កីឡាអន្តរជាតិ
អន្តរជាតិ
កាតខៀវ ពិន័យកីឡាករឈរក្រៅទីលាន១០នាទី នឹងដាក់ឱ្យប្រើជាមួយកាតលឿង និងក្រហម
11, Feb 2024 , 10:09 pm        
រូបភាព
កាតពណ៌ខៀវថ្មីនឹងត្រូវបានណែនាំឱ្យប្រើប្រាស់លើកដំបូងនៅក្នុងវិស័យបាល់ទាត់ ត្រូវបានប្រកាសឡើងនៅថ្ងៃទី៨ ខែកុម្ភៈ។ កាតខៀវ មានតួនាទីបណ្តេញកីឡាករណាដែលបង្កកំហុស និងបង្ហាញអាកប្បកិរិយាមិនសមរម្យចំពោះការកាត់សេចក្តីរបស់អាជ្ញាកណ្តាល រយៈពេល ១០នាទី។


បើតាមការផ្សាយរបស់កាសែត Telegraph Sports ស្ថាប័នក្រុមប្រឹក្សាភិបាលសមាគមបាល់ទាត់អន្តរជាតិ (Ifab) បានចុះហត្ថលេខាលើការដាក់ឱ្យប្រើប្រាស់កាតថ្មីនេះ ចាប់តាំងពីមានកាតលឿង និងកាតក្រហម ត្រូវបានដាក់ឱ្យប្រើលើកដំបូងតាំងពី World Cup ឆ្នាំ ១៩៧០។
 
​​ការប្រើប្រាស់កាតថ្មីបន្ថែមនេះ នឹងត្រូវបានប្រកាសដោយ Ifab ជាផ្នែកនៃច្បាប់របស់ការប្រកួតក្នុងទីលាន (Sin-bin) ទៅលើកីឡាករដែលបានបង្កកំហុសឆ្គង ដោយត្រូវពិន័យឱ្យនៅក្រៅទីលានរយៈពេល ១០នាទី។
 
សមាគមកីឡាបាល់ទាត់ប្រទេសវែលស៍ គ្រោងនឹងប្រើប្រាស់ច្បាប់កាតខៀវ ដើម្បីជាការសាកល្បងលើកដំបូងនៅក្នុងការប្រកួតថ្នាក់មូលដ្ឋាននៅរដូវកាលនេះ។ 


 
មូលហេតុដែលជ្រើសរើសយកកាតខៀវ មកប្រើប្រាស់គឺដើម្បីបញ្ជាសប្រើប្រាស់កាតដែលមានពណ៌ស្រដៀង ដែលអាចមានការច្រឡំរវាងកាតលឿង និងកាតក្រហម។
 
មួយវិញទៀត នៅពេលដែលកីឡាករទទួលបានកាតខៀវចំនួន ២ដង ឬកាតលឿងលាយជាមួយកាតខៀវ កីឡាករនោះនឹងទទួលបានកាតក្រហមបណ្តេញចេញពីការប្រកួតដូចពេលដែលកីឡាករទទួលបានកាតលឿងពីដងអ៊ីចឹងដែរ។
 
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ការប្រកួតប្រជែងកម្រិតខ្ពស់ មិនត្រូវបានដាក់បញ្ចូលទៅក្នុងគម្រោងប្រើប្រាស់កាតខៀវនេះនៅឡើយទេ ព្រោះតែច្បាប់ថ្មីនេះត្រូវការកែតម្រូវបន្ថែមទៀត បន្ទាប់ពីការសាកល្បងរួច។ ការប្រើប្រាស់កាតខៀវសម្រាប់វិស័យបាល់ទាត់ទាំងមូល ត្រូវបានគេមើលឃើញថានឹងអាចចាប់ផ្តើមនៅដើមរដូវកាល ២០២៤-២៥ ហើយបន្ទាប់ពីវែលស៍ ប្រទេសអង់គ្លេសទំនងដាក់ឱ្យប្រើប្រាស់ច្បាប់ការប្រកួតថ្មីនេះមុនប្រទេសដទៃ៕

Tag:
 បាល់ទាត់
  អង់គ្លេស
© រក្សាសិទ្ធិដោយ thmeythmey.com