កីឡាអន្តរជាតិ
អន្តរជាតិ
ម្ចាស់ផ្ទះកូតឌឺវ័រ គ្រងជើងឯកពានរង្វាន់ AFCON ជាលើកទី៣
12, Feb 2024 , 10:59 am        
រូបភាព
កូតឌឺវ័រ គ្រងជើងឯកពានរង្វាន់ African Cup of Nations 2023 ក្រោយយកឈ្នះលើក្រុមនីហ្សេរីយ៉ា លទ្ធផល ២-១ នៅក្នុងកីឡដ្ឋាន Alassane Ouattara នាថ្ងៃទី១១ ខែកុម្ភៈ។ កីឡាករខ្សែប្រយុទ្ធ Sebastien Haller បានស៊ុតបាល់បញ្ចូលទីជ័យជម្នះ ដើម្បីជួយក្រុមកូតឌឺវ័រ លើកពានកំពូលទ្វីបអាហ្រ្វិកលើកទី៣ ក្នុងប្រវត្តិសាស្ត្រ។


សម្រាប់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រនេះ ក្រុមនីហ្សរីយ៉ា បានស៊ុតបាល់បើកឆាកនាំមុខ​ម្ចាស់ផ្ទះមុននៅនាទី ៣៨ រកបានដោយកីឡាករ William Troost-Ekong ក្នុងវគ្គទីមួយ។ ប៉ុន្តែចូលវគ្គទីពីរ ខ្សែបម្រើ Franck Kessie រកបានគ្រាប់បាល់តាមស្មើនៅនាទី៦២ មុនពេលដែលខ្សែប្រយុទ្ធល្បីលើករណីប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក Sebastian Haller ស៊ុតគ្រាប់ជ័យជម្នះនាទី៨១ មុនពេលបញ្ចប់ការប្រកួត។
 
មុនឈានមកដល់វគ្គផ្ដាច់ព្រ័ត្រនេះ ក្រុមម្ចាស់ផ្ទះកូតឌឺវ័រ ហាក់​ឆ្លងកាត់ការប្រកួតដ៏លំបាកបំផុតមួយ ដោយប៊ិះធ្លាក់នៅវគ្គចែកពូល។ ពួកគេ បានភ្លាត់ស្នៀតចាញ់ក្រុមហ្គីណេអេក្វាទ័រ លទ្ធផល ៤-០ ហើយបន្តប្រកួតស្មើជាបន្តបន្ទាប់ មុនពេលបញ្ចប់ចំណាត់ថ្នាក់លេខ ៣ល្អ ក្នុងពូល A។
 
ក្រុមរហស្សនាមដំរីអាហ្រ្វិក បានបណ្តេញគ្រូបង្វឹកលោក Jean Louis Gasset សញ្ជាតិបារាំងចេញតំណែង ហើយបានតែងតាំងគ្រូជំនួយ លោក ​Emerse Fae ជាគ្រូបង្វឹកបណ្តោះអាសន្ន។ គ្រូបង្វឹកនេះហើយ ដែលនាំកូតឌឺវ័រ បន្តប្រកួតប្រជែងនៅវគ្គជម្រុះ រហូតដល់ឈ្នះពានលើកទី៣។
 
នេះជាភាពជោគជ័យមួយសម្រាប់កូតឌឺវ័រ ដោយឡើងដល់វគ្គផ្តាច់ព្រ័ត្រ ៥ លើក ពួកគេឈ្នះពានចំនួន ៣ លើក។  កូតឌឺវ័រ គ្រងជើងឯកពានរង្វាន់ AFCON លើកដំបូងក្នុងឆ្នាំ១៩៩២ ,លើកទី២ នៅក្នុងឆ្នាំ ២០១៥ ​ដោយទាំង២លើកយកឈ្នះលើក្រុមហ្គាណា។ លើកទី៣ ឆ្នាំ២០២៣ ឈ្នះលើម្ចាស់ពាន ៣សម័យ នីហ្សេរីយ៉ា៕
 
 

Tag:
 AFCON
  កូតឌឺវ័រ
© រក្សាសិទ្ធិដោយ thmeythmey.com