RFI
អន្តរជាតិ
រុស្ស៊ី និងចិនចោទអាមេរិកពីបទប្រើនយោបាយរារាំង និងជ្រៀតជ្រែក
11, Feb 2024 , 9:39 pm        
រូបភាព
ប្រធានាធិបតីចិនលោកស៊ី ជីន ពីង និងសមភាគីរុស្ស៊ីលោកវ្ល៉ាឌីមៀរ ពូទីន។ AP
ប្រធានាធិបតីចិនលោកស៊ី ជីន ពីង និងសមភាគីរុស្ស៊ីលោកវ្ល៉ាឌីមៀរ ពូទីន។ AP
ដោយ៖កែវ ឆាយា /RFI ខេមរភាសា
 
ប្រធានាធិបតី​ចិន​លោក​ស៊ី ជីន ពីង និង​សមភាគី​រុស្ស៊ី​លោក​វ្ល៉ាឌីមៀរ ពូទីន​បាន​ជួប​សន្ទនា​គ្នា​តាម​ទូរស័ព្ទ​ក្នុង​ថ្ងៃព្រហស្បតិ៍ ទី៨ កុម្ភៈ។ លទ្ធផល​នៃ​កិច្ចសន្ទនា​ត្រូវ​បាន​ទីប្រឹក្សាការទូត​វិមានក្រេមឡាំង​លោក Yuri Oushakov ប្រាប់​ឲ្យ​ដឹង​ថា លោកស៊ី និង​លោក​ពូទីន​បាន​សម្តែង​ជំហរ​ច្រានចោល​នយោបាយ​អាមេរិក​ដែល​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​រដ្ឋ​ដទៃ។ តាម​លោក Yuri Oushakov មេដឹកនាំ​ប្រទេស​ទាំង​ពីរ​យល់​ច្បាស់​ថា សហរដ្ឋអាមេរិក​លើក​យក​ទៅ​អនុវត្ត​នូវ​នយោបាយ​រារាំង​ដំណើរទៅ​មុខ​របស់​ចិន និង​រុស្ស៊ី។
 
នៅ​ក្នុង​កិច្ចសន្ទនា​រយៈពេល ១ម៉ោង​ក្នុង​ស្មារតី​មិត្តភាព លោកពូទីន និង​លោកស៊ី​បាន​បញ្ជាក់​ថា ក្រុង​មូស្គូ និង​ក្រុង​ប៉េកាំង​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​បញ្ហា​ណា​ដែលជា​គន្លឹះ​នាំ​ឲ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍ជាតិ​រៀងៗ​ខ្លួន។ ចំណែក​ទូរទស្សន៍​រដ្ឋ​ចិន​ឈ្មោះ CCTV ក៏​បាន​ផ្សាយ​ពី​កិច្ចសន្ទនា​តាម​ទូរស័ព្ទ​រវាង​លោក​ស៊ី និង​លោក​ពូទីន​ដែរ។ តាម CCTV មេដឹកនាំ​ទាំង​ពីរ​បាន​និយាយ​ទៅ​កាន់​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​បញ្ជាក់​ថា ប្រទេស​ទាំង​ពីរ​ត្រូវ​តែ​ប្រឆាំង​នឹង​ការ​លូកដៃ​ជ្រៀតជ្រែក​ពី​បរទេស​ដោយ​មិន​និយាយ​ចំ​ឈ្មោះ​សហររដ្ឋអាមេរិក​ទេ។
 
គួរ​បញ្ជាក់​ថា ចិន​និង​រុស្ស៊ី​តែង​បរិហារ​ជា​រឿយៗ​នូវ​ការ​លូកដៃ​ជ្រៀតជ្រែក​ពី​ក្រៅ​ដែល​ខ្លួន​ជា​អ្នករងគ្រោះ ពិសេស​ពី​ពួក​ប្រទេស​បស្ចិមលោក ទោះ​ជា​រឿង​កោះតៃវ៉ាន់ ឬ​រឿង​រុស្ស៊ី​វាយលុក​នៅ​អ៊ុយក្រែន។ 
 
តាម​ការ​ផ្សព្វផ្សាយ​របស់​ទូរទស្សន៍​រដ្ឋ​ចិន CCTV ដដែរ លោកស៊ី ជីនពីង និង​លោក វ៉្លាឌីមៀរ ពូទីន​បាន​ប្តេជ្ញា​ធ្វើ​ការដោយ​សហការ​គ្នា​យ៉ាងស្អិតរមួត​តាម​វិធីយុទ្ធសាស្ត្រ​តែ​ម្តង។ លោក​ស៊ី​បាន​គូស​បញ្ជាក់​ប្រាប់​លោក​ពូទីន​ថា ចិន និង​រុស្ស៊ី​ត្រូវ​តែ​ការពារអធិបតេយ្យភាព សន្តិសុខ និង​ផលប្រយោជន៍​នៃ​ការអភិវឌ្ឍន៍​ប្រទេសរៀងៗខ្លួន និង​ប្រឆាំង​ប្តូរប្តេជ្ញ​ទល់​នឹង​ការ​ជ្រៀតជ្រែក​ពី​កម្លាំង​ខាង​ក្រៅ​ចូល​កិច្ចការផ្ទៃក្នុង​របស់​ប្រទេស​ទាំង​ពីរ។
 
ទន្ទឹម​គ្នា​នេះ ការ​សន្ទនា​តាម​ទូរសព្ទ​រវាង​មេដឹកនាំ​ទាំង​ពីរ​ក៏​មាន​ការ​ជូនពរ​ឲ្យ​គ្នា​ទៅ​វិញ​ទៅមក​ក្នុង​ឱកាស​បុណ្យចូលឆ្នាំចិន​ដែល​ចាប់​ផ្តើម​នៅថ្ងៃសៅរ៍ ទី ១០ កុម្ភៈ។ គួរ​បញ្ជាក់​ថា រុស្ស៊ី​ដែល​ត្រូវ​បាន​បស្ចិមលោក​កាត់ផ្តាច់​ដោយសារ​សង្រ្គាម​អ៊ុយក្រែន​កំពុង​រំពឹង​ខ្លាំង​លើ​ក្រុម​ប្រទេស​សម្ព័ន្ធមិត្ត​របស់​ខ្លួន ពិសេស​ចិន​តែ​ម្តង។ ចិន និង​រុស្ស៊ី​មាន​មហិច្ឆតា​ដូច​គ្នា​ក្នុង​ការ​ឈាន​ទៅ​កាត់​កាត់បន្ថយ​អនុត្តរភាព​អាមេរិក​លើ​កិច្ចការពិភពលោក។ ចិន​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​ផ្គាប់ចិត្ត​របស់​ខ្លួន​ចំពោះ​រុស្ស៊ី​ទាក់ទង​នឹង​ប្រតិបត្តិការ​វាយ​លុក​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន។
 
ពិត​ណាស់​នៅ​ក្នុង​សំណុំរឿង​នេះ ចិន​ធ្លាប់​បាន​អំពាវនាវ​ឲ្យ​គោរព​បូរណភាព​ដែនដី​នៃ​គ្រប់​ប្រទេស​ទាំង​អស់ រួម​ទាំង​ប្រទេស​អ៊ុយក្រែន​ផង។ តែ​ចិន​មិន​ដែល​បាន​ថ្កោលទោស​រុស្ស៊ី​ជា​សាធារណៈ​នៅ​ក្នុង​សង្រ្គាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន​ទេ។ ទោះ​ជា​យ៉ាង​ណា លោក ស៊ី​បាន​សង្កត់​ធ្ងន់​ប្រាប់​លោក​ពូទីន​ថា ចិន​ត្រៀម​ធ្វើ​ការងារជាមួយ​រុស្ស៊ី​ដើម្បី​ពង្រឹង​ការ​សម្របសម្រួល​ពហុភាគីអន្តរជាតិ អនុវត្តគោលការណ៍ពហុប៉ូលនិយម និង​ការពារ​ពិភពលោក​ពហុប៉ូលស្មើ​ភាព​គ្នា៕
 

© រក្សាសិទ្ធិដោយ thmeythmey.com