កីឡាអន្តរជាតិ
អន្តរជាតិ
Arsenal លត់ West Ham ខណៈបិសាចក្រហមឈ្នះ Aston បង្កើនឱកាសប្រជែង Top 4
12, Feb 2024 , 11:59 am        
រូបភាព
ក្រុម Arsenal លត់ក្រុម West Ham United ចាស់ដៃក្នុងលទ្ធផល ៦-០ ដើម្បីបន្តប្រដេញចំណាត់ថ្នាក់កំពូលតារាង ក្របខណ្ឌ Premier League ចំណែកក្រុម Manchester United យកឈ្នះលើក្រុម Aston Villa ដល់ក្នុងទឹកដី ដើម្បីបន្តក្តីសង្ឃឹមប្រដេញប្រជែងយកចំណាត់ថ្នាក់ក្រុមកំពូលទាំង ៤។


ស៊ុតចូលទី ៦-០ ដែលជាជ័យជម្នះ ដ៏ធំមួយសម្រាប់ក្រុមរហស្សនាមកាំភ្លើងធំ លើម្ចាស់ផ្ទះ West Ham United ។ វាជាលទ្ធផលនៃការស៊ុតបញ្ចូលទីក្រៅទឹកដីច្រើនបំផុតមិនធ្លាប់មានក្នុងក្របខណ្ឌ Premier League ខណៈដែល Arsenal បន្តប្រជែងពានរង្វាន់ទល់នឹងក្រុម Liverpool និង Manchester City។
 
ការឈ្នះលើទឹកដីរបស់ West Ham គឺជាការសងសឹកដ៏ល្អមួយ សម្រាប់ក្រុមរបស់លោក Mikel Arteta ទៅលើក្រុមដឹកនាំដោយលោក David Moyes ។ West Ham បានយកឈ្នះលើ Arsenal ដោយលទ្ធផល ២-០ កាលពីខែធ្នូ ឆ្នាំ ២០២៣ ក្នុងពានរង្វាន់ EFL Cup។
  


កាលពីសប្តាហ៍មុន ក្រុមកាំភ្លើងធំ ក៏ភ្លាត់ស្នៀតចាញ់ក្រោមថ្វីជើង Liverpool ដែរ។ ប៉ុន្តែជ័យជម្នះលើWest Ham នេះ បានធ្វើឱ្យក្រុម Arsenal វិលត្រឡប់ទៅកាន់ការប្រកួតប្រជែងដណ្តើមពានជាថ្មីម្តងទៀត។​ Arsenal នៅចំណាត់ថ្នាក់លេខ ៣ មាន ៥២ពិន្ទុស្មើ Manchester City ដែលនៅលេខពីរ ដោយមានគម្លាត ២ពិន្ទុ ពីក្រុម Liverpool មាន ៥៤ពិន្ទុនៅកំពូលតារាង ។
 
ដោយឡែក ក្រុមបិសាចក្រហម បន្តឈ្នះការប្រកួត ៣លើកជាប់ៗគ្នាក្នុង Premier League ខណៈការឈ្នះក្រៅទឹកដីលើ Aston Villa ជាជ័យជម្នះដ៏ធំមួយដែរ។
 
គ្រាប់បាល់ទី១ ធ្វើបានដោយខ្សែប្រយុទ្ធ Rasmus Hojlund នាទី១៧ បើកឆាកនាំមុខលើម្ចាស់ផ្ទះ ។ ឈានដល់វគ្គទីពីរ កីឡាករ Douglas Luiz រកបានគ្រាប់បាល់តាមស្មើ ១-១ មកវិញ ប៉ុន្តែយ៉ាងណាក្រុម Man United នៅតែវាយសម្រុករហូតអាចបំបែកសំណាញ់ទីនៅនាទី៨៦ ដោយរកបានពីសំណាក់កីឡាករខ្សែបម្រើការពារ Scott McTominay។ 
  


ជ័យជម្នះនេះ បានបន្តឱ្យ Man United រក្សាកំណត់ត្រាមិនដែលចាញ់ចំនួន ៦ ប្រកួតជាប់គ្នា ចាប់តាំងពីខែមករាមក និងបានជួយបន្ធូរស្ថានកាលសម្ពាធនៃការដឹកនាំរបស់លោក Erik ten Hag ស្របពេលកីឡាករសំខាន់ៗច្រើនរូបបានជាពីរបួស ហើយអាចចូលលេងបានពេញលេញឡើងវិញ។
 
បិសាចក្រហមបន្តក្តីសង្ឃឹមប្រជែងចំណាត់ថ្នាក់ក្រុមកំពូលទាំង៤ ខណៈបច្ចុប្បន្នខ្លួនស្ថិតនៅចំណាត់ថ្នាក់លេខ ៦ ដោយប្រដេញតាម Aston Villa ដែលនៅចំណាត់ថ្នាក់លេខ ៥ មានគម្លាតត្រឹម ៥ពិន្ទុ និង Tottenham Hotspur នៅចំណាត់ថ្នាក់លេខ ៤ មានគម្លាតត្រឹម ៦ពិន្ទុ៕
 

Tag:
 Premier League
  Arsenal
© រក្សាសិទ្ធិដោយ thmeythmey.com