អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
សេតវិមាន រិះគន់លោកត្រាំ ក្រោយគំរាមមិនការពារសម្ព័ន្ធមិត្តណាតូ
12, Feb 2024 , 2:59 pm        
រូបភាព
អតីតប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ។ រូបភាព ៖ AFP
អតីតប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ។ រូបភាព ៖ AFP
អតីតប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ត្រូវ​បាន​សេតវិមាន​រិះគន់​បន្ទាប់​ពី​បាន​លាតត្រដាង​ថា​ លោក​បាន​គំរាម​បោះ​បង់​សមាជិក​ណាតូ​ដែល​មិន​បាន​រួម​ចំណែក​ថវិកា​គ្រប់គ្រាន់​ក្នុង​ករណី​ដែល​ពួក​គេ​ត្រូវ​បាន​វាយ​ប្រហារ​ដោយ​រុស្ស៊ី។
 
ការ​លើក​ឡើង​របស់​លោក ត្រាំ ពាក់ព័ន្ធនឹងការគំរាមមិនការពារសម្ព័ន្ធមិត្តណាតូ ត្រូវ​បានធ្វើ​ឡើង​ក្នុង​អំឡុង​ពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​​នៅ​រដ្ឋ South Carolina នៅថ្ងៃ​ទី ១០ ខែ​កុម្ភៈ នៅពេលដែលអតីតប្រធានាធិបតីអាម៉េរិករូបនេះបានរម្លឹកឡើងវិញអំពីជំនួបជាមួយមេដឹកនាំណាតូ។
 
«ប្រសិនបើយើងមិនចូលរួមចំណែកពេញលេញ ហើយរុស្ស៊ីវាយប្រហារយើង តើអាម៉េរិកនឹងការពារយើងដែរឬទេ?» មេដឹកនាំណាតូម្នាក់បានសួរលោក ត្រាំ បែបនេះ។
 
លោក ត្រាំ បានឆ្លើយតបដែលមើលទៅដូចកំពុងលើកទឹកចិត្តរុស្ស៊ីឱ្យវាយប្រហារសម្ព័ន្ធមិត្តណាតូ។  លោកអះអាងថា ៖« អ្នកមិនបានរួមចំណែកគ្រប់គ្រាន់ទេ? អ្នកកំពុងធ្វើការងាររបស់អ្នកមិនបានត្រឹមត្រូវ។ ប្រសិនបើរឿងនោះកើតឡើង យើងនឹងមិនការពារអ្នកទេ»។ លោកត្រាំ បានព្រមានបែបនេះ ដោយជំរុញឱ្យសមាជិកអង្គការណាតូ បង់វិភាគទានឱ្យបានត្រឹមត្រូវ។ 
 
សេចក្តីថ្លែងការណ៍របស់លោក ត្រាំ ត្រូវបានរងការរិះគន់យ៉ាងខ្លាំងពីសេតវិមាន។ អ្នកនាំពាក្យសេតវិមានលោក Andrew Bates បាននិយាយថា ការលើកទឹកចិត្តប្រទេសផ្សេងទៀតឱ្យវាយប្រហារសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់អាម៉េរិក ជាទង្វើដ៏គួរឱ្យភ័យខ្លាច និងល្ងង់ខ្លៅ ដែលបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិ និងសេដ្ឋកិច្ចរបស់អាម៉េរិក ក៏ដូចជាស្ថិរភាពពិភពលោក។ 
 
ទន្ទឹមនេះ ការថ្លែងរបស់លោក ត្រាំ ក៏បានធ្វើឱ្យលោក Jens Stoltenberg អគ្គលេខាធិការអង្គការណាតូខឹងសម្បារដែរ។ លោក Stoltenberg បាននិយាយថា ការវាយប្រហារណាមួយលើអង្គការណាតូ នឹងត្រូវបានឆ្លើយតបដោយរួបរួមគ្នា និងខ្លាំងក្លា។
 
ប្រមុខណាតូរូបនេះបញ្ជាក់ថា រាល់ការលើកឡើងដោយសមាជិកនៃប្លុកនេះដែលមិនបានការពារគ្នា នឹងធ្វើឱ្យកម្លាំងនៃសម្ព័ន្ធភាពយោធានេះចុះខ្សោយ ច្បាស់ណាស់នឹងធ្វើឱ្យពលទាហានស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់។
 
បន្ថែមពីនេះ ប្រធានាធិបតី​​អាម៉េរិក ចូ បៃឌិន ក៏​បាន​និយាយ​ប្រឆាំង​នឹង​ការ​ថ្លែង​របស់​លោក ត្រាំ ​ដែរ។ លោកបានព្រមានថា ប្រសិនបើលោក ត្រាំ ត្រឡប់ទៅកាន់សេតវិមានវិញ អាម៉េរិកនឹង អនុញ្ញាតឱ្យរុស្ស៊ីធ្វើអ្វីគ្រប់យ៉ាង។
 
«បើដៃគូប្រជែងរបស់ខ្ញុំ (ដូណាល់ ត្រាំ) ត្រលប់មកកាន់អំណាចវិញ លោកនឹងធ្វើវាច្បាស់ណាស់ថា នឹងបោះបង់សម្ព័ន្ធមិត្តណាតូ ប្រសិនបើរុស្ស៊ីវាយប្រហារ»។ លោកបៃឌិន បានថ្លែងបែបនេះ នៅថ្ងៃទី១១ ខែកុម្ភៈ។ 
 
ចំណែក គូប្រជែងខាងគណបក្សសាធារណរដ្ឋដែលនៅសេសសល់របស់លោក ត្រាំ គឺលោកស្រី Nikki Haley ក៏បានវាយប្រហារលោក ត្រាំ  ចំពោះការលើកឡើងបែបនេះដែរដោយបញ្ជាក់ថា លោកស្រីនឹងចូលរួមជាមួយអង្គការណាតូ ប្រសិនបើលោកស្រីជាប់ឆ្នោតជាប្រធានាធិបតី។ 
 
គួរបញ្ជាក់ថា សន្ធិសញ្ញាអង្គការណាតូមានបទបញ្ញត្តិដែលធានាការការពារទៅវិញទៅមកនៃរដ្ឋជាសមាជិក ប្រសិនបើប្រទេសណាមួយត្រូវបានវាយប្រហារ។ បច្ចុប្បន្នសមាជិកណាតូមាន ៣១ប្រទេសក្នុងនោះ ២៩ប្រទេសមកពីតំបន់អឺរ៉ុប និង ២ប្រទេសទៀតគឺអាម៉េរិក និងកាណាដា៕ 

Tag:
 ណាតូ
  ដូណាល់ ត្រាំ
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com