព្រឹត្ត​បារី​ក្នុង​វ័យ​កាន់​តែ​ក្មេង (ក្រោម២០ឆ្នាំ) កាន់​តែ​ឆាប់​ញៀន។ ប៉ុន្តែ​ទន្ទឹម​ដំណឹង​ល្អ​នេះ តែ​ក្មេងៗ​បាន​ងាក​​ទៅ​សាកល្បង​ និង​ជក់​បារី​អេឡិចត្រូនិក កាន់​តែ​ច្រើនឡើងៗ។ ការ​សិក្សា​របស់​អង្គការ​សុខភាព​ពិភពលោក​បាន​បញ្ជាក់​ថា ការ​ប្រើប្រាស់​បារី​អេឡិច​ត្រូនិក​ពិត​ជា​មាន​កំណើន​ នៅទូទាំង​ពិភពលោក។ ក្មេង​អាច​មិន​ចូល​ចិត្ត​រសជាតិ​និង​ក្លិន​បារី​បែប​បូរាណ តែ​ចូល​ចិត្ត​បារី​អេឡិចត្រូនិក ដែល​មាន​គ្រប់រសជាតិ និង​ក្លិន​ផ្លែ​ឈើ​ជា​ច្រើន​មុខ។
 
បញ្ហា​នៅ​ត្រង់​ថា រសជាតិ ក្លិន និង​ទម្រង់​ប្លែកៗ​របស់​បារី​អេឡិចត្រូនិច ​មិនមែន​ជា​ដើមបារី​មាន​កន្ទុយ​ស្នោ​នេះ ក៏ច្រើន​តែ​​​មាន​បង្កប់ និង​ផ្ទុក​សារធាតុ​​ជាតិ​នីកូទីន​ច្រើន​ដែរ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​សាស្ត្រាចារ្យ​ Loïc Josseran ប្រធាន​សម្ព័ន្ធ​ប្រយុទ្ធ​ប្រឆាំង​នឹង​ថ្នាំជក់ នៅ​ប្រទេស​បារាំង បាន​រំលឹក​ថា“បារីអេឡិចត្រូនិក នៅ​តែ​អាច​ផ្តល់​ភាព​ញៀន​នឹង​នីកូទីន​ខ្ពស់​ខ្លាំង​ដដែល​។ យុទ្ធសាស្ត្រ​របស់​ឧស្សាហកម្ម​ថ្នាំជក់​​នៅ​តែ​ដដែល -នៅ​តែ​បន្ត​ផ្សព្វផ្សាយ​ក្នុង​ចំណោម​យុវវ័យ​នូវ​ផលិត​ផល​មាន​ផ្ទុក​ជាតិ​នីកូទីន។ អ្វី​ដែល​កំពុង​កើត​ឡើង​នៅ​ពេល​នេះ គឺ​ការ​កកើត​ទីផ្សារ​នីកូទីន​ តាម​រយៈ​ផលិត​ផល​បារី​អេឡិចត្រូនិក e-cigarette Vapeឬ Vapoteuse បំពង់បង្ហុយ​ឬ​ Puff ...”។
 
តើ​អ្វី​ទៅ​ជា​បារី​អេឡិចត្រូនិក?

បង្កើត​ឡើង​ដោយ​ជន​ជាតិ​ចិន នៅ​ឆ្នាំ​២០០៦​ បារីអេឡិចត្រូនិក គឺ​ជា​គ្រឿង​អេឡិចត្រូនិក មានដូច​ប៊ិច ដូច​ដែកកេះ ​សម្រាប់ស្រូប​​បឺតបង្ហុយ​​ផ្សែង​ ដែល​បាន​មក​ពី​ការ​កម្តៅ​វត្ថុ​រាវក្នុង​បំពង់​ឬ​ដប​ ដោយ​​ប្រើ​ថ្ម មិន​បាច់​អុជភ្លើង​​ និង​ក្នុង​សីតុណ្ហភាព​តែ​៦០អង្សា។ 
 
វត្ថុ​​រាវ​ក្នុង​បារី​អេឡិចត្រូនិក​ ផ្សំ​ឡើង​ដោយ​សារធាតុ​គីមី​ច្រើន​មុខ មាន​ជា​អាទិ៍ Propylène glyco ឬនីកូទីនផង និង​មាន​ក្លិន មាន​រសជាតិរាប់​ពាន់​មុខ​​ មិន​ស្អុយ​ដូច​បារី​បូរាណទេ ហើយ​​អាច​សាក​បញ្ចូល​បន្ថែម ឬប្រើ​ម្តង​ក្រវ៉ាត់​ចោល​ក៏​បាន។ បារី​អេឡិចត្រូនិក​ខ្លះ​គ្មាន​ជាតិ​នីកូទីន​សោះ ខ្លះ​ក៏​មាន​ក្នុង​កំរិត​​មួយ​ដែល​អាច​នាំ​ឱ្យ​ញៀន​បាន។ មាន​ឈ្មោះ​ហៅ​ថា​បារី​មែន ប៉ុន្តែ​​គ្មាន​ផ្ទុក​ឬ​មាន​ផ្ទុក​យ៉ាង​តិច​តួច​បំផុត​ ជាតិ​ជ័រTar និង​ធាតុ​ផ្សំ​ពុល​ជា​ច្រើន​ផ្សេង​ទៀតដូច​​បារីដើម​ធ្វើ​ពី​ថ្នាំជក់​ធម្មជាតិ​ទេ។ 
 
ក្នុង​ពេល​ភ្លាមៗ​និង​ខ្លី​ ការ​ជក់​បារី​អេឡិចត្រូនិក គ្មាន​ជាតិ​នីកូទីន ជាជម្រើស​​​មួយ​សម្រាប់​អ្នក​ចង់​​ផ្តាច់​​បារី។ ប៉ុន្តែ​ការ​បឺត ស្រូប​ផ្សែង​ ចូល​ក្នុង​ខ្លួន​ អាច​នឹង​ប៉ះពាល់​ដល់​សួត ដល់​បេះដូង។ ផលវិបាក និង​ឥទ្ធិពល​នៃ​បារី​អេឡិចត្រូនិក​សម្រាប់ពេល​អនាគត និង​រយៈ​ពេល​ មិនទាន់​កំណត់​បាន​ដោយ​ច្បាស់​លាស់​នៅឡើយទេ។ គ្រាន់​តែ​គេ​ចាប់​ផ្តើម​សង្កេត​ឃើញមាន​ចំណង​ពាក់ព័ន្ធ​រវាង​ការ​ជក់​បារី​អេឡិចត្រូនិក និង​ជំងឺ​រលាក​សួត ជំងឺ​បេះដូង ព្រមទាំង​ជំងឺ​មហារីក​ខ្លះ៕

Tag:
 នាទីសុខភាពនិងអនាម័យ
© រក្សាសិទ្ធិដោយ thmeythmey.com