RFI
អន្តរជាតិ
FMI៖ សង្គ្រាម​អុីស្រាអែល-ហាម៉ាស បង្កគ្រោះមហន្តរាយ​ធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច​ប៉ាឡេស្ទីន
12, Feb 2024 , 6:59 pm        
រូបភាព
ដោយ៖ហេង ឧត្តម/ /RFI ខេមរភាសា
 
ជម្លោះ​​រវាង​​អ៊ីស្រាអែលនិងក្រុម​ហាម៉ាស ​ប្រមាណជា៤ខែមកនេះ បា​នបង្កផលវិបាក​ធ្ងន់ធ្ងរ​ ទៅលើ​​សេដ្ឋកិច្ច​ប៉ាឡេស្ទីន នៅ​ក្នុង​​តំបន់​ស៊ីហ្ស័កដានី និង​តំបន់​ហ្សាហ្កា។​ នេះបើតាម​ មូលនិធិរូបិយវត្ថុ​អន្តរជាតិ​ ដោយ​​បញ្ជាក់ទៀត​ថា មានតែសន្តិភាពមួយ​គត់ដែល​អាច​ស្តារ​សេដ្ឋកិច្ច​ប៉ាឡេស្ទីន​។


លោកស្រី គ្រីស្តាលីណា ហ្សកជីវ៉ា អគ្គនាយិកាមូលនិធិរូបិយវត្ថុ​អន្តរជាតិ មាន​ប្រសាសន៍ នៅថ្ងៃអាទិត្យ​ទី១១កុម្ភៈ​ថា ឈរ​​លើទិដ្ឋភាពវិស័យ​​សេដ្ឋកិច្ច គឺ សង្គ្រាម​អ៊ីស្រាអែលនិងក្រុមហាម៉ាស ​​បាន​បង្កផលវិបាកខ្លាំង​ ចំពោះ​សេដ្ឋកិច្ចប៉ាឡេស្ទីន នៅក្នុងតំបន់ស៊ីហ្ស័កដានី និងតំបន់ហ្សាហ្កា។ ប្រសិន​បើ​ជម្លោះប្រដាប់​អាវុធចេះតែ​នៅបន្ត នោះ​​ប៉ាឡេស្ទីនមុខជា​ជួប​គ្រោះមហន្តរាយ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​ ជាក់ជាពុំខាន។ នេះបើតាម​ការ​បញ្ជាក់​របស់​ថ្នាក់ដឹកនាំ​មូលនិធិរូបិយវត្ថុ​អន្តរជាតិ នា​ឱកាស​ជំនួប​កំពូលសេដ្ឋកិច្ច​ នៃ​ពួក​ធុរជន និងអ្នក​​តំណាងរដ្ឋាភិបាល​ នៅឯព្រះរាជាណាចក្រ​អេមីរ៉ាត់​អារ៉ាប់​រួម ។ ជំនួប​​កំពូល​វិស័យ​សេដ្ឋកិច្ច​នេះ បាន​ចាប់ផ្តើមនៅរាជធានី​ឌូបៃ និងបន្ត​​ធ្វើ​រហូត​ នៅ​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២៤។ 
 
តាមរបាយការណ៍​របស់មូលនិធិរូបិយវត្ថុ​អន្តរជាតិ គឺ​ចាប់​ពី​ផ្ទុះប្រតិបត្តិការ​យោធា​នៅតំបន់​ហ្សាហ្កា គិតត្រឹម​ចន្លោះ​ពី​ខែតុលា​ដល់ខែធ្នូ ឆ្នាំ២០២៣ សកម្មភាព​សេដ្ឋកិច្ច​ ធ្លាក់​ចុះយ៉ាងគំហុក ​​៨០% បើធៀប​រយៈពេល​ដូចគ្នា ក្នុងឆ្នាំ២០២២។​ និយាយដោយឡែក​តែក្នុង​​តំបន់​ស៊ីហ្ស័កដានី សកម្មភាព​សេដ្ឋកិច្ច​ បាន​ធ្លាក់​ចុះ​២២%។​
 
សង្គ្រាម​រវាង​អ៊ីស្រាអែលនិងក្រុម​ហាម៉ាស​ ក៏​នាំ​ផល​វិបាក​ដល់​​វិស័យ​ទេសចរណ៍​នៅក្នុង​តំបន់​ និង​នៅក្នុង​ប្រទេស​ក្បែរ​ខាងដែរ។ ជាក់ស្តែង​​ វិស័យ​ទេសចរណ៍នៅ​​ ​អេហ្ស៊ីប និង​លីបង់។
 
ទន្ទឹម​នោះ ការ​វាយ​ប្រហារលើនាវា​​នៅ​សមុទ្រ​ក្រហម ពីសំណាក់​ពួក​ឧទ្ទាម​ហ៊ួទីយេម៉េន​ ដោយ​សំអាង​ថា​គាំទ្រ​ស្មារតី​​ក្រុមជនរងគ្រោះ​​ប៉ាឡេស្ទីន​ ក៏បាន​ធ្វើឲ្យ​សកម្មភាព​សេដ្ឋកិច្ច​ផ្លូវ​សមុទ្រ​ និងនាវាពាណិជ្ជកម្ម នៅ​តំបន់​សមុទ្រ​ក្រហម បាន​ធ្លាក់​ចុះ​៥០%។ នេះបើតាម​ទិន្នន័យ​ប្រកាសដោយ អគ្គនាយិកាមូលនិធិរូបិយវត្ថុ​អន្តរជាតិ។
 
សេដ្ឋកិច្ច​តំបន់​មជ្ឈិមបូព៌ានិង​អាហ្វ្រិក​ខាង​ជើង ត្រូវមូលនិធិរូបិយវត្ថុ​អន្តរជាតិ​ព្យាករថាមាន​កំណើនសេដ្ឋកិច្ច​ កើនទាប ព្រោះតែ​ ផល​វិបាក​នៃ​សង្គ្រាម​នៅ​ក្នុង​តំបន់​។ ពោលគឺ មាន​កំណើន​ទាប​ នៅក្នុង​រង្វង់​២,៩% ឆ្នាំ​២០២៤  ផ្ទុយ​ខុស​ពី​សន្ទស្សន៍​ព្យាករ​​សេដ្ឋកិច្ច  ឆ្នាំ២០២៣ ដែល​ឡើងខ្ពស់​ដល់ ៣,៤%។​
 
​បើតាមថ្នាក់ដឹកនាំមូលនិធិរូបិយវត្ថុ​អន្តរជាតិ, គឺមាន​តែមធ្យោបាយ​សន្តិភាព​ និង កែទម្រង់​នយោបាយ​ស៊ីជម្រៅ តែប៉ុណ្ណោះ ដែល​អាច​នឹង​ស្តារ​សេដ្ឋកិច្ច​ប៉ាឡេស្ទីននិងសេដ្ឋកិច្ច​តំបន់ឡើងវិញ​បាន​។
 
បើផ្អែកលើសមរភូមិជាក់ស្តែង សន្តិភាពទំនង​ជានៅឆ្ងាយ ដ្បិតថា ប្រមុខដឹកនាំ​អ៊ីស្រាអែល ប្រកាសនៅថ្ងៃទី​១០កុម្ភៈ​ អំពីការបន្ត​ប្រតិបត្តិការ​កម្ទេច​ពួក​ប្រដាប់​អាវុធ​ហាម៉ាស​ នៅ​ក្រុង​​ រ៉ាហ្វាហ៍ ដែល​ជា​ជម្រក​ចុងក្រោយ​ របស់​ប្រជាជន​ប៉ាឡេស្ទីន។  ​ប្រជាជន​ប៉ាឡេស្ទីន នៅទីនោះ​ មាន​ចំនួន​ ១ ៣០០ ០០០ នាក់ ដែល ​នាយករដ្ឋមន្ត្រីអ៊ីស្រាអែល អះអាង​ថា​ត្រូវ​ជម្លៀស​ចេញ​។

ផ្ទុយ​ទៅវិញ អាជ្ញាធរ​ហាម៉ាស​ លើកឡើង​ថា ការ​វាយប្រហារ​របស់អ៊ីស្រាអែល​ នៅ​ក្រុង​រ៉ាហ្វាហ៍ ច្បាស់ជា​សម្លាប់​មនុស្ស​រាប់​ពាន់​នាក់។ អាជ្ញាធរ​ហាម៉ាស​ ក៏ឲ្យ​ទិន្នន័យ​នៅថ្ងៃអាទិត្យ ទី​១១កុម្ភៈ ដោយ​បង្ហាញថា គ្រាន់តែ​២៤ម៉ោង​ចុងក្រោយ​ មា​នមនុស្សស្លាប់ ជាង ១១០នាក់​ ​៕

Tag:
 លោកស្រី គ្រីស្តាលីណា ហ្សកជីវ៉ា អគ្គនាយិកាមូលនិធិរូបិយវត្ថុអន្តរជាតិ ថ្លែងថា មានតែមធ្យោបាយសន្តិភាព និង កែទម្រង់នយោបាយស៊ីជម្រៅ តែប៉ុណ្ណោះ ដែលអាចនឹងស្តារសេដ្ឋកិច្ចប៉ាឡេស្ទីនឡើងវិញបាន។ AP - Markus Schreiber
© រក្សាសិទ្ធិដោយ thmeythmey.com