កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាករ Kiptum ម្ចាស់ឯកទត្តកម្មម៉ារ៉ាតុនពិភពលោក ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍
12, Feb 2024 , 3:39 pm        
រូបភាព
កីឡាកររត់ម៉ារ៉ាតុន Kelvin Kiptum និងគ្រូបង្វឹក ត្រូវបានស្លាប់នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ ក្នុងទីក្រុង Rift Valley នាថ្ងៃទី១១ ខែកុម្ភៈ ។ មានវ័យ ២៤ឆ្នាំ Kipturm ជាអត្តពលិកតែម្នាក់គត់ ដែលអាចរត់បានចម្ងាយឆ្ងាយ ដោយប្រើថេរវេលាតិចជាងគេបង្អស់ លើពិភពលោក។


Kiptum បានបំបែកកំណត់ត្រារត់ចម្ងាយ នៅក្នុងព្រឹត្តិការណ៍រត់ម៉ារ៉ាតុន ក្នុងរដ្ឋ Chicago កាលពីខែតុលា ឆ្នាំ ២០២៣ ដោយរត់ចម្ងាយ ៤២គីឡូម៉ែត្រ ប្រើថេរវេលា ២ម៉ោង ០០នាទី និង ៣៥វិនាទី ដោយឈ្នះកំណត់ត្រារបស់លោក Eliud Kipchoge សញ្ជាតិកេនយ៉ាដូចគ្នា ដែលរត់ប្រើថេរវេលា ២ម៉ោង ១នាទី និង ០៩វិនាទី ក្នុងទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ កាលឆ្នាំ ២០២២។
 
បើតាមការផ្សាយរបស់កាសែត Nations កីឡាករ Kiptum ជាអ្នកបើកបររថយន្តរបស់គ្រូបង្វឹក លោក Rwandan ក៏មានលោក Gervais រួមដំណើរ ព្រមទាំងស្ត្រីម្នាក់ទៀត នៅក្នុងរថយន្ត ហើយក៏បានជួបគ្រោះថ្នាក់ចរាចរណ៍ នាទីក្រុង Rift Valley កាលពីល្ងាចថ្ងៃទី១១ ខែកុម្ភៈ ។
 
កីឡាករ Kiptum និងគ្រូបង្វឹក បានស្លាប់នៅនឹងកន្លែងកើតហេតុ ប៉ុន្តែស្ត្រីឈ្មោះ Sharon Kosgey បានរួចជីវិត ដោយរងរបួសធ្ងន់ធ្ងរ ហើយត្រូវបានបញ្ជូនទៅមន្ទីពេទ្យក្នុងតំបន់។
 
«យើងមានការភ្ញាក់ផ្អើល និងសោកស្តាយជាខ្លាំងដែលបានដឹងពីការបាត់បង់ជីវិតរបស់ Kelvin Kiptum និងគ្រូបង្វឹករបស់គាត់គឺលោក Gervais Hakizimana។ ក្នុងនាមជាស្ថាប័នគ្រប់គ្រងអត្តពលិកពិភពលោកទាំងអស់ យើងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតរបស់យើងទៅកាន់ក្រុមគ្រួសារ មិត្តភក្កិ មិត្តរួមក្រុម និងប្រជាជាតិកេនយ៉ាទាំងអស់។»។ នេះបើតាមការលើកឡើងរបស់លោក Sebastian Coe ប្រធានស្ថាប័នអត្តពលិកពិភពលោក (WA)។
 
កីឡាករ វ័យ ២៤ឆ្នាំ ដែលប្រើថេរវេលារត់ម៉ារ៉ាតុន លឿនបំផុត ត្រូវបានគេរំពឹងថា នឹងអាចក្លាយទៅជាបុរសដំបូងគេ ដែលអាចរត់បានដោយថេរវេលាតិចបំផុត ក្នុងការបង្ហាញខ្លួននៅព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៉ារីស នៅចុងឆ្នាំនេះ៕
 

Tag:
 ម៉ារ៉ាតុង
© រក្សាសិទ្ធិដោយ thmeythmey.com