RFI
សុខភាព
អន្តរជាតិ
ចង្ក្រាន​បាយ ជា​សម្បុក​មេរោគមែនឬ?
11, Feb 2024 , 8:39 pm        
រូបភាព
អេប៉ុងលាងចានជាវត្ថុដែលមានមេរោគច្រើនជាងគេបំផុតនៅក្នុងផ្ទះ ។ RFI
អេប៉ុងលាងចានជាវត្ថុដែលមានមេរោគច្រើនជាងគេបំផុតនៅក្នុងផ្ទះ ។ RFI
ដោយ៖អៀង សុខម៉ិញ
 
បង្គន់ ទូរស័ព្ទ​ដៃ​ ជាប់​ឈ្មោះ​ល្បី​ថា​ជា​កន្លែង​ដ៏​កខ្វក់ មាន​ផ្ទុក​មេរោគ​ច្រើន​ណាស់។ ប៉ុន្តែ​គ្មាន​នរណា​និយាយ​អំពី​ចង្ក្រាន​ទេ។ ចង្ក្រាន​ ឬ​ផ្ទះ​បាយ ​ជា​កន្លែង​ផ្តុំ​មេរោគ​ច្រើន​ជាង​បង្គន់​ទៅ​ទៀត។ តើ​ផ្នែក​ណា​នៃ​ចង្ក្រាន​ដែល​អាច​ចម្លង​មេរោគ​ច្រើន​ជាងគេ ? តើ​ធ្វើ​ដូចម្តេច​ដើម្បី​បង្កើន​អនាម័យ​នៅផ្ទះបាយ?


តើ​នៅក្នុង​ផ្ទះ ​កន្លែងណា​​ដែល​កខ្វក់​ និង​ មាន​ផ្ទុក​មេរោគ​ច្រើន​ជាង​គេ? ចម្លើយរបស់​អ្នក​​ច្បាស់​ជា​ “បង្គន់”​ហើយ។ ថ្វីបើបង្គន់​ជាប់​ឈ្មោះ​ជា​កន្លែង​កខ្វក់​សម្បូរ​មេរោគ​​ច្រើន​​​មែន​  ប៉ុន្តែ​ផ្ទះ​បាយ​មាន​ផ្ទុក​មីក្រុប​ច្រើន​ជាង​នៅ​បង្គន់ទៅ​​ទៀត។ នេះ​បើ​តាម​ការ​សិក្សា​នៅ​ឆ្នាំ​២០២២ ​ដែលលម្អិត​ទៀត​ថា កន្លែង​​មាន​ផ្ទុកនិងបណ្តុះ​​មេរោគ បាក់តេរី ​វីរ៉ុស ច្រើន​ជាងគេ​បំផុត នៅក្នុង​ផ្ទះ​ គឺ​អេប៉ុង​លាង​ចាន។ អេប៉ុងលាង​ចាន​មាន​សមត្ថភាព​ប្រមូលផ្តុំ​មេរោគ​​ ហើយអាច​​ចែក​ចាយ​បាក់តេរី និង​ភ្នាក់ងារ​ចម្លង​មេរោគ​ទៀត។ ឬ​អាច​និយាយ​បែប​ផ្សេង​បាន​ថា​ អេប៉ុង​លាង​ចាន​អាច​អាក្រក់​សម្រាប់​សុខភាព។ បើ​គិត​តាម​ក្បួន​អនាម័យ មាន​អេប៉ុង​គគ្រិច​ក្នុង​ចង្ក្រាន​ ប្រៀប​បាន​នឹង​ស្លៀក​ខោក្នុង​មិន​ប្តូរ​ផ្លាស់​​ជា​រៀង​រាល់​ថ្ងៃ​យ៉ាង​ដូច្នោះ។ បើ​គេ​ជឿ​លើ​ការ​​សិក្សាដែល​ចេញ​ផ្សាយ​ក្នុង​ទស្សនាវដ្តី​វិទ្យាសាស្ត្រ​Nature កាលពី​ឆ្នាំ​២០១៧​ អេប៉ុង​លាង​ចាន​ និង​​​ខោ​ក្នុង​ស្លៀក​មិន​ប្តូរ(រាល់​ថ្ងៃ)​ មាន​ផ្ទុក​បាក់តេរី​ដូច​គ្នា​។


 
អេប៉ុង​លាង​ចាន​កខ្វក់​យ៉ាងណា?
នៅក្នុង​ការ​សិក្សា​ មាន​បាក់តេរី​ជាង​១ម៉ឺនប្រភេទ ​រស់​ចម្រុះ​​គ្នា​ក្នុង​អេប៉ុង​លាង​ចាន​យើងដែល​ខ្លះមាន​ចំនួន​បាក់​តេរី​​ឡើង​ដល់​ទៅ​៥០ពាន់​លាន​​ក្នុង​មួយ​សង់ទីម៉ែត្រគូប​អេប៉ុង។ ជា​បាក់តេរី​ដែល​មាន​ស្ថិត​នៅក្នុង​ចង្កោម​គ្រួសារ​ខុសគ្នា យ៉ាង​ហោច​២០​គ្រួសារផ្សេង​គ្នា ក្នុង​នោះ​ខ្លះ​ពពួក​បាក់តេរី​ដ៏​គ្រោះ​ថ្នាក់​​មាន​នៅក្នុង​លាមក​ ដូច​យ៉ាង​ Salmonelle, Escherichia coli, Klebsiellaផង។ បើទោះ​បី​ជា​គេ​សម្អាត​ផ្ទះ​បាយ ដោយ​មិន​ប្រើ​អេប៉ុងតែមួយ​ជាមួយ​នឹង​អេប៉ុង​​លាង​បង្គន់​ក៏​ដោយ ក៏​អេប៉ុង​លាង​ចាន​អាច​ប្រមូល​បាក់​តេរីពពួក​សាល់​ម៉ូណែល​បាន​ដែរ​ តាម​រយៈ​ការ​លាង​ចាន ជូត​លាង​កែម​ជើង​ចង្ក្រាន​ដែល​មាន​ស្នាម​​គោះ​ពង​មាន់ ឬ​ដោយ​សារ​ដៃ​របស់​យើង​ ដែល​មិន​បាន​លាង​សម្អាត​ត្រឹម​ត្រូវ​ក្រោយ​ចេញ​ពី​បង្គន់ ហើយ​មក​លាង​ចាន។
 
ការ​ចម្លង​និង​ផ្ទុក​មេរោគ​ក្នុង​អេប៉ុង​លាង​ចាន មិនមែន​ពាក់ព័ន្ធ​តែ​នឹង​ចំណី​អាហារ​មួយ​មុខ​ទេ តែ​ដោយសារ​រចនា​សម្ព័ន្ធ​របស់​អេប៉ុង​តែម្តង។ អេប៉ុង​មាន​រន្ធ​ ហើយ​សើម​ជា​និច្ច​ដែល​​បាក់តេរី​និង​មេរោគ​គ្រប់​ប្រភេទ​ចូល​ចិត្ត​សំងំ​នៅ​ ហើយ​ពង្រីក​គ្នា​បាន​យ៉ាង​ងាយ។ គ្មាន​ប្រយោជន៍​​អ្វី​ដែល​ត្រូវ​យក​អេប៉ុង ទៅ​បោក​លាង​ក្នុង​ម៉ាស៊ីន ឬ​ស្ងោរ​ក្នុង​ទឹក​ពុះ ដើម្បី​សម្លាប់​មេរោគ​ឡើយ។ ការ​សិក្សា​ដ៏​គួរ​ឱ្យ​ទុក​ចិត្ត​ដដែល​នេះ បាន​អះអាង ការ​សម្អាត​អេប៉ុង​ក្នុង​ទឹក​ពុះ​អាំច​សម្លាប់​បាក់តេរី​បានត្រឹម​តែ​​៦០%​យ៉ាង​ច្រើន​។ មាន​ន័យ​ថា​គេ​មិន​កម្ចាត់​មេរោគ​ពី​អេប៉ុង​បាន​១០០%​ទេ​។ មធ្យោបាយ​ដ៏​ល្អ​តែ​មួយ​គត់​ដែល​អ្នក​ស្រាវជ្រាវ​បាន​ណែនាំ គឺ​ត្រូវ​ឧស្សាហ៍​ប្តូរ​អេប៉ុង​ឱ្យ​បាន​ញយ។ យក​ល្អ​ត្រូវ​ប្តូរ​​ជា​រៀង​រាល់​សប្តាហ៍កុំ​រង់​ចាំ​ទាល់​តែ​អេប៉ុង​ឡើង​ទក់រហែក​ទើប​បាន​គ្រវាត់​ចោល។​ បើ​មិន​ដូច្នេះ​ទេ វិទ្យុ​កាណាដា ណែនាំ​ឱ្យ​ប្រើ​ច្រាសឈើ​​ដែល​មាន​ចុង​ធម្មជាតិ​ មិន​ជប់​ទឹក​ ឬ​ដែក​ដុស​ធ្វើ​ពី​ស្ពាន់ទន់ មិន​ឆ្កូត​ហើយ​អាច​សម្លាប់​មេរោគ​បាន​ខ្លះ​ទៀត។
 
ក្រៅ​ពី​ប្រដាប់​លាង​ចាន ការសិក្សា​មួយ​ទៀតបង្ហាញ​ថា ក្រណាត់​ជូត​ចាន ក៏​ជា​ជង្រុក​មេរោគ​ និង​ជា​កន្លែងចិញ្ចឹម​បាក់តេរី​យ៉ាង​ខ្លាំង​ក្លាដែរ ជាពិសេស​ពពួក​មេរោគ​Escherichia coli បាក់តេរី​ជា​ភ្នាក់ងារ​បង្ក​ឱ្យ​មាន​ជំងឺ​រលាក​ពោះវៀន​។ ត្រូវ​បើ​ក្រណាត់​ជូត​ ដាច់​ដោយ​ឡែក​ពី​គ្នា ក្រណាត់​ជូតតុ​សម្រាប់​ជូត​តែ​តុ ក្រណាត់​ជូត​ដៃ​សម្រាប់​តែ​ជូត​ដៃ ឯ​ក្រណាត់​ជូត​ចាន​សម្រាប់​តែ​ជូត​ចាន ហើយ​ត្រូវ​បោក​ជា​រៀង​រាល់​ថ្ងៃ ក្នុង​ទឹក​ក្តៅ​៦០អង្សា​កាន់​តែ​ប្រសើរ។
 
វត្ថុ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ ក្នុង​ចង្ក្រាន​​មួយ​ចំនួន​ទៀត ដែល​មាន​ប្រើ​និង​ប៉ះពាល់​ញឹក​ញាប់​ខ្លាំង ក៏​សម្បូរ​មីក្រុង​តោង​ដែរ។ ដំបូង​គេ​គឺ ជ្រុញ គម្រប​ (គម្រប​ក្រឡ​ស្ករ ប៊ីចេង ប្រហុកផ្អក...) ដៃ​ឆ្នាំង ដៃ​កំសៀវ​ដាំ​ទឹក និង​តុ​ក្នុង​ផ្ទះ​បាយ ដែល​យើង​តែង​យក​ស្បោង​ម្ហូប​មក​ពី​ផ្សារ​ដាក់​បន្តុប​លើ។ បើ​តាម​ការ​សិក្សា​ឆ្នាំ​២០២២ គម្រប​ក្រឡ​គ្រឿង​ផ្សំ​ចំនួន​ពាក់​កណ្តាល​មាន​ឆ្លង​មេរោគ។
 
សូម​ឧស្សាហ៍​សម្អាត​ ធុង​សំរាម និង​ទូរទឹក​កក ព្រមទាំង​ដប​ទឹក​ ក្នុង​ម៉ាស៊ីន​ឆុងកាហ្វេផង ព្រោះ​វត្ថុ​ទាំង​នេះ​ក៏​មាន​ហានិភ័យ​ផ្ទុក​មេរោគ​ច្រើន​ដែរ។ ប៉ុន្តែ​​ការលាង​​សម្អាត ដោយ​ប្រើ​សាប៊ូលាង​ចាន អាច​បំបាត់​ជាតិ​ខ្លាញ់ ជម្រះ​កាក​សំណល់​​អាហារ និង​ភាព​កខ្វក់​ ធ្វើ​ឱ្យ​ចាន​ក្បាន​ភ្លឺ​ល្អ​មែន ប៉ុន្តែ​មិន​ប្រាកដ​ថា​បរិសុទ្ធ​សម្រាប់​សុខភាព​ឡើយ ព្រោះ​សាប៊ូ​លាង​ចាន ​​អាច​​កម្ចាត់​​​មេរោគ​បានតែ​មួយ​ចំនួន ឬ​គ្រាន់​តែ​រុញ​ច្រាន​មេរោគ​​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ទៀត​ប៉ុណ្ណោះ។
 
បន្ថែម​ពី​លើ​ការ​សម្អាត​ជា​ប្រចាំ​ថ្ងៃ សូម​ប្រើ​ផលិតផល​សម្លាប់​មេរោគ បាត់តេរី និង​​ផ្សិត ​មាន​អាទិ៍​ទឹក​អូហ្សាវែល សម្អាតផ្ទៃ​ចង្ក្រាន វត្ថុ​ប្រើប្រាស់សម្រាប់​ធ្វើ​ម្ហូប តុ ​ការ៉ូ​ឥដ្ឋ​ ...ទើបប្រាកដថា​​មាន​ប្រសិទ្ធភាពកម្ចាត់​មេរោគ​ក្នុង​ផ្ទះ​បាយ​​​​បាន​ពិត​ប្រាកដ។
 
ជា​ចុងក្រោយ​គឺ​កុំ​ភ្លេច​ឧស្សាហ៍​លាង​ដៃ ដែល​ជា​ប្រភព​ចម្លង​មេរោគ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ពីវត្ថុ​មួយ​ទៅ​វត្ថុ​មួយទៀត។ ចាំ​បាច់​ត្រូវ​តែ​លាង​ដៃ​ឱ្យ​បាន​ស្អាត មុន​និង​ក្រោយ​ទៅ​​ប៉ះពាល់​បន្លែ​ អាហារ​ឆៅ។ កុំ​ភ្លេច​លាង​ដៃនឹង​សាប៊ូ ឬ​ជែល​សម្រាប់​មេរោគ ​ក្រោយ​ចេញ​ពី​បង្គន់ ក្រោយ​ពី​បានធ្វើ​ដំណើរ​តាម​មធ្យោបាយ​សាធារណៈ​ និង​ពេល​ត្រលប់​ចូលមក​ដល់​​ផ្ទះ។

សាប៊ូលាង​ចាន ជា​ផលិតផល​សម្រាប់​លាង​សម្អាត ឱ្យ​ជ្រះ​ជាតិ​ខ្លាញ់ ជ្រះ​ស្នាម​ប្រលាក់ ភាព​គគ្រិច មិន​គួរ​ប្រើ​សម្រាប់​លាងសម្អាត​​ដៃ​ទេ ដោយ​វា​​អាច​នឹង​ធ្វើ​ខូច​ស្បែក​ ​ឆាប់​ស្ងួត ឬ​ប្រេះ ដែល​ជា​ទង្វើ​បញ្ច្រាសខ្យល់​​បើក​ឱកាសឱ្យ​​មេរោគ​វិញ។
 
ជំងឺ​បង្កឡើងដោយ​មេរោគ​ជា​ពពួក​បាក់តេរី ជាមូលហេតុ​ទីពីរ​នៃ​មរណភាព​នៅលើ​ពិភពលោក​បន្ទាប់​ពី​ជំងឺ​បេះដូង។ នេះ​បើ​តាម​ការសិក្សា​ស្រាវជ្រាវ​ដ៏​ធំ​មួយដឹកនាំ​ដោយ​មូលនិធិ​Bill Gates ចេញ​ផ្សាយ​កាលពី​ថ្ងៃអង្គារ​ទី​២១​វិច្ឆិកា​២០២៣ ដោយ​លម្អិត​ទៀតថា នៅក្នុង​ចំណោម​ពពួក​បាក់តេរី​ជាង​៣០ប្រភេទ​ដែល​បង្ក​ជំងឺ​ជា​ញឹកញាប់​ជាង​គេ មាន​៥​ជា​ឃាតករ​កំណាច​ជាង​គេ គឺ Staphylocoque Doré, Escherichia Coli, Pneumocoque Klebsellia pneumoniae និង​ Bacille pyocyanique៕
 

Tag:
 នាទីសុខភាពនិងអនាម័យ
© រក្សាសិទ្ធិដោយ thmeythmey.com